Connect with us

ព័ត៌មានជាតិ

អំឡុងពេលពលិកាផលិតផលថៃ កម្ពុជាធានាបានសន្តិសុខស្បៀង និងអធិបតេយ្យភាពស្បៀង

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ថា កម្ពុជាធានាបានមិនត្រឹមតែសន្តិសុខស្បៀង ក៏ប៉ុន្តែថែមទាំងអាចមាននូវអធិបតេយ្យភាពស្បៀងសម្រាប់ខ្លួនឯង ក្រោយពេលប្រជាពលរដ្ឋកម្ពុជាពហិកាឈប់ប្រើផលិតផលថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា អំឡុងពេលដែលមានការពលិកាលើផលិតផលថៃពេលនេះ ផលិតផលកសិកម្មនៅក្នុងស្រុក មិនមានការខ្វះខាតទេ ដោយកម្ពុជានៅតែរក្សា និងធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស រាប់ចាប់ពីអង្ករ ត្រី សាច់ និងបន្លែ ជាអាទិ៍។

ក្នុងបរិបទនេះ មិនត្រឹមតែសន្តិសុខស្បៀងទេ តែកម្ពុជាអាចនឹងឈានទៅដល់ការធានាបាននូវអធិបតេយ្យភាពស្បៀងផងដែរ។ នេះជាការអះអាងរបស់កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដែលមានន័យថា កម្ពុជាអាចរស់ដោយខ្លួនឯង ដោយមិនចាំបាច់ពឹងអ្នកណា ប្រសិនបើគ្មានការនាំចូលពីទីផ្សារខាងក្រៅ។

ផ្ដល់កិច្ចសម្ភាសដល់ក្រុមអ្នកសារព័ត៌មានក្នុងពេលដែលចុះទស្សនកិច្ចសិក្សានៅសិប្បកម្មកែច្នៃផលិតផលជលផល ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកញ្ញា មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ ក៏បានបង្ហាញនូវក្ដីរីករាយចំពោះពលរដ្ឋខ្មែរដែលបានងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ហើយរឿងពលិកាលើទំនិញរបស់ថៃ ជាមនោសញ្ចាតនាផ្ទាល់ខ្លួនឯងរបស់ពួកគាត់ ដែលមិនអាចហាមឃាត់ពួកគាត់បានទេ។

បើតាមកញ្ញា អ៊ឹម រចនា ការពហិកាមិន​ប្រើផលិតផល​ថៃពីសំណាក់ប្រជាជនខ្មែរមួយចំនួននេះ បានធ្វើឱ្យផលិតផលខ្មែរចាប់ផ្ដើម «ត្រូវប៉ាន់» ហើយការកម្មង់ទិញក៏កំពុងកើនឡើងគួរឱ្យកត់សម្គាល់ រហូត​ផលិត​ផលមួយចំនួនមិនអាចផ្គត់ផ្គង់ទាន់ពេលវេលា។

ប៉ុន្តែយ៉ាងនេះក្ដី កញ្ញាអនុរដ្ឋលេខាធិការ លើកឡើងថា ក្រសួងកសិកម្មនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពធ្វើយ៉ាងណាជួយដល់សហគ្រាស និងសិប្បកម្មកែច្នៃកសិផល និងផលជលផល ក្នុងការពង្រឹងផលិតកម្មផង និងជាពិសេសធានាគុណភាព សុវត្ថិភាពចំណីអាហារសម្រាប់អ្នកទទួលទានផង៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម