Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ពលរដ្ឋមានកាតព្វកិច្ចរក្សា ការពាររមណីយដ្ឋានប្រាសាទកោះកេរ ដើម្បពង្រឹងអត្តសញ្ញាណកម្ពុជាលើឆាកអន្តរជាតិ

បានផុស

នៅ

សម្ដេច ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ថា ប្រជាជនគ្រប់រូបមាន ភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយ ថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ តាមរយៈសាលិខិត ក្នុងឱកាសខួប២ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ក៏បានគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និង សត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទីី១៧ ខែកញ្ញា ឆ្នាំ២០២៣​ កន្លងទៅ។

សម្ដេច ហ៊ុន ម៉ាណែត វាយតម្លៃថា ការសម្រេច​ទទួលស្គាល់អតីតរាជធានីកោះកេរ កសាងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុង​សម័យអង្គរដ៏រុងរឿងបំផុតនៃអាណាចក្រខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រូប​បដិមា សិលាចារិក ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ បាន​បង្ហាញ​ពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិក្នុងឆាកអន្តរជាតិ ដែលកើត​ចេញ​ពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋា​ភិបា​ល​កម្ពុជា ក្រោមម្លប់នៃសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់​សម្ដេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ និងនាំមក​ជូន​ប្រជាជនកម្ពុជានូវភាពសុខដុមរមនា សម្រាប់ជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍ​ប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែលដ៏ឧត្ដុង្គឧត្តមពុំអាច​កាត់​ថ្លៃ​បានរបស់បុព្វបុរសយើងបន្សល់ទុកជូន អ្នកជំនាន់ក្រោយ។

តាមរយៈសារលិខិតដដែល  សម្ដេច ហ៊ុន ម៉ាណែត បានកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លាជាថ្មីម្ដងទៀត ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិនិងអន្តរជាតិ ដៃគូអន្តរជាតិ និងឥស្សរជនទាំងឡាយ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាព ប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារជម្នះគ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងរយៈពេល២ឆ្នាំ កន្លងទៅ មានជាអាទិ៍ការអភិរក្សនិងជួសជុលប្រាសាទបល្ល័ង្គជើង ប្រាសាទប្រាំ ប្រាសាទក្រហម ប្រាសាទគោកគ្រង និងការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យាសំខាន់ៗជាច្រើនទៀត ដើម្បីយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏អស្ចារ្យ នាសម័យនោះ។

គួរបញ្ជាក់ថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុង ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម