Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ក្ដៅឆេវ ពេលអ្នកកាសែតអូស្ត្រាលី ជជីកសួរទ្រព្យសម្បត្តិផ្ទាល់ខ្លួន

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១៧ ខែកញ្ញា បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើវាលស្មៅសេតវិមាន មុនពេលចាកចេញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចក្រភពអង់គ្លេស ស្របពេលដែលនិពន្ធនាយកប្រចាំក្រុមហ៊ុន Australian Broadcasting Corporation Americas លោក John Lyons បានសួរថា តើលោកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា ចាប់តាំងពីការវិលត្រឡប់មកធ្វើជាប្រធានាធិបតីក្នុងខែមករាឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកត្រាំចោទប្រកាន់អ្នកកាសែត ABC ថា ធ្វើឲ្យអូស្ត្រាលីឈឺចាប់ (រូបភាព៖ABC)

យោងតាម Independent បានគូសបញ្ចាក់ថា សំណួរមួយនេះបានបង្កឲ្យមានការផ្លាស់ប្តូរយ៉ាងក្តៅគគុកក្នុងអំឡុងពេលដែលលោកត្រាំ រៀបនឹងបរិយាយអំពីជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Antony Albanese ដែលទំនងជានៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នាសប្តាហ៍ក្រោយ។

ដោយមិនបង្អង់យូរ ប្រធានាធិបតីវ័យ៧៩ឆ្នាំបានឆ្លើយតបវិញថា គាត់មិនដឹងថា រាល់ថ្ងៃនេះខ្លួនមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណានោះទេ ចាប់តាំងពីឡើងកាន់អំណាចមក។ លោកបាននិយាយសង្កត់ធ្ងន់នៅចំពោះអ្នកកាសែតគ្រប់គ្នាថា កូនៗ​របស់​លោក​បាន​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារទាំងអស់។ ប៉ុន្តែកិច្ចព្រមព្រៀងភាគច្រើនដែលលោកបានធ្វើ គឺត្រូវបានធ្វើឡើងពីមុន ដូចជាបាន​សាង​សង់​អគារធំៗជាដើម។

ទោះជាយ៉ាងនេះក្ដី នៅពេលដឹងថាលោក Lyons មកពីប្រទេសអូស្ត្រាលី ត្រាំបាននិយាយថា «តាមគំនិតរបស់ខ្ញុំ អ្នកកំពុងធ្វើឲ្យអូស្ត្រាលីឈឺចាប់ខ្លាំងណាស់នៅពេលនេះ។ ពួកគេចង់ចុះសម្រុងជាមួយខ្ញុំណាស់! អ្នកដឹងទេ អ្នកដឹកនាំរបស់អ្នកនឹងមកជួបខ្ញុំឆាប់ៗនេះ។ ខ្ញុំនឹងប្រាប់គាត់អំពីអ្នក ព្រោះអ្នកបានបញ្ចេញសម្លេងអាក្រក់ដល់អាមេរិក»។

មិនតែប៉ុណ្ណោះ លោកត្រាំក៏បានបញ្ចេញកាយវិការទាំងចិត្តក្ដៅឆេវ ដោយដាក់ចង្អុលដៃលើមាត់ក្នុងន័យឲ្យអ្នកកាសែតជនជាតិអូស្ត្រាលីនោះស្ងាត់ស្ងៀម បន្ទាប់ពីលោ​ក Lyons ព្យាយាមសួរសំណួរដែលជជីកកកាយអំពីជីវិតឯកជនរបសលោក។

គួរបញ្ចាក់ដែរថា នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ស្វែងរក​ជំនួប​ជាមួយ​លោកត្រាំអស់​រយៈពេល​ជាច្រើន​ខែ។ ពួកគេត្រូវបានគេរំពឹងថា នឹងជួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅខែមិថុនា ប៉ុន្តែកិច្ចប្រជុំត្រូវបានលុបចោលនៅនាទីចុងក្រោយ នៅពេលដែលប្រធានាធិបតីអាមេរិក បានវិលត្រឡប់មកផ្ទះវិញភ្លាមៗ។ ក្រោយមក ទើបប្រទេសទាំងពីរបានសម្រេចលើកពេលជួបគ្នានៅញូវយ៉កសប្តាហ៍នេះតេម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មរណភាពជំនិតលោកត្រាំ ក្លាយជាវេទិកាវាយប្រហារគ្នា រវាងតារាអាមេរិក និង កូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម