Connect with us

នយោបាយ

បារាំងយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ និងបន្តតាមដានជាប្រចាំចំពោះការអនុវត្តបទឈប់បាញ់

បានផុស

នៅ

លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាថា បារាំងយកចិត្តទុកខ្លាំងណាស់ និងបន្តតាមដានជាប់ជាប្រចាំចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកទូតថ្មីបារាំងគូសបញ្ជាក់បែបនេះនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែននៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់របស់លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំកម្ពុជានេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ​ ដែលមកដល់ពេលនេះស្ថិតក្នុងស្ថានភាពតានតឹងនៅឡើយ បើទោះបីមានបទឈប់បាញ់ក៏ដោយ។ សម្តេចតេជោ តាមរយៈឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំកម្ពុជា បានស្នើឱ្យបារាំង យកចិត្តទុកដាក់បន្ថែមទៀតក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា និងថៃ ជាពិសេស គឺការជំរុញឱ្យភាគីទាំងពីរអនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ។ នេះបើតាមការបង្ហាញឱ្យដឹងពីលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងថា៖ «បទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជាចង់ឃើញ ចង់បាននោះ គឺមិនចង់ឱ្យបារាំងទៅថ្កោលទោសប្រទេសណាទេ ក៏ប៉ុន្តែ គ្រាន់តែបារាំងខិតខំជំរុញឱ្យភាគីទាំងពីរមានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងវិលមករកប្រក្រតីភាពឡើងវិញ»។ ចំពោះបញ្ហានេះ លោក អូលីវែរ រីឆាត (Olivier RICHARD) បានឆ្លើយតបជម្រាបទៅសម្តេចតេជោវិញថា៖ «បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះ ដោយបារាំង នឹងបន្តតាមដានជាប្រចាំ»។

ក្រៅពីជជែកពិភាក្សាពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នេះ សម្តេចតេជោ ហ៊ុន សែន និងលោក អូលីវែរ រីឆាត (Olivier RICHARD) ក៏បានពិភាក្សាពីបញ្ហាទំនាក់ទំនទ្វេភាគីកម្ពុជា-បារាំងផងដែរ។ សម្តេចតេជោ បានលើកឡើងថា ការអញ្ជើញមកកាន់ប្រទេសកម្ពុជាឆាប់រហ័សរបស់លោក អូលីវែរ រីឆាត ក្នុងឋានៈជាឯកអគ្គរដ្ឋទូតថ្មីក្រោយពីឯកអគ្គរដ្ឋទូតចាស់បានចប់បេសកកម្ម គឺជាការបង្ហាញយ៉ាងច្បាស់អំពីការផ្តល់តម្លៃរបស់បារាំងចំពោះទំនាក់ទំនងរវាងកម្ពុជា និងបារាំង ហើយសម្តេចតេជោសង្ឃឹមថា វត្តមានរបស់ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្តទៀត ។

ចំណែក លោកឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងវិញ បានបង្ហាញក្តីរីករាយដែលឃើញទំនាក់ទំនងរវាងកម្ពុជា និងបារាំង មានភាពល្អប្រសើរ និងភាពរីកចម្រើនជាបន្តបន្ទាប់។ លោក អូលីវែរ រីឆាត ក៏បានជម្រាបសម្តេចតេជោពីការត្រៀមខ្លួនរបស់លោកក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជានៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយលោកសង្ឃឹមថា វត្តមានរបស់លោកប្រធានាធិបតីបារាំង នៅកម្ពុជានាពេលខាងមុខនេះ នឹងញ៉ាំងឱ្យទំនាក់ទំនងកម្ពុជា-បារាំង កាន់តែរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីពេញចិត្ត ហើយក៏ត្រៀមដើម្បីទទួលនូវវត្តមានរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដោយសម្តេចបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើន និងការវិវត្តជាបន្តបន្ទាប់។ សម្តេចតេជោ ក៏បានរំលេចអំពីការដឹងគុណរបស់កម្ពុជា ចំពោះការជួយជ្រោមជ្រែងរបស់បារាំងនាពេលកន្លងមក ក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ការជួយដល់វិស័យកៅស៊ូដំបូងគេ ការជួយដល់វិស័យទឹកស្អាតជាដើម ព្រមទាំងការបណ្តុះបណ្តាលនៅធនធានមនុស្សកម្ពុជាផងដែរ ។ បន្ថែមលើនេះ សម្តេចតេជោ ក៏បានរំលេចឱ្យភាគីទាំងពីរ បារាំង និងកម្ពុជា ត្រូវធ្វើការងារបន្ថែមទៀតក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយគ្នា ឱ្យកាន់តែរីកចម្រើនជាងពេលបច្ចុប្បន្ន ដោយសម្តេចចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើង ។ ចំពោះបញ្ហានេះ លោក អូលីវែរ រីឆាត ឆ្លើយតបដោយបានរំលេចនូវសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងកាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម