Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកតាំងគោក

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ ២០២៥ ក្រុម​វេជ្ជបណ្ឌិត​មកពី​សហរដ្ឋអាមេរិក​របស់​អង្គការ Medical Mission Outreach តាមរយៈ​លោក ហ្វីលីព កាស្ត្រូ ជា​ប្រធាន​អង្គការ ប៊ីលេគ អភិវឌ្ឍន៍​សហគមន៍​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា សហការ​ជាមួយ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​បារាយណ៍​-​សន្ទុក បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​តាំងគោក ខេត្ត​កំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​តាំងគោក លោក ហ្វីលីព កាស្ត្រូ លើក​ឡើង​ថា ការ​ចុះ​ពិនិត្យ និង​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ នៃ​ប្រទេស​សហរដ្ឋអាមេរិក នា​ពេល​នេះ ឈរ​លើ​ការ​លើក​កម្ពស់​សុខភាព​សាធារណៈ ភាព​ជា​ដៃគូ​ក្នុង​ការ​លើកកម្ពស់​សុខភាព​ពលរដ្ឋ និង​គាំទ្រ​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។ សកម្មភាព​របស់​ក្រុម​វេជ្ជបណ្ឌិត បាន​ធ្វើការ​ពិនិត្យ និង​ព្យាបាល ជូន​ពលរដ្ឋ​ទូទៅ ដោយ​ធ្វើ​ជាច្រើន​ប្រទេស​មិន​សម្រាប់​តែ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​រូបលោក​ចាប់អារម្មណ៍ ព្រមទាំង​ចង់​ជួយ​ពលរដ្ឋ​កម្ពុជា។ ក្នុងនាម​ប្រធាន​អង្គការ ប៊ី​លេគ អភិវឌ្ឍន៍​សហគមន៍​អន្តរជាតិ នឹង​អញ្ជើញ​ក្រុម​គ្រូពេទ្យ​ដែល​ជា​មិត្តភ័ក្ដិ​បរទេស​របស់​លោក​ចំនួន ២ ក្រុម ផ្សេងទៀត មក​ពិនិត្យ​ព្យាបាល​នៅ​អំឡុង​ខែ​មករា ឆ្នាំ ២០២៦ ម្តង​ទៀត។

ដោយឡែក លោក ហាក់ ម៉ុងហួត អភិបាល​ស្រុក​តាំងគោក បាន​ថ្លែងអំណរគុណ​ដល់ លោក ហ្វីលីព កាស្ត្រូ ដែល​លោក​តែងតែ​កៀរគរ​សប្បុរសជន​ចូលរួម​អភិវឌ្ឍន៍​ជាមួយ​អាជ្ញាធរ​ស្រុក ជា​ពិសេស​កៀរគរ​មិត្តភ័ក្ដិ ក្រុម​គ្រូពេទ្យ មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ពេលនេះ។ សកម្មភាព​ទាំងនេះ ជា​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​និង​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ជួយ​សម្រួល​នូវ​បន្ទុក​សេវា​ចំណាយ​របស់​ពួកគាត់​បាន​មួយ​កម្រិត។

លោក​បន្ត​ថា រាជរដ្ឋាភិបាល បាន និង​កំពុង​ពង្រឹង​បន្ថែម​ទៀត​លើ​ការ​បម្រើ​សេវា​សាធារណៈ រួម​ជាមួយ​វិស័យ​សុខាភិបាល​ផង​ដែរ ដែល​ធ្វើការ​បង្ខិត​សេវា​ទាំងអស់​ឲ្យ​នៅ​ជិត​ប្រជាពលរដ្ឋ​កាន់តែ​មាន​ប្រសិទ្ធភាព។

ជាមួយ​នេះ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​ទៅ​រក​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ព្រោះ​វា​អាច​កាត់បន្ថយ។ ម្យ៉ាងទៀត តាម​មណ្ឌល​សុខភាព​មាន​សម្ភារៈ​គ្រប់គ្រាន់ មាន​ថ្នាំ​ល្អៗ និង​ក្រុម​គ្រូពេទ្យ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ។

គួរ​បញ្ជាក់​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​មាន​រយៈពេល ១ ថ្ងៃ​ពេញ គឺ ចាប់ពី​វេលា​ម៉ោង ៨ និង ០០ នាទី​ព្រឹក រហូតដល់​ម៉ោង ៥ និង ០០ នាទី​ល្ងាច ដោយ​ក្រុម​គ្រូពេទ្យ​អាមេរិក ចំនួន ៦០ នាក់ ពេទ្យ​ឯកទេស ៣០ នាក់ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​សរុប ៤៣៣ នាក់ ជំងឺ​ទូទៅ ២៥៤ នាក់ លើ​ជំងឺ​ភ្នែក ១៥៤ នាក់ ព្រមទាំង​ជំងឺ​មាត់​ធ្មេញ ២៥ នាក់ ផង​ដែរ៕

អត្ថបទ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម