ពិធីសែនដកជើងធូប ឬបុណ្យសែនអរគុណទេវតា ត្រូវបានប្រជាជនចិន ឬកូនខ្មែរកាត់ចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិនរយៈពេល ៥ ថ្ងៃទៅ ៦ ថ្ងៃ។
ដោយឡែកឆ្នាំនេះដែរ ពិធីដកជើងធូប នឹងត្រូវធ្វើឡើងចំថ្ងៃ ២៦ មករា ឆ្នាំ ២០២២។ ក្នុងនោះ កូនខ្មែរដែលជាប់ស្រឡាយចិន គួរដឹងឲ្យច្បាស់ មុននឹងធ្វើពិធីសែនដកជើងធូប អញ្ជើញទេវតាទៅកាន់ទីឋានខាងលើ។ បើធ្វើមិនត្រឹមត្រូវតាមក្បួនខ្នាត នឹងមានគ្រោះអាក្រក់តាមយាយី ឬគ្រួសារពុំអាចជួបសេចក្ដីសុខបានឡើយ។
១ ម៉ោងសែន ត្រឹមត្រូវតាមធាតុនៃទិសមុខផ្ទះរបស់អ្នក
សែននៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ ម៉ោងសែនល្អ
-ផ្ទះបែរទៅកើត សែនម៉ោង ០៦:៥១នាទីព្រឹក
-ផ្ទះបែរកើត/ត្បូង សែនម៉ោង ០៦:៥១នាទីព្រឹក
-ផ្ទះបែរកើត/ជើង សែនម៉ោង ០៧:១៤នាទីព្រឹក
-ផ្ទះបែរលិច/ត្បូង សែនម៉ោង ០៧:១៤នាទីព្រឹក
-ផ្ទះបែរលិច/ជើង សែនម៉ោង ០៧:១១នាទីព្រឹក
២ គ្រឿងសែន
សែនទេវតាមុខផ្ទះមានដូចជា៖ តែក្ដៅ ៣កែវ, ស្រាស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស ) ,សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព,ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក ),ស្ករគ្រាប់ ១ កូនចាន,ទៀនក្រហម ១ គូ ,អុចធូបម្នាក់ ៣ សរសៃរ,ក្រដាសសែន ទេវតាមុខផ្ទះពិសេស ១ ឈុត
សែនទេវតាជំនាងផ្ទះមានដូចជា៖ តែក្ដៅ ៥ កែវ, ស្រាស ៥ កែវ , សាស៊ែ ១ ឈុត (មាន់ស្ងោរ , សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព, ជ្រូកខ្វៃ ១ក្បាល ( បើមានលទ្ធភាព ហាមជ្រូកកណ្ដុរ ឬជ្រូកប្រលាក់គ្រឿងហិលៗ) , ផ្លែឈើ ៥ មុខ ( ប៉ោម សារី ក្រូចខ្វិច ស្រកានាគ និងចេក ) , ស្ករគ្រាប់ ១ កូនចាន , ទៀនក្រហម ១ គូ (អាចប្រើទៀនចាស់ដែលនៅសល់បាន) , ធូបម្នាក់៥ សសៃរ , ឈុតក្រដាសសែនជំនាងផ្ទះពិសេស ។
ទេវតាចង្ក្រានមានដូចជា៖ តែក្ដៅ ៣ កែវ , ស្រាស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស ), សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព, ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក ), ស្ករគ្រាប់ ១ កូនចាន, ទៀនក្រហម ១ គូ , អុចធូបម្នាក់ ៣ សរសៃរ , ក្រដាសសែនទេវតាចង្ក្រាន ពិសេស ១ឈុត , កន្លែងទេវតាផ្សេងៗ ដូចជា កុងម៉ា ទេវតាគួនកុង ទេវតាព្រះម៉ែ, តែក្ដៅ ៣ កែវ , ស្រាស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស ), សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព, ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក ), ស្ករគ្រាប់ ១ កូនចាន, ទៀនក្រហម ១ គូ , អុចធូបម្នាក់៣ សរសៃ, ពេលវេលាចាប់ផ្ដើមសំអាត និងដកជើងធូប គឺម៉ោងណាក៏បានដែរ កុំឲ្យហួសថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ គឺជារឿងល្អបំផុត។
៣ ការសំអាតគឺចាប់ផ្ដើមសំអាតពីទីតាំងខាងក្រោម
ទីតាំងទី១ ៖ ទេវតាមុខផ្ទះ
ទីតាំងទី២ ៖ ទេវតាយាមផ្ទះ
ទីតាំងទី៣ ៖ ទេវតាជំនាងផ្ទះ
ទីតាំងទី៤ ៖ កន្លែងកុងម៉ា កន្លែងទេវតាផ្សេងៗ
ទីតាំងទី៥ ៖ ទេវតាចង្ក្រាន
គ្រឿងដែលត្រូវប្ដូរចេញ
១ ផេះក្នុងកំប៉ុងជើងធូប ដំបូងត្រូវដកជើងធូប ៣សសៃរ ដែលអ្នកគិតថាស្អាតជាងគេ ទុកមួយកន្លែង លើកលែងតែកន្លែងជំនាងផ្ទះមួយគត់ ដែលត្រូវដក៥ សសៃរទុក។ បន្ទាប់មកដកជើងធូបទាំងអស់ចេញមក ដាក់ថង់ធំមួយ ហើយចាក់ផេះក្នុងកំប៉ុងជើងធូបចេញ ទុកប្រហែលជា១០ភាគរយ នៃផេះចាស់នៅបាតកំប៉ុង យកលុយមួយសន្លឹក (ក្រដាសប៉ុន្មានក៏បានដែរ) បត់ឲ្យតូចជាបួនជ្រុង ដាក់ចូលក្នុងកំប៉ុង ចាក់គ្រាប់ពូជចូលក្នុងកំប៉ុង ចាក់ផេះថ្មីចូល (ជាផេះ មិនមែនប្រភេទខ្សច់ទេ ក៏មិនជាប្រភេទកំទេចថ្មអ្វីដែរ គឺជាផេះតែម្ដង) ចាក់បំពេញកំប៉ុងប្រហែល៩០ភាគរយសល់១០ភាគរយយកផេះមាសចាក់បំពេញពីលើ ជូតកំប៉ុងឲ្យស្អាត ភ្លឺល្អ ឲ្យពេញចិត្តរបស់អ្នកហើយ យកជើងធូបដែលដកទុកតាំងពីដើមមកនោះ ដោតឲ្យចំកណ្ដាលជាស្រេច។
២ គីម ហួយ នេះ ផ្ទះបងប្អូនយើងខ្លះមានដាក់ ខ្លះមិនមានដាក់ទេ គឺមិនចោទជាបញ្ហាអ្វីនោះទេ គីមហួយ ត្រូវដូរថ្មីដូចគ្នា តែយើងត្រូវមើលគ្រាប់បាល់នៃគីមហួយនោះ មានប៉ុន្មានគ្រាប់ ដូរថ្មីមិនត្រូវតិចជាងចំនួនគ្រាប់បាល់ចាស់នោះទេ អាចស្នើចាស់ ឬច្រើនជាងហ្នឹង។
៣ កំណល់ជើងធូប ឬ កំណល់លោកតា ផ្ទះអ្នកខ្លះអាចមានដាក់ ផ្ទះខ្លះអត់មានដាក់ទេ តែបើអាចដាក់បាន គឺល្អខ្លាំង កំណល់ជើងធូបត្រូវរាបស្នើ មិនត្រូវមានខ្ពស់ទាបនោះទេ ពេលបងប្អូនទៅរកទិញនៅផ្សារ ប្រាប់គេថាយកកំណល់ជើងធូប ឬកំណល់ទេវតា ប្រភេទធម្មតាៗ។ បញ្ជាក់បន្តិច កំណល់ជើងធូបមិនត្រូវខ្ពស់ជាង កំណល់រូបសំណាក់ទេវតា តែអាចដាក់ស្នើគ្នាបាន។
៤ អំពូលក្រហម ឬអំពូលម្ទេស បើដាច់ត្រូវដូរចេញ តែបើមានលទ្ធភាពសូមដូរថ្មីទាំងអស់តែម្ដងទៅ ទោះបីអំពូលនោះមិនដាច់ ក៏ពន្លឺមិនសូវភ្លឺដែរ ដូរចេញទាំងអស់ភ្លឺស្អាត ឆ្នាំថ្មីអាចជួបហេង ជួបមនុស្សល្អៗជាច្រើន។
គ្រឿងដែលដោះដូរខាងលើ និងជើងធូបចាស់ៗ លើកលែងតែអំពូលក្រហម ឬអំពូលម្ទេស ក្នុងឆ្នាំ ២០២២ នេះ លោកគ្រូមិនលើកទឹកចិត្តឲ្យយកទៅចោលនៅក្នុងទឹកទន្លេនោះទេ ក្នុងឆ្នាំ ២០២២ នេះ គឺត្រូវដុតដោយភ្លើង ដោយដុតនៅចន្លោះម៉ោង ៦៖៤៦យប់ ដល់ម៉ោង ៧៖៣៥នាទី។
ចាប់ពីថ្ងៃសែនដកជើងធូបនេះ រហូតដល់ថ្ងៃសែនចូលឆ្នាំចិន មិនចាំបាច់អុចធូបទេនោះ ព្រោះមិនមានទេវតាស្នាក់នៅទេ គឺទេវតាឡើងឋានសួគ៌អស់តាំងពីពេលអស់ធូបម៉្លេះ។ គ្រឿងសំណែនដែលសែននោះ ក៏អាចលើកឡើងបានដូចគ្នា មិនបាច់ទុកនោះទេ៕
គ្រូ ណុប
ប្រភព៖ហុងស៊ុយ
ចុចអាន៖ប្រវត្តិយូរលង់ នៃការសែនដកជើងធូប តាមជំនឿហុងស៊ុយ ចិន
ចុចអាន៖វក ម្សាញ់ កុរ និង ខាល ឡាក់ឆុងឆ្នាំ ២០២២ ប្រញាប់កាត់គ្រោះសែនផ្តាច់ឆ្នាំ យកលាភសំណាងមកវិញ