ព័ត៌មានអន្ដរជាតិ
ចិនចោទអាមេរិកថាលាក់ពុត ដែលធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មតានតឹងជាថ្មី
ប្រទេសចិនកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់សហរដ្ឋអាមេរិកថាលាក់ពុតដោយប្រើ «បែបផែនស្ដង់ដារ២» ចំពោះការដាក់ពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន ដែលធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២ កើនកម្ដៅជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងកាសែតរដ្ឋចិន Global Times។

ការបន្ថែមពន្ធ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រ ធ្វើឡើង ១ ថ្ងៃក្រោយរដ្ឋាភិបាលក្រុងប៉េកាំង បានចេញនូវវិធានការរឹតត្បឹតថ្មីលើការនាំចេញរ៉ែកម្រ។ វិធានការថ្មីរបស់ប្រទេសទាំង២ ចូលជាធរមាននៅថ្ងៃទី ១ វិច្ឆិកា។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដ៏វែងថា ការដាក់ចេញនូវវិធានការរឹតត្បឹតការនាំចេញរ៉ែកម្រ ធ្វើឡើងក្រោយអាមេរិកចេញវិធានការផ្សេងៗកំណត់លើគោលដៅចិនជាបន្តបន្ទាប់ ក្រោយពីកិច្ចប្រជុំទ្វេភាគី នៅប្រទេសអាស្ប៉ាញ កាលពីខែកញ្ញា។ ក្នុងនោះ ក្រសួងបានលើកឡើងថា អាមេរិកបានបន្ថែមក្រុមហ៊ុនចិនទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ហើយថែមទាំងបានកំណត់ថ្លៃកំពង់ផែសម្រាប់នាវាដែលជាប់ទាក់ទងចិនផងដែរ។
ក្រសួងពាណិជ្ជកម្មបាននិយាយយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកបង្ហាញពីការអនុវត្ត «ស្ដង់ដារ ២ ដដែលៗ» ហើយ «សកម្មភាពរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ប្រទេសចិន បរិយាកាសនៃកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងសន្តិសុខ និងស្ថិរភាពនៃបណ្តាញឧស្សាហកម្ម និងការផ្គត់ផ្គង់សកល។ ចិនត្រូវប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងនោះ»។
ចិនមិនបាននិយាយថា ការរឹតត្បឹតរ៉ែកម្ររបស់ខ្លួន ធ្វើឡើងដើម្បីសងសឹកអាមេរិកនោះទេ ប៉ុន្តែថា វាធ្វើឡើងក្រោមហេតុផលសន្ដិជាតិ ជាពិសេសក្ដីបារម្ភដែលថា រ៉ែកម្ររបស់ចិនត្រូវបានប្រើប្រាស់ក្នុងទំនើបកម្មយោធារបស់ប្រទេសដទៃ ខណៈបច្ចុប្បន្ន ពិភពលោកជួបនូវ «ជម្លោះយោធាជាញឹកញាប់»។ ក្រសួងបញ្ជាក់ផងដែរថា ការរឹតត្បឹតរបស់ខ្លួន មិនមែនជាការហាមឃាត់ទេ ដោយចិននៅតែផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដែលយករ៉ែកម្រចិនសម្រាប់គោលបំណងស៊ីវិល។
ក្រសួងពាណិជ្ជកម្មចិន ក៏បានច្រានចោលផងដែរនូវការចោទប្រកាន់របស់លោក ត្រាំ កាលពីថ្ងៃសុក្រដែលថា ចិន ដែលកាន់តែ «អរិភាពទៅៗ» កំពុងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងវិស័យរ៉ែកម្រ ដើម្បីវាយប្រហារប្រទេសដទៃ រួមទាំងសហរដ្ឋអាមេរិក។
គួរសម្គាល់់ថា ចិនក្ដោបក្ដាប់ ៧០ ភាគរយ នៃការទាញយក និង ៩០ ភាគរយ នៃការចម្រាញ់រ៉ែកម្រទូទាំងពិភពលោក ខណៈរ៉ែកម្របានក្លាយជាប្រធានបទស្នូលមួយក្នុងការចរចាពាណិជ្ជកម្មអាមេរិក-ចិន ដែលមិនទាន់សម្រេចបានជាដុំកំភួនលើការព្រមព្រៀងរយៈពេលវែងណាមួយ។

ចិនបានចាប់ផ្ដើមរឹតត្បឹតលើការនាំចេញរ៉ែកម្រសំខាន់ៗ ដែលគេប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យាធំៗ រួមទាំងរថយន្តអគ្គិសនី ប្រព័ន្ធរ៉ាដា និងម៉ាស៊ីនយន្តហោះ កាលពីដើមឆ្នាំនេះ ក្រោយលោក ត្រាំ បានប្រកាសដាក់ពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសចិន។ ចំណាត់ការរបស់ចិនបានបង្កការរំខានផលិតកម្មជាច្រើន ដែលពឹងផ្អែកលើរ៉ែកម្រពីចិន ទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
ជាថ្មីម្ដងទៀតកាលពីថ្ងៃព្រហស្បតិ៍ ចិនបានដាក់ការរឹតត្បឹតថ្មីលើការនាំចេញណាមួយ ដែលពាក់ព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ក្នុងវិស័យរ៉ែកម្រចិន រួមទាំងបច្ចេកវិទ្យាទាញយក និងកែច្នៃជាដើម។ បទប្បញ្ញត្តិដែលប្រកាសដោយក្រសួងពាណិជ្ជកម្មតម្រូវឱ្យក្រុមហ៊ុនបរទេស ឬអ្នកនាំចេញ មានអាជ្ញាប័ណ្ណពិសេសសម្រាប់ការនាំចេញវត្ថុផ្សេងៗប្រើរ៉ែកម្រពីប្រទេសចិន។
ចិនក៏ដាក់បញ្ជូលរ៉ែកម្រ ៥ មុខ ទៀត ទៅក្នុងបញ្ជីរឹតត្បឹតដែលខ្លួនដាក់ចេញនៅខែមេសាផងដែរ។ រ៉ែកម្រលើពិភពលោកមានតែ ១៧ មុខប៉ុណ្ណោះ ហើយពេលនេះ ចិនកម្រិតការនាំចេញ ១២ មុខ ហើយ។
មែនទែនទៅ វិធានការរបស់លោក ត្រាំ និងចិន ចុងក្រោយ គឺជាការបន្តនៃភាពតានតឹងពាណិជ្ជកម្មសកល ដែលផ្ទុះឡើងជាថ្មី ក្រោយលោក ត្រាំ បានប្រកាសពន្ធលើចិន និងពន្ធបដិការនៅមុន និងដើមខែមេសា ក្រោយលោកឡើងកាន់អំណាចនៅចុងខែមករា។
ក្រៅតែពន្ធថ្មីលើចិន លោក ត្រាំ ក៏បានប្រកាសផងដែរថា អាមេរិកនឹង «ដាក់ការរឹតត្បឹតការនាំចេញលើគ្រប់ស៊ុសវែរទាំងអស់» ចាប់ពីថ្ងៃទី ១ វិច្ឆិកា ទទៅ។
បើមែនទែនទៅ វិធានការរឹតត្បឹតពាណិជ្ជកម្ម គឺជាផ្នែកមួយនៃសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ជាយូរណាស់មកហើយ។
កន្លងមក សហរដ្ឋអាមេរិកបានរឹតត្បឹតការនាំចេញបច្ចេកវិទ្យាទំនើបៗ រួមទាំងបន្ទះឈីបសំខាន់ៗ ទៅកាន់ចិន ក្រោមហេតុផលសន្តិសុខជាតិ និងដើម្បីទប់ស្កាត់ទំនើបកម្មយោធារបស់ប្រទេសនេះ។ ក្រោមហេតុផលនេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃអាទិត្យថា ការលើកឡើងរបស់លោក ត្រាំ ឆ្លុះបញ្ចាំងពី «ស្ដង់ដារ២» របស់សហរដ្ឋអាមេរិក។
ទោះបីបែបណាក៏ដោយ ចិនប្រកាន់់ជំហរថា ខ្លួនមិនចង់បានសង្រ្គាមពាណិជ្ជកម្មនោះទេ ប៉ុន្តែ «យើងក៏មិនខ្លាចវាដែរ»៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៩ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


