ព័ត៌មានអន្ដរជាតិ
ត្រាំ និង ស៊ី ចាប់ផ្ដើមជំនួបនៅកូរ៉េខាងត្បូង ដោយបញ្ហាពាណិជ្ជកម្មស្ថិតក្នុងរបៀបវារៈសំខាន់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង បានចាប់ដៃគ្នាចាប់ផ្ដើមជំនួបប្រជុំនៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចទាំង២ស្ថិតនៅក្នុងរបៀបវារៈសំខាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិផ្សេងៗ រួមទាំងរ៉យទ័រ។

បើតាមរ៉យទ័រ ការរឹតត្បឹតការនាំចេញរ៉ែកម្រ និងបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដែលជាស្នូលមួយនៃបញ្ហាពាណិជ្ជកម្ម ស្ថិតនៅក្នុងចំណោមប្រធានបទសំខាន់ៗ ដែលមេដឹកនាំទាំង២ នឹងពិភាក្សាចរចាគ្នា។ សម្រាប់លោក ត្រាំ ការទិញសណ្ដែកសៀងអាមេរិក និងការដោះស្រាយបញ្ហាលំហូរថ្នាំញៀនហ្វេនតានីលពីភាគីចិន ក៏ជាប្រធានបទធំៗផងដែរ។
លោក ត្រាំ និងលោក ស៊ី បានជួបគ្នាដោយផ្ទាល់ចុងក្រោយកាលពីលើកមុន ក្នុងអំឡុងកិច្ចប្រជុំនៃប្រទេស G20 ឆ្នាំ ២០១៩។ ពេលជួបលោក ស៊ី ជាថ្មីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ត្រាំ បានថ្លែងយ៉ាងដូច្នេះថា៖ «វាជាកិត្តិយសដ៏អស្ចារ្យមួយដែលជួបមិត្តរបស់ខ្ញុំម្នាក់។ ខានជួបគ្នាយូរហើយ បើគិតទៅ»។
ប្រធានាធិបតីអាមេរិកដដែល បន្តថា៖ «យើងបានព្រមគ្នាលើបញ្ហាជាច្រើនរួចហើយ ហើយយើងនឹងយល់ព្រមលើបញ្ហាមួយចំនួនទៀតឥឡូវនេះ»។ លោកបាននិយាយទៅកាន់លោក ស៊ី យ៉ាងដូច្នេះថា៖ «វាជាកិត្តិយសមួយដែលអ្នកឈរនៅទីនេះជាមួយយើង សូមអរគុណច្រើន»។

ថ្លែងពេលបើកកិច្ចប្រជុំ លោក ស៊ី ឯណោះវិញបានឱ្យដឹងថា លោក និងប្រធានាធិបតី ត្រាំ បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមទាំងការសន្ទនាតាមទូរស័ព្ទចំនួន ៣ លើក ដើម្បីរក្សាទំនាក់ទំនងឱ្យមានស្ថិរភាព។
លោក ស៊ី ថ្លែងយ៉ាងដូច្នេះថា៖ «កាលពីប៉ុន្មានថ្ងៃមុន ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់យើងរៀងៗខ្លួន បានរៀបចំការពិគ្រោះយោបល់ជុំថ្មីមួយនៅទីក្រុងគូឡាឡាំពួរ (ម៉ាឡេស៊ី) ដោយឈានដល់ការឯកភាពគ្នាជាមូលដ្ឋានលើការដោះស្រាយកង្វល់ចម្បងបដិការនាពេលបច្ចុប្បន្ន ដោយសម្រេចបាននូវមូលដ្ឋានគ្រឹះចាំបាច់សម្រាប់កិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ»។
ប្រធានាធិបតីចិន ដដែលបានបន្តយ៉ាងដូច្នេះថា៖ «ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២របស់ពិភពលោក ការប៉ះទង្គិចគ្នាម្តងម្កាលក៏ជារឿងធម្មតាដែរ។ ពេលជួបព្យុះ និងបញ្ហាប្រឈមនានា លោកប្រធានាធិបតី ត្រាំ និងខ្ញុំ ក្នុងនាមជាអ្នកដឹកនាំ គួរតែដឹកនាំផ្លូវ និងមើលពីស្ថានភាពទូទៅ ដោយធានាថាទំនាក់ទំនងចិន-សហរដ្ឋអាមេរិក បន្តទៅមុខជាលំដាប់»។
គួរគូសបញ្ជាក់ថា ជំនួបលោក ត្រាំ និងលោក ស៊ី ត្រូវបានរៀបចំឡើងនៅក្នុងអាកាសយានដ្ឋាន Gimhae នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែលកំពុងរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅកូនក្រុង Gyeongju ដែលនៅមិនឆ្ងាយប៉ុន្មានពីប៊ូសាន។

មុនកិច្ចប្រជុំចាប់ផ្ដើម មេដឹកនាំទាំង ២ បានចាប់ដៃគ្នានៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ហើយលោក ត្រាំ បាននិយាយថា៖ «យើងនឹងមានកិច្ចប្រជុំដ៏ជោគជ័យជាមួយគ្នា។ ប៉ុន្តែគាត់(ស៊ី)ជាអ្នកចរចាដ៏តឹងតែង។ វាមិនស្រួលទេ»។
លោក ស៊ី ឯណោះវិញ បាននិយាយនៅពេលបើកកិច្ចប្រជុំថា អាមេរិក និងចិនគួរតែជាដៃគូ និងមិត្តភក្តិនឹងគ្នា ហើយបន្តថា៖ «លោកប្រធានាធិបតី (ត្រាំ) ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តធ្វើការជាមួយលោក ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក និងបង្កើតបរិយាកាសដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសទាំង២»។
គួរគូសបញ្ជាក់ថា ការជួបគ្នាចុងក្រោយនេះ ធ្វើឡើងខណៈអាមេរិក និងចិន បន្តជាប់ផុងក្នុងសង្រ្គាមពាណិជ្ជកម្ម ដែលផ្ទុះឡើងជាថ្មីក្រោយលោក ត្រាំ ឡើងកាន់អំណាចអាណត្តិទី២ ដោយប្រកាសពន្ធខ្ពស់លើប្រទេសទូទាំងពិភពលោក រួមទាំងចិន។ ភាពតានតឹងបានស្រាកស្រាន្តបន្តិចនៅពាក់កណ្ដាលខែឧសភា ក្រោយភាគីទាំង២ សម្រេចបានកិច្ចព្រមព្រៀងបណ្ដោះអាសន្នលើការផ្អាកការអនុវត្តពន្ធខ្ពស់រយៈពេល ៩០ ថ្ងៃ ហើយបន្ត ៩០ ថ្ងៃទៀត ក្រោយការព្រមព្រៀងចាស់ផុតកំណត់។
យ៉ាងណាមិញ ភាពតានតឹងផ្ទុះឡើងជាថ្មីម្ដងទៀតនៅប៉ុន្មានសប្ដាហ៍មុន ក្រោយចិនប្រកាសការរឹតត្បឹតថ្មីលើការនាំចេញបច្ចេកវិទ្យារ៉ែកម្រ និងរ៉ែកម្រ ដែលចិនរួមចំណែកពី ៧០-៩០ ភាគរយ លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ជាការឆ្លើយតប លោក ត្រាំ បានប្រកាសពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន ខណៈជម្លោះពន្ធចាស់មិនទាន់ចប់គ្នាដាច់ស្រេច៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


