Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ចំណាយ​ជាង ១ ពាន់​លានដុល្លារ ​ក្នុង​ការនាំចូលប្រេង ​

បានផុស

នៅ

កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ​១ ​ពាន់លានដុល្លារ ​លើការនាំចូលប្រេង​ឥន្ធនៈ និង​ប្រេងម៉ាស៊ូត ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ១១,២១ ភាគរយ បើ​ធៀប​នឹង​រយៈពេលដូចគ្នាក្នុង​​ឆ្នាំ​២០២៤។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ទិន្នន័យ​​ពីក្រសួងពាណិជ្ជកម្ម ​តម្លៃនាំចូលប្រេងសរុបនោះ ​ការ​នាំចូល​ប្រេងម៉ាស៊ូត​មាន​តម្លៃ​ជាង ​១,០៧៧ ​លានដុល្លារ ​ធ្លាក់ចុះ ១១,២១ ភាគរយ និងប្រេងសាំង មានតម្លៃ ៦៧៥ លានដុល្លារ ធ្លាក់ចុះ ១៥,៩៨ ភាគរយ។

​អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ដើមឡើយយើងវាយតម្លៃលើប្រេងទៅលើកំណើនចរាចរសេដ្ឋកិច្ចក្នុងប្រទេស កំណើន​ប្រើ​ប្រាស់ប្រេងមានន័យថា ដំណើរការដឹកជញ្ជូន ​សេដ្ឋកិច្ច ឬសេវាកម្ម វាដើរ ​ប៉ុន្តែឥឡូវ ដំណើរការសេដ្ឋកិច្ចពិបាកប៉ាន់ស្មានដោយសារប្រេងណាស់។

​អ្នកឧកញ៉ា លឹម ហេង ​បន្ថែមថា ​ការនាំចូលប្រេងធ្លាក់ចុះ ​បណ្ដាលមកពីប្រជាពលរដ្ឋ​ និងរោង​ចក្រ​មួយចំនួន ​គាត់ប្រើអគ្គិសនីជំនួសដោយប្រេង​ ជាពិសេសគឺយានយន្ត ឥឡូវយើងឃើញហើយ ​វាច្រើនតែប្រើរថយន្តអគ្គិសនី ​ជំនួសដោយប្រេង។

​អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា៖ «​វាមិនប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចយើងទេ ​កំណើន​សេដ្ឋកិច្ចយើង​នៅតែ​កើន​ហើយថាមពលបៃតងមកជំនួស ​ថាមពលវារីអគ្គិសនី​ដែលកម្ពុជា​កំពុង​បង្កើនជាង ៦០% ​នៅទូ​ទាំងប្រទេសទៅហើយ ដល់អញ្ចឹងការនាំចូលប្រេង​នឹងថយចុះ​ជា​បណ្ដើរៗ»។

​ប្រទេស​កម្ពុ​ជាមាន​គោលបំណង​បង្កើន​ចំណែក​ថាមពល​កកើតឡើង​វិញ​របស់ខ្លួន​ឱ្យបាន​យ៉ាងហោចណាស់ ៧០ ភាគរយ ត្រឹម​ឆ្នាំ ២០៣០ ដោយ​រួមចំណែក​ដល់​គោលដៅ​បរិស្ថាន និង​កំណើនសេដ្ឋកិច្ច ដោយ​ផ្តោតលើ​ប្រសិទ្ធភាព​ថាមពល​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល មានប្រសាសន៍ថា ​ប្រភព​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដូចជា ថាមពល​សូ​ឡា ខ្យល់ វា​រី​អគ្គិសនី និង​ជីវម៉ាស នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​គោលដៅ​បរិស្ថាន និង​សេដ្ឋកិច្ច​របស់​ប្រទេស​។

លោក​បញ្ជាក់ថា​៖ «​នៅពេលដែល​យើង​ផលិត​អគ្គិសនី​កាន់តែច្រើន​ពី​ប្រភព​កកើត​ឡើងវិញ យើង​មើលឃើញ​អត្ថប្រយោជន៍​ពិត​នៃ​ថាមពល​ប្រកបដោយ​និរន្តរភាព​។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​អគារ​បៃតង ឧបករណ៍ប្រើប្រាស់ យានជំនិះ​អគ្គិសនី និង​អគ្គិសនី​នៃ​ឧស្សាហកម្ម និង​កសិកម្ម​ផងដែរ​»​។

​ទោះយ៉ាងណា ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ព្យាករ​ថា តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នឹង​កើន​ឡើងដល់ ៤,៨​លាន​តោន​ត្រឹម​ឆ្នាំ​២០៣០ ​កើនឡើង​ពី​ ២,៨​លាន​តោន​កាលពី​ឆ្នាំ​២០២០៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម