ព័ត៌មានអន្ដរជាតិ
ចិនគ្រោងដាក់ពន្ធលើស្រោមអនាម័យ ដើម្បីស្ដារអត្រាកំណើតដែលកំពុងធ្លាក់ចុះ
ប្រទេសចិននឹងដាក់ពន្ធ ១៣% លើស្រោមអនាម័យ និងថ្នាំពន្យារកំណើតផ្សេងៗទៀតចាប់ពីឆ្នាំក្រោយ ដោយបញ្ចប់គោលនយោបាយលើកលែងពន្ធរយៈពេល ៣ ទសវត្សរ៍ ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការធ្លាក់ចុះចំនួនប្រជាជនគួរឱ្យព្រួយបារម្ភ។

សារព័ត៌មាន Bloomberg កាលពីពេលថ្មីៗនេះ បានរាយការណ៍កាលពីពេលថ្មីៗនេះថា ច្បាប់ពន្ធលើតម្លៃបន្ថែម (VAT) ដែលត្រូវបានកែសម្រួល បានចែងថា អ្នកប្រើប្រាស់ត្រូវតែបង់ VAT ១៣% លើផលិតផលពន្យារកំណើត ដែលទទួលបានការលើកលែងពន្ធតាំងតែពីឆ្នាំ ១៩៩៣ មក។
នៅឆ្នាំ ១៩៩៣ ចិនបានលុបចោលពន្ធលើផលិតផលពន្យារកំណើត ដើម្បីលើកកម្ពស់ផែនការគ្រួសារ និងអនុវត្តគោលនយោបាយកូន១។
ការសម្រេចចិត្តដាក់ពន្ធឡើងវិញនេះ គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយរបស់ទីក្រុងប៉េកាំង ចំពេលចិនកំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្ត្រកាន់តែធ្ងន់ធ្ងរឡើងៗ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចំនួនប្រជាជនចិន បានធ្លាក់ចុះជាលើកទី៣ជាប់ៗគ្នា ក្នុងឆ្នាំ ២០២៤ ដោយមានចំនួនកំណើតត្រឹមតែ ៩,៥៤ លាននាក់ប៉ុណ្ណោះ។ រ៉យទ័របានស្រង់ទិន្នន័យពីការិយាល័យស្ថិតិជាតិ ដែលបង្ហាញថា ចំនួនប្រជាជនចិនបានធ្លាក់ចុះ ១,៣៩ លាននាក់ មកត្រឹម ១,៤០៨ ប៊ីលាននាក់ កាលពីឆ្នាំមុន ដោយធ្លាក់ចុះពី ១,៤០៩ ប៊ីលាននាក់ ក្នុងឆ្នាំ ២០២៣។

មែនទែនទៅ អត្រាកំណើតរបស់ប្រទេសចិន បានធ្លាក់ចុះអស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារតែគោលនយោបាយកូន១ ចាប់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០១៥ ក៏ដូចជាកំណើនយ៉ាងឆាប់រហ័សនៃនគរូបនីយកម្ម និងកំណើនតម្លៃនៃការរស់នៅ (ការចំណាយប្រចាំថ្ងៃសម្រាប់ការរស់នៅ)សម្រាប់ពលរដ្ឋ។
រួមជាមួយនឹងពន្ធថ្មីលើផលិតផលពន្យារកំណើត ច្បាប់អាករលើតម្លៃបន្ថែម (VAT) ថ្មី បានណែនាំការលើកទឹកចិត្តជាច្រើន ដែលមានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើគ្រួសារវ័យក្មេង។ ក្នុងនោះ ចិននឹងលើកលែងពន្ធចាប់ពីខែមករា ឆ្នាំ ២០២៦ សម្រាប់ការចំណាយលើការថែទាំកុមាររហូតដល់ថ្នាក់មត្តេយ្យ ក៏ដូចជាការចូលរួមវិភាគទានដល់សេវាថែទាំមនុស្សចាស់ ការគាំទ្រដល់ជនពិការ និងសេវាទាក់ទងនឹងអាពាហ៍ពិពាហ៍ជាដើម។
កន្លងមក រដ្ឋាភិបាលកណ្តាលចិនបានអនុវត្តវិធានការគាំទ្រការមានកូនជាច្រើនរួចហើយ រួមទាំងការឧបត្ថម្ភជាសាច់ប្រាក់ ការពង្រីកសេវាថែទាំកុមារ និងការពន្យារពេលឈប់សម្រាកសម្រាប់ឪពុកម្តាយជាដើម៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


