Connect with us

សេដ្ឋកិច្ច

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បង្ហាញពីឱកាស​ថ្មីៗ សម្រាប់កសិករ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានបញ្ចប់​បេស​កកម្មត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ លើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដោយជោគជ័យ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ដល់ ១២ ខែធ្នូ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យវឌ្ឍន​ភាពរបស់គម្រោង​នៅទូទាំង ខេត្តគោលដៅទាំង១៨ និងបានកំណត់ឱកាសថ្មីៗ ក្នុងការពង្រឹងលទ្ធភាពចូលទីផ្សារ ប្រព័ន្ធផលិតកម្ម និងភាពជាដៃគូក្នុងខ្សែច្រវាក់តម្លៃ សម្រាប់កសិករខ្នាតតូចនៅកម្ពុជា។

អេមស៍ គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងIFAD ក្នុងគោលបំណង ជំរុញកំណើន ទីផ្សារប្រកបដោយបរិយាបន្ន សម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមអាជីវកម្មតាមជនបទ ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច ក្នុងនោះកសិករក្រីក្រ ក៏អាចទទួលបានផលប្រយោជន៍រួមគ្នា។

មកដល់ពេលនេះ គម្រោងបាន និងកំពុងជួយគាំទ្រដល់កសិករខ្នាតតូចចំនួន ៩៤,៤៩៩ គ្រួសារ លើសពីគោលដៅដែលបានកំណត់ ត្រឹមចំនួន ៨៨,២០០ គ្រួសារ តែប៉ុណ្ណោះ សម្រាប់ ការអនុវត្តគម្រោងរហូតដល់ឆ្នាំ២០២៧។ ហើយគម្រោង នៅតែបន្តគាំទ្រកសិករខ្នាតតូច ក្នុងការអនុវត្តបច្ចេកទេសផលិតកម្មដែលមានភាពប្រសើរ ជួយសម្របសម្រួល ទីផ្សារឱ្យកាន់តែរឹងមាំ និងពង្រីកភាពជាដៃគូពាណិជ្ជកម្មឱ្យបានកាន់តែទូលំទូលាយផងដែរ។

លោក អេង សុធីវ័ន្ត អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង អេមស៍ បានមានប្រសាសន៍ថា៖ «គម្រោង អេមស៍ កំពុងមានវឌ្ឍនភាពល្អមកដល់ពេលនេះគឺ​ដោយសារមានកិច្ចសហការយ៉ាងរឹងមាំពី​ក្រុមការងារនៅទូទាំងខេត្តគោលដៅ និងដៃគូវិស័យ​ឯកជន​របស់យើង។ ជាមួយនឹងការទទួលបានហិរញ្ញប្បទានបន្ថែម យើងនឹងបន្តធ្វើការពង្រឹង​ចង្កោម​អាជីវកម្ម និងការតភ្ជាប់ទីផ្សារ ដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យ​បានកាន់តែច្រើន​ដល់កសិករ​ខ្នាតតូចរបស់យើង។»

ការកៀរគរកសិករខ្នាតតូចរបស់គម្រោង ដើម្បីបង្កើតជាចង្កោមអាជីវកម្ម នៅតែបន្តរីកចម្រើន​ទៅ​មុខ ដោយមានចង្កោមអាជីវកម្មចំនួន ៣៤៧ ត្រូវបានបង្កើតឡើង និងអត្រានៃការទទួល​យក​បច្ចេកវិទ្យាផលិតកម្មមានចំនួន ៨៤% នៃចំនួនកសិករដែលចូលរួមក្នុងគម្រោង។

គិតត្រឹមខែតុលា ឆ្នាំ២០២៥ អេមស៍ បានសម្របសម្រួលការចុះកិច្ចសន្យាទិញ​លក់បាន​សរុប​ចំនួន ៩០៥ កិច្ចសន្យា សម្រាប់ខ្សែច្រវាក់តម្លៃ ផលិតផលស្រូវប្រណីត បន្លែសុវត្ថិភាព គ្រឿង​ទេស មាន់ខ្មែរ និងដំឡូងមី ដែលមានតម្លៃសរុបប្រមាណ ២២៤ លានដុល្លារអាមេរិក។

ក្នុងអំឡុងពេលទស្សនកិច្ចនៅក្នុងខេត្តចំនួនប្រាំមួយ ក្រុមការងារបេសកកម្មរបស់ IFAD និងក្រុមកងារគម្រោង អេមស៍ បានជួបជាមួយក្រុមកសិករផលិត ចង្កោមអាជីវកម្ម អ្នកទិញ និងមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីវាយតម្លៃលើការតភ្ជាប់ទីផ្សារ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមក្នុងផលិតកម្ម និងការទទួលបានសេវាកម្មបច្ចេកទេស និងហិរញ្ញប្បទានជាដើម។

ឱកាសដែលបានកំណត់សម្រាប់គម្រោង​ជាបន្តរួមមាន ការពង្រឹងផែនការអាជីវកម្ម និងការកំណត់ពេលវេលាផលិតកម្មសម្រាប់ចង្កោមអាជីវកម្មឱ្យស្របទៅតាមទីផ្សារ ជំរុញការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងទីផ្សារក្រោមមូលនិធិសម្រាប់ការអភិវឌ្ឍតាមវិស័យឱ្យកាន់តែមានប្រសិទ្ធិភាព ពង្រីកការវិនិយោគវិស័យឯកជនតាម​រយៈមូលនិធិនវានុវត្តន៍​ខ្សែច្រវាក់តម្លៃ និងការដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេស ដូចជា ការគ្រប់គ្រងជំងឺ​លើ​ដំណាំម្ទេស ការចាក់វ៉ាក់សាំងមាន់ និងការពង្រឹងគុណភាពគ្រាប់ពូជជាដើម។

លោក Frew Behabtu នាយក និងជាតំណាង IFAD ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គម្រោង អេមស៍ បានធ្វើដំណើរឈ្ពោះទៅមុខប្រកបដោយស្ថិរភាព ក្នុងការពង្រឹងផលិតកម្មដែលបំពេញទៅតាមតម្រូវការរបស់ទីផ្សារ រួមជាមួយនឹងចង្កោមអាជីវកម្មដែលបានតភ្ជាប់កសិករខ្នាតតូចទៅកាន់អ្នកទិញនៅក្នុងខ្សែច្រវាក់តម្លៃសំខាន់ៗ បានកាន់តែច្រើនឡើងៗ»។

បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងនេះ បានបញ្ជាក់ឱ្យឃើញពីលទ្ធផលជាក់ស្តែង និងឱកាសច្បាស់លាស់ក្នុងការពង្រឹង បន្ថែមទៀតនូវ ការធ្វើផែនការអាជីវកម្ម ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការចូលរួមរបស់វិស័យឯកជន។

ការអភិវឌ្ឍបន្ថែមដោយផ្អែកលើមេរៀនបទពិសោធទាំងនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការធ្វើ ឱ្យទំនាក់ទំនងផ្នែកពាណិជ្ជកម្មកាន់តែមានភាពស៊ីជម្រៅ និងអាចដោះស្រាយគម្លាតផលិតកម្ម និងសេវាកម្មដែលនៅសេសសល់បាន។

អេមស៍ ក៏បានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមបញ្ចូលយេនឌ័រនៅរាល់សកម្មភាពរបស់គម្រោងផងដែរ ក្នុងនោះស្ត្រីមានចំនួនដល់ទៅ ៦២% នៃអ្នកទទួលផលគម្រោងទាំងអស់។ ហើយបេសកកម្មនេះ ក៏បានលើកទឹកចិត្តដល់ការវិនិយោគបន្ថែមទៀតលើតួនាទីស្ត្រីជាអ្នកដឹកនាំ នៅក្នុងចង្កោមអាជីវកម្ម និងក្រុមអ្នកផលិត។

ក្រសួងពាណិជ្ជកម្ម និង IFAD នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តគម្រោង អេមស៍ ឱ្យកាន់តែមានប្រសិទ្ធិភាព ហើយក្រុមការងារបេសកកម្ម គ្រោងនឹងចុះគាំទ្រការអនុវត្តគម្រោងជាបន្តទៀត នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខ។ បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃគម្រោងប្រចាំឆ្នាំម្តងទៀត ក៏នឹងគ្រោងធ្វើឡើងក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម