សេដ្ឋកិច្ច
គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គម្រោងលើកកម្ពស់សមត្ថភាពផលិតកម្ម តាមរយៈការពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្រោមបរិបទឧស្សាហកម្មជំនាន់ទី៤ នៅប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងពិធីប្រគល់ពានរង្វាន់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហាររបស់ក្រុមនិស្សិត។

កម្មវិធីនេះបានធ្វើឡើងក្រោមសហអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះត្រូវបានអនុវត្តរយៈពេល ១៨ ខែ នៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
លោក ហែម វណ្ណឌី បានលើកឡើងថា “គម្រោងបានផ្តល់ជាលទ្ធផលជាក់ស្តែង ក្នុងការលើកកម្ពស់សមត្ថភាពសហគ្រាសធុនតូច និងមធ្យម ជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ បង្កើនផលិតភាព និងភាពប្រកួតប្រជែង។ គម្រោងក៏បានបង្ហាញផ្លែផ្កានៃកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការចែករំលែកចំណេះដឹង ក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាងទាំងបី ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនៃឧស្សាហកម្ម ៤.០។”

នាឱកាសនោះដែរលោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាញយកអត្ថប្រយោជន៍ពីលទ្ធផលនៃគម្រោង ដោយបន្ថែមថា ខណៈដែលគម្រោងត្រូវបានបញ្ចប់ ចំណេះដឹង ភាពជាដៃគូ និងជំនាញដែលបានអភិវឌ្ឍ តាមរយៈកិច្ចសហប្រតិបត្តិការនេះ គួរត្រូវបានបន្តអនុវត្ត និងពង្រីកបន្ថែមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម សម្រាប់រយៈពេលវែងទៅមុខ។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនពីន បានកត់សម្គាល់ថា បណ្តាប្រទេស មេគង្គ-ឡានឆាង បានបង្កើនការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍កាន់តែច្រើន ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន។

លោក វ៉ាង វិនពីន បានលើកឡើងថា ប្រទេសចិនបាន និងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ជំនាញបច្ចេកទេស និងធនធានជាមួយបណ្តាប្រទេស មេគង្គ-ឡានឆាង ជួយពង្រឹងសមត្ថភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងត្រួសត្រាយផ្លូវសម្រាប់សមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងកំណើនប្រកបដោយចីរភាព។

កម្មវិធីនេះក៏មានការប្រគល់ពានរង្វាន់ជ័យលាភីស្តីពី “ថ្នាលបណ្តុះអាជីវកម្មកម្ពុជា សម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ” ដែលជាសកម្មភាពសំខាន់មួយរបស់គម្រោង ផ្តោតលើការជំរុញនវានុវត្តន៍ក្នុងការកែច្នៃផលិតផលម្ហូបអាហារដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


