Connect with us

សេដ្ឋកិច្ច

សហគ្រាសផលិតទឹកត្រីក្នុងស្រុកមួយ ដាក់ផែនការពង្រីកការផលិតបន្ថែម

បានផុស

នៅ

សហគ្រាសផលិតទឹកត្រីង៉ូវហេង ដាក់ផែនការពង្រីកការផលិតរបស់ខ្លួនបន្ថែមទៀត ខណៈបច្ចុប្បន្នមានតម្រូវការស្បៀងដើម្បីជួយកងទ័ព និងជនភៀសសឹកកាន់តែច្រើនឡើងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ សិល្បសុជាតិ អគ្គនាយក នៃក្រុមហ៊ុនផលិតទឹកត្រី និងទឹកស៊ីអ៊ីវ ង៉ូវហេង ប្រាប់កម្ពុជាថ្មី ថា សហគ្រាសរបស់លោកកំពុងតែដាក់ផែនការផលិតបន្ថែម ខណៈបច្ចុប្បន្នមានអតិថិជនមានតម្រូវការស្បៀងជួយកងទ័ព និងជនភៀសសឹកកាន់តែច្រើនជាងមុន។

លោក បន្តថា មួយរយៈដែលប្រទេសកម្ពុជាជួបប្រទះនឹងសង្គ្រាមឈ្លានពានពីប្រទេសថៃ និងស្របពេលដែលប្រជាជនខ្មែរពហិការទំនិញថៃផងនោះ សហគ្រាស និងសិប្បកម្មក្នុងស្រុកទាំងអស់បាននឹងកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ ក្នុងនោះ មិនថាតែទឹក ទឹកស៊ីអ៊ីវ ក្រៅពីនេះផលិតផលហូបចុក និងប្រើប្រាស់ផ្សេងៗទៀតក៏តម្រូវការច្រើនជាងមុន ផងដែរ។

យ៉ាងណាមិញ ទោះបីជាការផលិតទឹកត្រី និងទឹកស៊ីអ៊ីវ ក្នុងសហគ្រាសង៉ូវហេង បច្ចុប្បន្ននៅពុំទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារទាន់ក៏ពិតមែន ប៉ុន្តែសហគ្រាសបាននឹងកំពុងដាក់ម៉ាស៊ីន និងឧបករណ៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអាចផលិតសម្រាប់ផ្គត់ផ្គង់តម្រូវទីផ្សារនាពេលបច្ចុប្បន្ន។

គួរឱ្យដឹងថា សហគ្រាសរបស់លោក ចាន់ សិល្បសុជាតិ បច្ចុប្បន្នមានផលិតផលជាច្រើនមុខដែលផលិតដោយស្នាដៃកូនខ្មែរផ្ទាល់ ក្នុងនោះមានដូចជា៖ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង អំបិល និងម្រេចកំពត ដែលភាគច្រើនសុទ្ធសឹងតែជាទំនិញសម្គាល់ភូមិសាស្រ្ដប្រចាំខេត្តកំពត និងកែប ផងដែរ។

ក្រៅពីការផលិតស​ម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្រុមហ៊ុនផលិតទឹកត្រី ង៉ូវហេង ក៏បាននាំយកផលិតផលរបស់ខ្លួនទៅដាក់លក់នៅលើឆាកអន្តរជាតិ ដែលមានដូចជា៖ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួន ដូចជាប្រទេសអូស្ដ្រាលី ជាដើម។

សហគ្រាសផលិតទឹកត្រី ង៉ូវហេង ជាសហគ្រាសក្នុងស្រុកមួយដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ គិតមកទល់ពេលនេះ ក្រុមហ៊ុនរបស់កូនខ្មែរមួយនេះ មានអាយុកាលប្រមាណ៣០ឆ្នាំមកហើយ៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម