ព័ត៌មានជាតិ
អាកាសចរស៊ីវិល៖ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសពីបាងកក-ភ្នំពេញ មានការកើនឡើង
លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ស្ថានភាពការហោះហើរភ្នំពេញ-បាងកក គឺមិនមានអ្វីផ្លាស់ប្ដូរនោះទេ ប៉ុន្តែចំពោះការដឹកជញ្ជូនទំនិញមួយចំនួនតាមយន្តហោះពីបាងកក មកភ្នំពេញបែរជាមានការកើនឡើងទៅវិញ។

នៅរសៀលថ្ងៃទី០៨ ខែសីហា នេះ លោក ស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា៖«នៅរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថា ការដឹកជញ្ជូនទំនិញតាមយន្តហោះ ពីបាងកកមកកាន់រាជធានីភ្នំពេញ បែរជាមានការកើនឡើងទៅវិញ ដោយកត្តាទាំងនេះអាចបណ្ដាលមកពីការដឹកជញ្ជូនតាមផ្លូវគោកមិនសូវមាន ជាហេតុធ្វើឱ្យមានការផ្លាស់ប្តូរមកដឹកជញ្ជូនតាមជើងយន្តហោះជំនួសវិញនូវប្រភេទទំនិញដែលមានតម្លៃមួយចំនួន»។
ទន្ទឹមនេះ លោកក៏បញ្ជាក់ដែរថា ស្ថានភាពការហោះហើរភ្នំពេញ-បាងកក បាងកក-ភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នេះ គឺនៅរក្សាប្រក្រតីភាពជាធម្មតាមិនមានអ្វីផ្លាស់ប្ដូរនោះទេ ប៉ុន្តែចាប់ពីថ្ងៃទី០៧ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ក្រុមហ៊ុនអាកាសចរ Bangkok Airways បានផ្អាកការហោះហើររបស់ខ្លួននៅពេលព្រឹកមួយជើងដោយសារកត្តាភ្ញៀវទេសចរ ក្រៅពីនេះ ជើងហោះហើរផ្សេងទៀត ដូចជា Thai Vietjet Air និង Thai airways ជាដើមនោះបានចាប់ផ្តើមដំណើរការហោះហើរឡើងវិញ មិនមានលុបចោលជើងហោះហើរនោះទេ។

លោកក៏បានបញ្ជាក់ដែរថា «សម្រាប់ជើងហោះហើរ Bangkok Airways គឺជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះមានច្រើនជើង ប៉ុន្តែធ្វើការផ្អាកជើងហោះហើរសម្រាប់តែជើងពេលព្រឹកមួយជើងប៉ុណ្ណោះ»។
ដោយឡែកសម្រាប់ជើងហោះហើរផ្លូវសៀមរាបវិញ ក៏មិនមានអ្វីប្រែប្រួលដែរ ការហោះហើរនៅដំណើរការជាធម្មតា មិនមានការលុបចោលនោះទេ។
ជុំវិញការហោះហើរតាមផ្លូវអាកាសនេះដែរ កាលពីថ្ងៃទី០១ ខែសីហា កន្លងទៅ លោក ស៊ិន ចាន់សិរីវុត្ថា ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនអាកាសចររបស់ថៃចំនួន ៣ បានកាត់បន្ថយជើងហោះហើររបស់ខ្លួន គឺ ក្រុមហ៊ុនអាកាសចរ Thai airways Bangkok airways និងក្រុមហ៊ុន Thai Vietjet Air កន្លងមកធ្លាប់ហោះហើរចំនួន ២ជើង ប៉ុន្តែបច្ចុប្បន្នលុបមកនៅត្រឹម ១ជើងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

បញ្ហានេះគឺបណ្ដាលមកពីកត្តាភ្ញៀវទេសចរមិនគ្រប់គ្រាន់ប៉ុណ្ណោះ។ ព្រោះបន្ទាប់ពីកម្ពុជា-ថៃ មានបញ្ហាទំនាស់មក ឃើញថា មិនសូវមានអ្នកធ្វើដំណើរទៅបាងកកនោះទេ ភ្ញៀវមួយចំនួនធំ បានផ្លាស់ប្តូរទិសដៅ។ មួយវិញទៀត ភ្ញៀវទេសចរមួយចំនួន ងាកមកប្រើជើងហោះហើរក្នុងស្រុកជំនួសវិញ ដូច្នេះនេះជាហេតុធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ថៃមួយចំនួនត្រូវតែលុបចោលជើងហោះហើរ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


