Connect with us

ព័ត៌មានអន្ដរជាតិ

ការហក់ឡើងភ្លាមៗនៃតម្លៃប្រេង បង្ក​រលកនៃ​ផល​ប៉ះ​​ពាល់​ទូទាំង​អាស៊ាន ​

បានផុស

នៅ

វិបត្តិតម្លៃប្រេងដែល​ហក់ឡើងខ្ពស់ភ្លាមៗដោយសារតែជម្លោះ​មជ្ឈិមបូព៌ា កំពុង​បង្ក​រលក​នៃផលប៉ះពាល់​ដែល​រីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ ​ដោយ​បង្កើន​ក្ដីព្រួយបារម្ភអំពីអតិផរណា និងថ្លៃថាមពលនៅទូទាំងតំបន់។ នេះបើតាមការចុះផ្សាយរបស់កាសែតសិង្ហបុរី The Business Times កាលពីថ្ងៃចន្ទ (៩ មីនា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រលកនៃផលប៉ះពាល់ បាន​បង្ហាញឱ្យឃើញហើយថា ការហក់ឡើងនៃតម្លៃប្រេងបាន​​បង្កើន​ថ្លៃ​ដឹកជញ្ជូន និង​ផលិតកម្ម​អាហារ​នៅ​ប្រទេស​ហ្វីលីពីន គំរាមកំហែង​ដល់​តម្លៃ​អគ្គិសនី​នៅ​ថៃ បង្កើន​ការចំណាយសម្រាប់​ឧបត្ថម្ភធន​នៅ​​ម៉ាឡេស៊ី និង​ឥណ្ឌូ​ណេស៊ី និង​ជំរុញ​តម្លៃ​ប្រេងសាំងនៅស្ថានីយចាក់សាំង​នៅ​​សិង្ហបុរី​ ​ឱ្យដល់កម្រិតខ្ពស់ក្នុងឆ្នាំ ២០២២ នៅពេលពិភព​លោកប្រឈមនឹងវិបត្តិថាមពលកាលនោះ​។ ​

អ្នកវិភាគនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Nomura បាន​ព្រមាន​ថា តំបន់អាស៊ីអាគ្នេយ៍​​​ប្រឈម​នឹង​វិបត្តិ Stagflation (ការជាប់គាំងនៃកំណើន​សេដ្ឋកិច្ច ប៉ុន្តែអតិផរណាខ្ពស់) ហើយភាពធ្ងន់ធ្ងរគឺអាស្រ័យលើរយៈពេលនៃការរំខានពីជម្លោះមជ្ឈិមបូព៌ា។ ​

Nomura បាន​និយាយយ៉ាងដូច្នេះ​ថា៖ «ប្រសិនបើ​វា​បន្ត​ទៅ​មុខ នោះ​ក្រុមហ៊ុន​នានា​អាច​ប្រឈម​នឹង​សម្ពាធ​ប្រាក់ចំណេញខ្សោយ ​និង​ការ​កាត់​បន្ថយ​ផលិតកម្ម ហើយ​អ្នកប្រើប្រាស់​អាច​ប្រឈម​នឹង​តម្លៃ​អាហារ​ខ្ពស់​ជាង​មុន»។

ការ​ហក់ឡើងនៃតម្លៃថាមពលនេះ កើតឡើងបន្ទាប់ពីការរំខានដល់ការផ្គត់ផ្គង់ប្រេងសកលពីជម្លោះអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កការរាំងស្ទះដល់ច្រកសមុទ្រហ័រមូហ្ស ដែលដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការសកលប្រចាំថ្ងៃ។ ​អាស៊ី រួមទាំងអាស៊ីអាគ្នេយ៍ ពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័នធម្មជាតិពង្រាវពីមជ្ឈិមបូព៌ា ដោយដឹកជញ្ជូនកាត់តាមច្រកហ័រមូហ្ស។

អ្នកវិភាគលើកឡើងថា ការពឹងផ្អែកបែបនេះ ធ្វើឱ្យអាស៊ីអាគ្នេយ៍ងាយរងគ្រោះទៅនឹង​ការហក់ឡើងភ្លាមៗនៃតម្លៃប្រេងសកល។ ​ពួកគេបន្តថា រដ្ឋាភិបាល​ក្នុងតំបន់អាចប្រឈមមុខនឹងការចំណាយកាន់តែច្រើនសម្រាប់ឧបត្ថម្ភធនប្រេងឥន្ធនៈ​ និងកំណើន​សម្ពាធសារពើពន្ធ ប្រសិនបើតម្លៃថាមពលនៅ​តែខ្ពស់។

ថ្លៃប្រេងឥន្ធនៈខ្ពស់ ក៏នឹងជំរុញឱ្យការចំណាយប្រតិបត្តិការអាជីវកម្ម និងថ្លៃដឹកជញ្ជូនកើនឡើង ដែលអាចនាំឱ្យមានអតិផរណាកាន់តែទូលំទូលាយ​ក្នុងតំបន់។

អ្នកសេដ្ឋកិច្ចព្រមានថា ការរំខានយូរអង្វែងចំពោះការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ថយចុះ និងបង្ហាញពីការពឹងផ្អែកជាបន្តបន្ទាប់របស់តំបន់ លើការនាំចូល​ប្រេងឥន្ធនៈហ្វូស៊ីល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម