សេដ្ឋកិច្ច
កម្ពុជា កំពុងសិក្សាលើគម្រោងសាងសង់រោងចក្រផលិតអំបិល
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិលនៅថ្ងៃទី ២៧ ឧសភា ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើគម្រោងបង្កើតរោងចក្រផលិតអំបិល និងការសិក្សាសក្តានុពលផលិត និងប្រើប្រាស់អំបិលនៅកម្ពុជារបស់ក្រុមហ៊ុន ចេនឡា ហ្វូដ អិចប្រេស ឯ.ក (CHENLA FOOD EXPRESS CO., LTD.)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសិក្សាស្វែងយល់ អំពីទស្សនៈគម្រោង, សក្តានុពលផលិតកម្ម, ការកែច្នៃ និងការប្រើប្រាស់អំបិលក្នុងស្រុក, ក៏ដូចជាការពិនិត្យលទ្ធភាពនៃការចូលរួមរបស់វិស័យឯកជន ក្នុងការគាំទ្រការអភិវឌ្ឍវិស័យអំបិលកម្ពុជា។
អង្គប្រជុំបានផ្លាស់ប្តូរយោបល់លើទិដ្ឋភាពគោលនយោបាយ, បច្ចេកទេស, ហិរញ្ញវត្ថុ និងការសម្របសម្រួលពាក់ព័ន្ធ ដើម្បីធានាថា គម្រោងនេះអាចអនុវត្តទៅមុខបាន និងស្របតាមនីតិវិធីជាធរមាន ដោយឆ្លើយតបទៅនឹងផលប្រយោជន៍សង្គម-សេដ្ឋកិច្ចជាតិ។
អង្គប្រជុំបានពិភាក្សាអំពីស្ថានភាពទូទៅនៃវិស័យអំបិលកម្ពុជា ដែលជាវិស័យមានសារៈសំខាន់ចំពោះជីវភាពប្រចាំថ្ងៃ កសិកម្ម ឧស្សាហកម្ម សន្តិសុខស្បៀង និងសុខភាពសាធារណៈ។

វិស័យនេះ ក៏នៅមានចំណុចដែលត្រូវបន្តពង្រឹងបន្ថែម ដូចជា ការធ្វើទំនើបកម្មបច្ចេកទេសផលិត, ការលើកកម្ពស់គុណភាព និងស្តង់ដារ, ការរៀបចំឃ្លាំងស្តុក, ការគាំទ្រផលិតករ និងសហគមន៍អំបិល, ជាពិសេស ការប្រើប្រាស់ដីស្រែអំបិល ឱ្យមានប្រសិទ្ធភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតកម្មអំបិលក្នុងស្រុក។
លោក ហ៊ាន សាហ៊ីប បានលើកឡើងថា ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យអំបិល គួរត្រូវបានស្វាគមន៍ ប្រសិនបើគម្រោងមានភាពច្បាស់លាស់ អាចអនុវត្តបានជាក់ស្តែង និងចូលរួមដោះស្រាយតម្រូវការរបស់វិស័យមួយនេះ។
ការពិចារណាលើការស្នើសុំវិនិយោគ និងការលើកទឹកចិត្តណាមួយ ត្រូវផ្អែកលើក្របខណ្ឌច្បាប់ និងគោលនយោបាយជាធរមាន, ភាពច្បាស់លាស់នៃប្រភពទុន, សមត្ថភាពបច្ចេកទេស, ផលប៉ះពាល់បរិស្ថាន-សង្គម, ការចូលរួមជាមួយផលិតករអំបិលក្នុងស្រុក និងផលប្រយោជន៍សាធារណៈ។
អង្គប្រជុំបានផ្តល់ជាមតិយោបល់ និងធាតុចូលល្អៗ ដើម្បីឱ្យក្រុមហ៊ុនអាចបន្តសិក្សា និងរៀបចំការស្នើសុំឱ្យបានលម្អិតបន្ថែម រួមមាន ផែនការវិនិយោគ, គំរូអាជីវកម្ម, ប្រភពទុន, បច្ចេកវិទ្យាផលិត និងកែច្នៃ, ផែនការសហការជាមួយកសិករ និង សហគមន៍អំបិល, ការវាយតម្លៃផលប៉ះពាល់បរិស្ថាន-សង្គម និងចំណុចស្នើសុំការលើកទឹកចិត្តដែលក្រុមហ៊ុនចង់បាន ដើម្បីឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចពិនិត្យបន្តតាមនីតិវិធីជាធរមាន និងស្របតាមអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ក្នុងការជំរុញការអភិវឌ្ឍវិស័យអំបិលឱ្យមានភាពប្រទាក់ក្រឡា និងមានចីរភាព។
លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា ប្រាប់កម្ពុជាថ្មីថា ផលិតកម្មអំបិលកម្ពុជា រំពឹងសម្រេចបាន ១០ ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើអាកាសធាតុអំណោយផល។
តម្លៃអំបិលនៅឆ្នាំ ២០២៦ នេះ បានកើនឡើង ក្នុងនោះប្រភេទលេខ១ អាចលក់បាន ១៨០០០ រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម ចំណែកឯប្រភេទលេខ២ តម្លៃចន្លោះ ១៦០០០-១៧០០០ ក្នុងមួយបាវ ៥០ គីឡូក្រាម រីឯប្រភេទលេខ ៣ តម្លៃចន្លោះពី ១៣០០០-១៤០០០ រៀល មួយបាវ ៥០ គីឡូក្រាម។
យោងតាមក្រសួងឧស្សាហកម្មកម្ពុជា ផលិតកម្មអំបិលនៅកម្ពុជាសម្រេចបានជាង ៣ ម៉ឺនតោន( ៣៤៥១១) លើផ្ទៃដីប្រមូលផលជិត ៤ ពាន់កហិកតា នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះយ៉ាងគំហុកប្រៀបធៀបនឹងឆ្នាំ ២០២៤ ដែលសម្រេចបានជាង ១៦ ម៉ឺនតោន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


