Connect with us

សេដ្ឋកិច្ច

​ក្រសួងរ៉ែ និងថាមពល ផ្អាកផ្ដល់អាជ្ញាបណ្ណក្នុងវិស័យថ្មអារ​

បានផុស

នៅ

ក្រសួងរ៉ែ ​និង​ថាមពល បានដាក់​ចេញ​គោល​នយោ​បាយ​ផ្ទៃក្នុង​ផ្អាកការពង្រីកការផ្ដល់អាជ្ញាបណ្ណថ្មអារ​ ដោយ​សារ​រដ្ឋាភិបាលចង់ឱ្យសមាគមថ្មអារកម្ពុជា ​ប្រើប្រាស់​ធន​ធាន​បច្ចុប្បន្ន​ឱ្យអស់​សក្ដានុពល។​ ​នេះបើតាម​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថ្មអារកម្ពុជា លើកទី១ នៅថ្ងៃទី ២៤ មិថុនា ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ រតនៈ ​បានបន្តថា ​មានក្រុមហ៊ុនមួយចំនួន​បានដាក់សំណើមកក្រសួងរ៉ែ ដើម្បី​សុំ​អាជ្ញា​បណ្ណថ្មអារ​ ប៉ុន្តែក្រសួងរ៉ែ​ បានដាក់គោលការណ៍ថា ​ប្រសិនបើអាជ្ញាបណ្ណថ្មីនេះ ជាប្រភេទ​ថ្ម​ដូច​គ្នា​ហើយ​យើង​មានច្រើនហើយ​ ​ដែលមិនទាន់ប្រើប្រាស់​សក្ដា​នុ​ពលនេះអស់​ ​ក្រសួង​មិនទាន់​បើកផ្លូវ​ឱ្យ​បញ្ចេញអាជ្ញាបណ្ណទេ។​

​រដ្ឋាភិបាល​គាំទ្រសមាគមថ្មអារ ​ដើម្បីឱ្យបានប្រើប្រាស់ទុន​ដែលបានវិនិយោគឱ្យ​អស់លទ្ធភាព​ បើ​មិន​ដូច្នោះទេ ​គឺថាការ ​ដាក់ទុនថ្មីៗមក ​អ្នកចាស់លក់មិនដាច់ ​អ្នកថ្មីមកថែមទៀត ​ក៏លក់​មិន​បានច្រើន។​

លោក កែវ រតនៈ ​យល់ឃើញថា៖«​ក្នុងរយៈពេល ​៣ ​ទៅ ៥ ឆ្នាំខាងមុខ ​ប្រសិន​បើយើង​ខំប្រឹងទាំង​អស់គ្នា ​យើង​អាចស្ដារ​ ​យើងអាច​កសាងសមត្ថភាព​របស់សមាគឱ្យកាន់តែរឹងមាំ ទាំងការគ្រប់គ្រង​អាជីវកម្ម ការរកទីផ្សារ និងការធ្វើពិពិធកម្មផលិតផល»។​

​បើតាមលោករដ្ឋមន្ត្រី ​សមាគមដាច់ខាតត្រូវតែខិតខំជាមួយរាជរដ្ឋាភិបាល​ដើម្បីធ្វើឱ្យការធ្វើ​អាជីវកម្ម​ថ្មអារ​ក្លាយទៅជារបៀបឈ្នះៗទាំងអស់គ្នា តាមរយៈការរកទីផ្សារ និងរកចំណូលបាន និង​បង្កើត​ការងារ​ឱ្យ​កម្លាំង​ពលករក្នុងស្រុក។​

​គិតចាប់​ពីឆ្នាំ២០២២ ដល់ដើមឆ្នាំ ២០២៦ ​ចំណូលសួយសារពីវិស័យថ្មអារចូលថវិកាជាតិសម្រេចបានជិត ៤០​លានដុល្លារ​ ​(មិនគិតពន្ធ ​និងអាករផេ្សងៗ)។ ​

ផែនការអទិភាពបន្តរបស់រដ្ឋាភិបាល គឺបង្កើតតម្លៃបន្ថែមតាមរយៈពិពិធកម្មនៃផលិតផលពីថ្ម រកទីផ្សារ​ក្រៅ​ប្រទេសបន្ថែម ​និង​ការគ្រប់គ្រងវិស័យនេះដោយគិតគូរពីបរិស្ថាន សុវត្ថិភាព ផលប្រយោន៍ និងការបណ្តុះបណ្តាលជំនាញដល់កម្មករខ្មែរ។

ថ្មអារ​ជាប្រភេទថ្ម ​សម្រាប់តុបតែង ​និង​កែច្នៃធ្វើ​ឧបករណ៍ប្រើប្រាស់ផ្សេងៗ ​ដែលមានសក្ដានុពល​ប្រើប្រាស់ក្នុងស្រុក ​និងនាំចេញទៅប្រទេសចំនួន ១៣ ​ដូចជាអាមេរិក ​កាណាដា រុស្ស៊ី ឥណ្ឌា ចិន សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី តៃវាន់ជាដើម។​ ការវិនិយោគរួម​ ក្នុងវិស័យថ្មអារ​ប្រមាណ ១៧០ ​លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម