Connect with us

ព័ត៌មានជាតិ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​បំភ្លឺ​ជុំវិញ​វីដេអូអត្ថាធិប្បាយ «វិបត្តិបំណុលនៅកម្ពុជា» មិន​ឆ្លុះ​បញ្ចាំងពីការពិត

បានផុស

នៅ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាន​បង្ហាញ​ការ​សោកស្តាយ និងស្នើកែតម្រូវ​ចំពោះ​វីដេអូអត្ថាធិប្បាយ «វិបត្តិបំណុលនៅកម្ពុជា» តាមទំព័របណ្តាញសង្គម The Kanitha Show ដែល​ចេញផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៣​។

​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា​បានអះអាង​ថា បទអត្ថាធិប្បាយនេះបានចោទប្រកាន់ដោយខ្វះមូលដ្ឋានចំណេះដឹងពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងប្រើប្រាស់តែទិន្នន័យ​តែពីអង្គការដែលគ្មានជំនាញវិជ្ជាជីវៈផ្នែកធនាគារនិង​ហិរញ្ញវត្ថុ ដោយមិនបានប្រើប្រាស់ទិន្នន័យពីប្រភពត្រឹមត្រូវដូចជាធនាគារជាតិនៃកម្ពុជា ឬសមាគម​មីក្រូ​ហិរញ្ញវត្ថុកម្ពុជា ដែលជាតំណាងស្របច្បាប់នៃវិស័យនេះ។ បទអត្ថាធិប្បាយនេះទៀតសោត ថែមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋគេចវេសមិនបំពេញកាតព្វកិច្ចសងប្រាក់មកកាន់គ្រឹះស្ថានដែលជាការរំលោភច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមយល់ឃើញថា បទអត្ថាធិប្បាយខាងលើមិនបានជួយដល់ប្រជាពលរដ្ឋខ្មែរ ហើយថែមទាំងបង្កចលាចល​សង្គម ដោយធ្វើឱ្យប្រជាជនយល់ច្រលំ បង្កើតហានិភ័យផ្នែកច្បាប់ដល់ប្រជាជន។

បទអត្ថាធិប្បាយនេះ ក៏នឹងធ្វើឱ្យបាត់បង់ទំនុកចិត្តលើគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ព្រមទាំងជំរុញឱ្យពលរដ្ឋងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជនឡើយ។

ក្នុង​សេចក្តីប្រកាស​ សមាគមបានព្យាយាមទំនាក់ទំនងទៅកាន់កម្មវិធី The Kanitha Show តាមរយៈលេខទូរសព្ទ័ សារអេទ្បិចត្រូនិច សារចូលក្នុងផេករបស់កម្មវិធី ដើម្បីផ្តល់ព័ត៌មាន និងទិន្នន័យបន្ថែម ប៉ុន្តែមិនមានការឆ្លើយតប។ ការមិនឆ្លើយតបនេះបង្ហាញពីភាពមិនខ្វល់ ក្នុងការស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយនិងអត្មានិយមប្រើប្រាស់បណ្តាញសង្គមទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន គ្មានឆន្ទៈក្នុងការជួយប្រជាជនកម្ពុជាពិតប្រាកដ។

បើតាម​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រីករាយក្នុងការផ្តល់ទិន្នន័យអំពីវិស័យមីក្រូហិរញ្ញវត្ថុជាពិសេស​ចំណេះដឹងហិរញ្ញវត្ថុ ជូនដល់កម្មវិធី The Kanitha Show ដើម្បីកម្មវិធីអាចបង្កើតមាតិកាចំណេះដឹងល្អជូនប្រជាជនកម្ពុជា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម