Connect with us

សេដ្ឋកិច្ច

ការនាំចេញផលិតផលស្វាយចន្ទីកែច្នៃសម្រេចបាន ៨៨ តោន ធ្លាក់ចុះ ៨៧% មន្ត្រី និងកសិករលើកហេតុផលអ្វីខ្លះ

បានផុស

នៅ

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ការនាំចេញស្វាយចន្ទីកែច្នៃ ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៤ បានចំនួន ៨៨តោន ថយចុះ ៨៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែកក្កដា នេះថា កង្វះទុនបង្វិលជាបញ្ហាប្រឈមរបស់សហគ្រាសកែច្នៃក្នុងស្រុក ដោយសារ​តែ​លក្ខខណ្ឌធនាគារ​ច្រើន​​ពេក ខណៈសហគ្រាសមិនអាចបំពេញបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុតថ្លែងថា៖« យើងមិនបន្ទោសស្ថាប័នហិរញ្ញវត្ថុទេ យើងក៏មានចំណែក​ទទួល​ខុស​​ត្រូវដែរ ដោយសារតែយើងមិនអាចរៀបចំ របាយការណ៍ហិរញ្ញវត្ថុឱ្យ​បានទាន់​ពេលវេលា ទៅ​តាម​ស្ដង់​ដារដែលគេចង់បាន អញ្ចឹងហើយធ្វើឱ្យសហគ្រាស​មិនអាចទទួល​បានប្រាក់កម្ចី​ទុន​បង្វិល»។

លោក អួន ស៊ីឡុត ប្រាប់ថា កន្លងមកធនាគារ SME ក៏បានជួយដែរ ប៉ុន្តែស្ថាប័នមួយនេះ មាន​ទឹក​ប្រាក់ ១០០ លានដុល្លារ ខណៈសហគ្រាសកែច្នៃខ្ចីបានប្រមាណតែ ៤ លានដុល្លារ រហូត​ដល់បច្ចុប្បន្ន ដោយសារតែលក្ខខណ្ឌកម្ចីពិបាក ខណៈយើងក៏មានកំហុសរៀប​ចំរបាយ​ការណ៍​​ហិរញ្ញវត្ថុ​មិនត្រូវតាមស្ដង់ដារ។

ម្យ៉ាងទៀត តម្លៃស្វាយចន្ទីនៅឆ្នាំនេះល្អ សហគ្រាសកែច្នៃប្រជែងទិញមិនឈ្នះវៀតណាម ធ្វើឱ្យ​ការ​​នាំ​ចេញ​ច្រើន។ សហគ្រាសកែច្នៃក្នុងស្រុក មានតម្រូវការទុនបង្វិលប្រមាណ ១០០ លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ការនាំចេញផលិតផលស្វាយចន្ទីកែច្នៃធ្លាក់ចុះ ដោយសារកម្ពុជាមានកំណើនកែច្នៃក្នុងស្រុក ខណៈកំណើនផលិត​ផលកែច្នៃបានផ្ដល់តម្លៃបន្ថែមខ្ពស់ដល់កសិករ និងសហគ្រាសកែច្នៃ ដែលនេះជារឿងល្អ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ក្រសួងកសិកម្ម កំពុងរៀបចំបង្កើតសហគមន៍កសិកម្មទំនើបសម្រាប់​ដំណាំស្វាយចន្ទី ខណៈដែលក្រសួងគាំទ្រទាំងទុន និងបច្ចេកទេស ព្រមទាំងរចនាសម្ព័ន្ធគ្រប់គ្រង និងស្វែងរកទីផ្សារស្វាយចន្ទីឱ្យបានមុនពេលផលិត។

កញ្ញា អ៊ឹម រចនា៖ «យើងលក់មុនពេលដែលយើងផលិត នៅពេលនេះគឺយើងអាចធានាបានថា ការ​ផ្គត់ផ្គង់ និងតម្រូវការមានសមាមាត្រគ្នា ដែលអាចធានាបាននូវស្ថិរភាពតម្លៃសម្រាប់កសិករ និង​អ្នកកែច្នៃ ព្រមទាំងកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារបរទេស»។

សមាគមស្វាយចន្ទីកម្ពុជាបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹង​ផលិត​​​​គ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញទៅក្រៅ​ប្រទេស ៧៥ ម៉ឺនតោន ដែលអាចរកចំណូលបានជាង ១ ពាន់លានដុល្លារ ខណៈ​ផលិត​កម្ម​ស្វាយ​​​ចន្ទីពិភព​លោកធ្លាក់ចុះ ប្រមាណ​៣០ភាគរយ។

នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ​ក្នុងនោះនាំចេញទៅ​ប្រទេសវៀត​ណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន ​កើនឡើង ៣៨ ភាគរយ ​បើប្រៀប​ធៀបរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន ​ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។ ​នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។

នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម