ព័ត៌មានជាតិ
ចិញ្ចឹមត្រីតាមតង់កៅស៊ូងាយស្រួល បានចំណូលប្រចាំថ្ងៃផង មិនបាច់ចាយលុយទិញត្រីពីផ្សារផង
សម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងមួយចំនួនបានប្រើប្រាស់ថវិកាបន្តិចបន្តួច ចំណាយទិញតង់កៅស៊ូសម្រាប់ចិញ្ចឹមត្រី ដើម្បីបម្រើដល់ការផ្គត់ផ្គង់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃក្នុងគ្រួសារ ដែលអាចកាត់បន្ថយការចំណាយថវិកាទិញពីទីផ្សារ ខណះក៏ជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។

មន្រ្តីជំនាញមើលឃើញថា ការចិញ្ចឹមត្រីជាលក្ខណះគ្រួសារតាមតង់កៅស៊ូ គឺជាការល្អប្រសើរសម្រាប់ដោះស្រាយធ្វើជាម្ហូបនៅក្នុងគ្រួសារ ស្របពេលបច្ចុប្បន្ននៅបឹងទន្លេសាបប្រភេទត្រីមួយចំនួនក៏មានកំណើនទាប។
អ្នកស្រី ចាន់ នី រស់នៅសង្កាត់រតន:ក្រុងបាត់ដំបង ក្នុងចំណោមពលរដ្ឋដែលទើបចាប់ផ្តើមចិញ្ចឹមត្រីតាមតង់បានឲ្យដឹងថា គ្រុមគ្រួសារអ្នកស្រីមានសមាជិកច្រើន ហើយការបរិភោគប្រចាំថ្ងៃភាគច្រើនគឺចូលចិត្តត្រីជាងសាច់ផ្សេងៗ។
ខណៈការចំណាយថវិកាទិញត្រីក៏ថ្លៃគួរសម អ្នកស្រីជ្រើសរើសការចិញ្ចឹមត្រីតាមតង់ បើទោះការចិញ្ចឹមលក់មិនសូវចំណេញ តែក៏បានចំណូលខ្លះក្នុងការផ្គត់ផ្គង់ក្នុងគ្រួសារដែរ។
អ្នកស្រីបន្តថា “តាមពិតទៅ ការចិញ្ចឹមត្រីក្នុងអាងតង់កៅស៊ូ គឺពិតជាល្អប្រសើរណាស់។ យើងចង់ស្លរស្ងោរអាំងចៀន ពេលណាក៏បាន មិនចាំបាច់ដើររកទិញនោះទេ ខ្ញុំចិញ្ចឹមត្រីអណ្តែង ហើយក្នុងនោះខ្ញុំបានដាក់ចិញ្ចឹមខ្យងស្រែមួយចំនួនផងដែរ។ សព្វថ្ងៃអត់ពិបាករឿងម្ហូបផង ទោះអត់លុយឲ្យតែមានអង្ករដាំបាយក៏មិនពិបាកដែរ”។
អ្នកស្រីបន្តថា ការចិញ្ចឹមនេះបានកាត់បន្ថយក្នុងការចំណាយថវិកាទិញពីទីផ្សារ និងអាចរកថវិកាបន្ថែមបាន ក្រោយពីសល់ពីការផ្គត់ផ្គង់ក្នុងគ្រួសារ។
ស្រ្តីរូបនេះបានអះអាងថា ការចិញ្ចឹមក៏មិនមានការប្រឈមនោះទេ ខណៈដែលរយះពេលនៃការហុចផលចន្លោះពី ៣ ទៅ ៤ ខែប៉ុណ្ណោះ ខណះទីតាំងសម្រាប់ការចិញ្ចឹមក៏មិនពិបាកដែរ គ្រាន់តែចំណាយថវិកាបន្តិចបន្តួចដើម្បីទិញតង់ចិញ្ចឹមទៅតាមទំហំតម្រូវការជាការស្រេច។


បើតាមនាយខ័ណ្ឌរដ្ឋបាលជលផលខេត្ត លោក ជួង សុភា បានឲ្យដឹងថា ការចិញ្ចឹមត្រីជាលក្ខណះគ្រួសារតាមតង់កៅស៊ូឬស្រះ គឺជាផ្នែកមួយដ៏ប្រសើរសម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃទៅលើម្ហូបអាហារផ្គត់ផ្គង់ប្រចាំថ្ងៃ កាត់បន្ថយការចំណាយ ឬប្រើឧបករណ៍ខុសច្បាប់ណាមួយ ដើម្បីទាញយកត្រីពីបឹងទន្លេសាប។
ការចិញ្ចឹមត្រីជាលក្ខណះគ្រួសារ មិនសូវចំណាយថវិការច្រើនពេកទេ ក្រៅពីតម្លៃតង់មួយចំនួនទៅតាមទំហំ។ កន្លងមកខាងលោកក៏បានអនុវត្តលើគម្រោងផងដែរ បានចុះទៅធ្វើការណែនាំ និងផ្តល់ចំណីត្រី ដែលការអនុវត្តតាមគម្រោងនេះ គឺសម្រាប់ការចិញ្ចឹមត្រីប្រភេទត្រី អណ្តែង ដើម្បីទ្រទ្រង់ជីវិភាពរបស់យុទ្ធជន នៅកងពលលេខ ៥៣ ដែលជាលទ្ធផល បានល្អប្រសើររហូតបច្ចុប្បន្ន។
លោក ជួង សុភា បានបន្ថែមថា ប្រភេទត្រីអណ្តែងជាត្រីមួយប្រភេទពេញនិយមលក់លើទីផ្សារ ហើយមានតម្លៃថ្លៃគួរសម ទាំងត្រីស្រស់ ទាំងត្រីឆ្អើរ ហើយការកែច្នៃធ្វើម្ហូបក៏បានច្រើនប្រភេទផងដែរ។
លោកថា ចំពោះការថែទាំ និងផ្តល់ចំណីសម្រាប់ប្រភេទត្រីអណ្ដែងមិនលំបាកទេ គឺផ្តល់តាមរយះកាកសំណល់ផ្ទះបាយ ហើយ ១ អាទិត្យដូរទឹកម្តង ត្រឹម ៥០ ភាគរយប៉ុណ្ណោះ មានន័យថា យកទឹកចេញត្រឹមពាក់កណ្តាល ហើយដាក់បញ្ចូលពាក់កណ្តាលវិញ។ តែទឹកដែលយកចេញគឺសម្រាប់ស្រោចទៅលើបន្លែគ្រប់ប្រភេទ ព្រោះជាប្រភពជីដ៏សំខាន់មួយដែលកើតចេញពីកាកសំណល់ផ្ទះបាយ មិនអាចយកចេញហើយចោលដោយអត់ប្រយោជន៍នោះទេ។
លោកក៏បានជំរុញឲ្យប្រជាពលរដ្ឋចិញ្ចឹមប្រភេទត្រីនេះផងដែរ ដោយសារតែមិនពិបាករកចំណីនោះទេ ហើយហុចផលមកវិញ ត្រឹមរយះពេល ៣ ទៅ ៤ ខែប៉ុណ្ណោះ។
បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង ចំនួនពលរដ្ឋដែលចិញ្ចឹមត្រីជាលក្ខណះគ្រួសារទាំងក្នុងស្រះនិងអាងតង់កៅស៊ូសរុបចំនួនជាង ៣ ០០០ គ្រួសារ ក្នុងនោះមានចិញ្ចឹមតាមតង់់កៅស៊ូចំនួន ៦៥ គ្រួសារ ដែលតួលេខនេះក្នុងឆ្នាំ ២០២៣ ចំពោះឆ្នាំ២០២៤ នៅមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


