ព័ត៌មានអន្ដរជាតិ
ការដាំក្បាលចុះនៃតម្លៃភាគហ៊ុនរបស់ PDD បង្ហាញពីស្ថានភាពយ៉ាប់យឺននៃសេដ្ឋកិច្ចចិន
ក្នុងអ្វីដែលអ្នកវិភាគហៅថាជាការព្រមានចុងក្រោយបំផុតដល់ទីផ្សារពិភពលោកអំពីសុខភាពសេដ្ឋកិច្ចចិន PDD Holdings ដែលជាក្រុមហ៊ុនមេរបស់វេទិកាលក់ឥវ៉ាន់អនឡាញ Temu និង Pinduoduo កាលពីថ្ងៃចន្ទ បានធ្វើឲ្យវិនិយោគិនភ្ញាក់ផ្អើលជាមួយនឹងការដាំក្បាលចុះនៃតម្លៃភាគហ៊ុនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

PDD Holdings គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំមួយរបស់ចិន ដែលជួយជំរុញលំហូរទំនិញ និងការចំណាយរបស់ប្រជាជនក្នុងស្រុកជាមួយនឹងការលក់ទំនិញអនឡាញថោកៗ នៅពេលដែលសេដ្ឋកិច្ចចិនស្ថិតនៅក្នុងស្ថានភាពអួរអាប់។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជាគំហុកប្រមាណ ២៩ ភាគរយ ក្នុងការជួញដូរកាលពីថ្ងៃចន្ទ ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតក្នុងកំណត់ត្រារបស់ក្រុមហ៊ុន ដោយធ្វើឱ្យរបូតតម្លៃទីផ្សារប្រមាណ ៥៥ ប៊ីលានដុល្លារ។
ការធ្លាក់ចុះនេះ កើតឡើងក្រោយក្រុមហ៊ុន PDD បានរាយការណ៍ពីកំណើនចំណូលតិចជាងការប៉ាន់ស្មាន។ នាយកប្រតិបត្តិក្រុមហ៊ុនលោក Chen Lei បានលើកឡើងក្នុងអំឡុងការសង្ខេបស្ដីពីប្រាក់ចំណូល យ៉ាងហោចណាស់ ៨ ដងថា ប្រាក់ចំណូល និងប្រាក់ចំណេញនឹង «ធ្លាក់ចុះដោយជៀសមិនរួច» ដោយសារកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ខណៈមានបញ្ហាប្រឈមថ្មីៗជាច្រើននៅខាងមុខ រាប់តាំងពីការប្រែប្រួលតម្រូវការរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងកាន់តែខ្លាំង និងភាពមិនច្បាស់លាស់ផ្សេងៗជាសកល។

អ្នកជំនាញមើលឃើញថា ការព្រមានរបស់ក្រុមហ៊ុន PDD បានធ្វើឱ្យវិនិយោគិនស្រឡាំងកាំង ដោយសារតែក្រុមហ៊ុននេះត្រូវបានគេមើលឃើញជាយូរមកហើយថា ជាអ្នកជំរុញកំណើនតម្រូវការ ជាមួយនឹងយុទ្ធសាស្រ្តលក់ផលិតផលថោកៗ តាមរយៈវេទិកាអនឡាញរបស់ខ្លួនដូចជា Pinduoduo ក្នុងស្រុកចិន និង Temu នៅបរទេស។
ការព្រមាននេះ បានធ្វើឱ្យទំនុកចិត្តរបស់វិនិយោគិនរង្គុះរង្គើ ហើយធ្វើឱ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះធ្ងន់ធ្ងរ។ អ្នកជំនាញលើកឡើងថា ស្ថានភាពរបស់ក្រុមហ៊ុន PDD បានបង្ហាញពីភាពកាន់តែផុយស្រួយនៃសេដ្ឋកិច្ចចិន ដែលទ្រុធទ្រោមដោយសារតែកម្សោយនៃតម្រូវការ និងការប្រកួតប្រជែងខ្លាំង។
គួរគូសបញ្ជាក់ថា ការប្រើប្រាស់ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចចិន បានធ្លាក់ចុះនៅឆ្នាំនេះបន្ទាប់ពីការស្ទុះងើបឡើងវិញនៃការចំណាយរបស់ប្រជាជនក្រោយវិបត្តិកូវីដ១៩កាលពីឆ្នាំមុន។ ដើម្បីទប់ទល់នឹងបញ្ហាសេដ្ឋកិច្ច ប្រជាជនចិនកាន់តែប្រុងប្រយ័ត្នបន្ថែមទៀតជាមួយនឹងការចំណាយរបស់ខ្លួន ដែលការណ៍នេះនាំឱ្យមាន «សង្គ្រាមតម្លៃ» ដ៏ខ្លាំងដើម្បីរក្សាចំណែកទីផ្សារក្នុងវិស័យផ្សេងៗ។
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


