ព័ត៌មានជាតិ
ធនាគារពិភពលោក និងរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើការអនុវត្តគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ តម្លៃ១៨៤.៩លានដុល្លារ
រដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកអនុវត្តគម្រោង។

បើយោងតាមMISTI គម្រោងនេះមានគោលបំណងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០។
គម្រោងដែលមានរយៈពេល៥ឆ្នាំនេះ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦៣លានដុល្លារជាហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ៤,៣លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងប្រមាណ១៧,៦លានដុល្លារជាការវិនិយោគពីវិស័យឯកជន។

លោក ហែម វណ្ណឌី បានលើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងចាត់ចែងអនុវត្តសកម្មភាពការងារជាយុទ្ធសាស្ត្រមួយចំនួន ដូចជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយទឹកស្អាត និងអនាម័យ, ការសិក្សារៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតតាមបណ្តាខេត្ត, ការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទឹកស្អាត ពិសេសរដ្ឋាករទឹកសាធារណៈ, ការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាការរៀបចំយន្តការហិរញ្ញវត្ថុ និងស្ថាប័ន ដើម្បីពន្លឿនកំណើននៃវិស័យនេះ។
លោកបានថ្លែងថា៖ “គោលដៅចម្បង គឺអង្គភាពរដ្ឋាករទឹកទាំងអស់ត្រូវមានសមត្ថភាពរឹងមាំក្នុងរយៈពេល៣ ទៅ ៤ឆ្នាំខាងមុខ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលអន្តរាគមន៍ផ្គត់ផ្គង់ទឹកស្អាតតាមគ្រប់រូបភាពនៅតាមតំបន់នានា និងឆ្លើយតបបានតាមតម្រូវការរីកចម្រើននៃវិស័យឧស្សាហកម្ម ធុរកិច្ច និងទីផ្សារ ក៏ដូចជាវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាជារួម ខណៈដែលយើងកំពុងវិវត្តឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលពឹងផ្អែកលើឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។”

លោក ហែម វណ្ណឌី បានលើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករទឹកស្អាត ដើម្បីដោះស្រាយបញ្ហានៃការបាត់បង់ប្រភពទឹក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ក្រសួងក៏កំពុងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកលើបណ្តាញទឹកស្អាតផងដែរ។

សមាសធាតុទី១នៃគម្រោង ផ្តោតលើការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីសម្រាប់រដ្ឋាករទឹក នៅក្រុងសែនមនោរម្យ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និងស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង ដោយពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់ទាំងនោះ។ ប្រតិបត្តិករឯកជន ដែលទទួលបានជំនួយបច្ចេកទេសគឺនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងក៏អាចទទួល ជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុពីគម្រោងនេះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ