ព័ត៌មានអន្ដរជាតិ
IMF៖ គោលនយោបាយពន្ធពាណិជ្ជកម្មដូចរបស់ ត្រាំ អាចប៉ះពាល់កំណើនសេដ្ឋកិច្ចសកល
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់ខ្លួន ថា វិធានការពន្ធលើពាណិជ្ជកម្ម ដែលជាទំនោរគោលនយោបាយការពារនិយមរបស់បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំផ្សេងៗ។

ស្ថាប័នផ្ដល់ប្រាក់កម្ចីអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនដដែល មិនបានចុចចំឈ្មោះលោក ត្រាំ នោះទេ ប៉ុន្តែថា វិធានការដំឡើងពន្ធបង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មសងសឹកគ្នាទៅវិញទៅមក ដែលធ្វើឱ្យខូចខាតសេដ្ឋកិច្ចដល់ប្រទេសដែលពាក់ព័ន្ធក្នុងជម្លោះ និងសេដ្ឋកិច្ចពិភពលោកទាំងមូល។
IMF បានឱ្យដឹងថា មានការកើនឡើងយ៉ាងខ្លាំងនៃចំនួន «វិធានការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម» ដែលបានអនុវត្តដោយប្រទេសនានាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដោយកើនឡើងពី ១ ០០០ ករណី នៅឆ្នាំ ២០១៩ ដល់ ៣ ០០០ ករណី នៅឆ្នាំ ២០២៤ ខណៈរលកថ្មីនៃវិធានការពន្ធ នឹងបង្កើតគ្រោះថ្នាក់បន្ថែមទៀត។
ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas បានថ្លែងថា ពិភពលោកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកចំណុចដែលធ្វើឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយ «វិធានការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្មទាំងនេះជាច្រើន អាចឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ប្រទេសដែលអាត្មានិយម ហើយទីបំផុត អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាប្រទេសខ្លួនឯងផ្ទាល់ដែលអនុវត្តវា»។ លោកបន្តថា ផលប៉ះពាល់លើពាណិជ្ជកម្មពិភពលោក ក៏ធ្វើឱ្យប្រជាជនក្នុងប្រទេសដែលអនុវត្តវិធានការពន្ធ កាន់តែក្រីក្រផងដែរ។

របាយការណ៍របស់ IMF ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានព្យាករថា ពិភពលោកនឹងមើលឃើញពីកំណើនសេដ្ឋកិច្ច ៣,២ ភាគរយ សម្រាប់ឆ្នាំ ២០២៤ និងឆ្នាំ ២០២៥។ យ៉ាងណាមិញ ស្ថាប័នហិរញ្ញវត្ថុដដែលបានលើក វិធានការពន្ធខ្ពស់លើពាណិជ្ជកម្មពិភពលោកត្រឹមពាក់កណ្តាលឆ្នាំក្រោយ អាចកាត់បន្ថយ ០,៨ ភាគរយ នៃកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ និង ១,៣ ភាគរយ នៅឆ្នាំ ២០២៦។
ការព្រមានរបស់ IMF ដែលចាត់ទុកសហរដ្ឋអាមេរិកថាជា «ម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ចសកល» ធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិកត្រៀមការបោះឆ្នោតប្រធានាធិបតីនាដើមខែវិច្ឆិកាខាងមុខ។
លោក ត្រាំ ដែលជាគូប្រជែងរបស់លោកស្រី កាម៉ាឡា ហារីស លើការបោះឆ្នោត កន្លងមកបានបង្កើនវោហាសាស្រ្តរបស់ខ្លួនម្ដងហើយម្ដងទៀតស្ដីពីការដំឡើងពន្ធលើទំនិញនាំចូល ជាពិសេសពីម៉ិកស៊ិក និងចិន។ លោក ត្រាំ បានប្តេជ្ញាដាក់ពន្ធ ១០ ភាគរយ លើគ្រប់មុខទំនិញដែលនាំចូលទៅអាមេរិក និង ៦០ ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ខណៈរដ្ឋបាលអាមេរិក ដែលបច្ចុប្បន្នដឹកនាំដោយគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី ចូ បៃដិន ក៏ពង្រឹងលើវិធានការពន្ធផងដែរ។

មិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ដែលពង្រឹងគោលនយោបាយការពារនិយមរបស់ខ្លួន ប្រទេសលោកខាងលិចផ្សេងៗទៀត ដូចជា សហភាពអឺរ៉ុប និងកាណាដា ក៏ប្រកាន់ខ្ជាប់នូវវិធានការដូចគ្នាផងដែរ ដោយភាគច្រើនផ្ដោតគោលដៅលើប្រទេសចិន។ ការណ៍នេះ បានបង្កជាការសងសឹកពីក្រុងប៉េកាំង ដែលកន្លងមក បានដាក់វិធានការឆ្លើយតបមួយចំនួន ជាពិសេសលើទំនិញដែលនាំចូលពីអឺរ៉ុបទៅចិន។
ក្រៅតែហានិភ័យពាណិជ្ជកម្ម របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ IMF ក៏បានគូសបញ្ជាក់ពីហានិភ័យផ្សេងៗទៀត រួមមានទាំងលទ្ធភាពនៃការកើនឡើងតម្លៃប្រេង និងទំនិញផ្សេងៗ ដែលរួមចំណែកដោយជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែនជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


