ព័ត៌មានជាតិ
លម្អិតគម្រោងផ្លូវដែកចាយទុនរយលានដុល្លារ រដ្ឋាភិបាលកម្ពុជាគ្រោងស្តារនិងអភិវឌ្ឍឲ្យចេញជារូបរាងត្រឹមឆ្នាំ ២០៣៣
បណ្តាញផ្លូវដែកនៅកម្ពុជា នឹងត្រូវអភិវឌ្ឍជាពីរដំណាក់កាល។ ដំណាក់កាលទីមួយត្រឹមឆ្នាំ ២០២៧ ជាដំណាក់កាលដំបូង ត្រូវលើកកម្រិតបណ្តាញផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដែលមានស្រាប់ទៅជាផ្លូវដែកដែលមានសមត្ថភាព ដូចផ្លូវដែកភាគខាងត្បូង គឺមានល្បឿនដឹកជញ្ជូនអ្នកដំណើរ ៨០ គីឡូម៉ែត្រ/ម៉ោង រីឯល្បឿនដឹកជញ្ជូនទំនិញ ៤០ គីឡូម៉ែត្រ/ម៉ោង។
ដំណាក់កាលទីពីរគិតត្រឹមឆ្នាំ ២០៣៣ បណ្តាញផ្លូវដែកមានទម្រង់ជា «កាំ ៣ ខ្សែ» នឹងត្រូវបានសាងសង់រួមមាន៖ (១) ផ្លូវដែកល្បឿនលឿនភាគខាងជើងតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ, (២) ផ្លូវដែកល្បឿនលឿនភាគឦសានតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ឡាវ, (៣) ផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងនោះក៏មាន ផ្លូវដែកល្បឿនលឿនភាគនិរតីតភ្ជាប់ទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងផ្លូវដែកល្បឿនលឿនភាគពាយព្យតភ្ជាប់ពី ភ្នំពេញ-កំពង់ធំ-សៀមរាប-សិរីសោភ័ណ។

ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣ -២០៣៣ រដ្ឋាភិបាលកម្ពុជាគ្រោងអភិវឌ្ឍខ្សែផ្លូវដែកល្បឿនលឿនមេដឹកជញ្ចូនអ្នកដំណើរ និងទំនិញ មានទម្រង់កាំ ដែលតភ្ជាប់ទៅកាន់ទីក្រុង និងកំពង់ផែធំៗនៃតំបន់ពាយ័ព្យ ភាគអាគ្នេយ៍ និងនិរតីនៃប្រទេសកម្ពុជា។ ខ្សែផ្លូវដែកល្បឿនលឿនទាំងនោះរួមមាន៖ ផ្លូវដែកល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (ភាគខាងត្បូងត្រូវបានស្ដារពីផ្លូវដែកមានស្រាប់ទៅជាផ្លូវដែកល្បឿនលឿន) ភ្នំពេញ-ប៉ោយប៉ែត (ភាគខាងជើងត្រូវបានស្ដារពីផ្លូវដែលមានស្រាប់ ទៅជាផ្លូវដែកល្បឿនលឿន) ផ្លូវដែកល្បឿនលឿនថ្មីភ្នំពេញ-កំពង់ធំ-សៀមរាប-ប៉ោយប៉ែត និងផ្លូវដែកល្បឿនលឿនថ្មីភ្នំពេញ-បាវិត (ផ្លូវដែកតភ្ជាប់ជាមួយប្រទេសវៀតណាម)។

ការស្ដារឡើងវិញកំណាត់ខ្សែផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត (ផ្លូវដែកភាគខាងជើងមានស្រាប់)
ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត ជាខ្សែរត់ភាគខាងជើងដែលមានស្រាប់រត់ឆ្លងកាត់តំបន់ប្រមូលផ្តុំដោយប្រជាជនរស់នៅកុះករ និងជាតំបន់សំខាន់បំផុតមួយនៃភាគខាងត្បូងបឹងទន្លេសាប។
ខ្សែរត់នេះមិនត្រឹមតែជាសរសៃឈាមដឹកជញ្ជូនតភ្ជាប់មណ្ឌលសេដ្ឋកិច្ចរាជធានីភ្នំពេញ ទៅតំបន់បឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែជាច្រករបៀងសំខាន់សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរវាងកម្ពុជា និងថៃ។ កំណាត់ខ្សែផ្លូវដែកនេះ ជាផ្នែកមួយដ៏សំខាន់នៃខ្សែផ្លូវដែកភាគខាងកើតនៃបណ្តាញផ្លូវដែកអាស៊ី។ ផ្លូវដែកខ្សែភាគខាងជើង ដែលមានស្រាប់ចាប់ផ្ដើមពីរាជធានីភ្នំពេញនៅភាគខាងកើតឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យបន្តទៅភាគខាងលិច ដោយតភ្ជាប់ជាមួយផ្លូវដែកថៃនៅច្រកព្រំដែន ប៉ោយប៉ែតដែលមានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ។
ខ្សែរត់នេះគ្រោងស្ដារឡើងវិញនូវផ្លាកសញ្ញា ឧបករណ៍ផ្តល់ព័ត៌មាន និងសម្ភារបន្ទាប់បន្សំ ការដោះស្រាយបញ្ហានៅក្នុងស្ថានីយរថភ្លើង រថភ្លើង ស្រទាប់គ្រឹះក្រោមផ្លូវដែក ស្ពាននិងខ្សែផ្លូវ ការជួសជុលស្ថានីយចំណត ការកែលម្អកន្លែងអ្នកដំណើររង់ចាំ និងផ្លូវអ្នកដំណើរ ចេញ/ចូលស្ថានីយ ក៏ដូចជាការតភ្ជាប់ជាមួយមធ្យោបាយដឹកជញ្ជូនផ្សេងទៀត និងការរៀបចំដឹកជញ្ជួន អ្នកដំណើរ និងទំនិញប្រកបដោយប្រសិទ្ធភាព។
លើសពីនេះទៀត ការកែសម្រួលកាំកំណោងផ្លូវដែក ដែលមានស្រាប់នឹងជួយធានាឱ្យរថភ្លើងប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចបង្កើនល្បឿនរថភ្លើងបាន។

ការស្តារឡើងវិញខ្សែផ្លូវដែកភាគខាងត្បូងភ្នំពេញ-ព្រះសីហនុដែលមានស្រាប់
ផ្លូវដែកភ្នំពេញ-ព្រះសីហនុ ជាផ្លូវដែកភាគខាងត្បូងដែលមានស្រាប់ជាខ្សែតភ្ជាប់ដ៏សំខាន់រវាងរាជធានី ភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅដ៏សំខាន់បំផុតនៅកម្ពុជា និងជាច្រកទទួលអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ។ លើសពីនេះ កំណាត់ផ្លូវដែកនេះបានភ្ជាប់គម្រោងផ្លូវដែក អាស៊ីភាគខាងកើតជាមួយនឹងផ្លូវដែក ភ្នំពេញ-វៀតណាម។
ផ្លូវដែកភាគខាងត្បូងដែលមានស្រាប់នេះ ចាប់ផ្តើមពីរាជធានីភ្នំពេញភាគខាងជើងឆ្ពោះទៅភាគខាងត្បូងតាមបណ្ដោយផ្លូវជាតិលេខ ៣ ឆ្លងកាត់ខេត្តកណ្តាល តាកែវ និងកំពត និងបញ្ចប់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានប្រវែងសរុប ២៦៦គីឡូម៉ែត្រ។
កំណាត់ផ្លូវដែកនេះ ផ្តោតជាចម្បងលើការដឹកជញ្ជូនទំនិញ និងអ្នកដំណើរក្នុងពេលដំណាលគ្នា។ ខ្សែរត់នេះ ត្រូវបានគ្រោងស្តារឡើងវិញនូវផ្លាកសញ្ញា ( ឧបករណ៍ផ្ដល់ព័ត៌មាន និងសម្ភារបន្ទាប់បន្សំ ការដោះស្រាយ បញ្ហានៅក្នុងស្ថានីយរថភ្លើង រថភ្លើង ស្រទាប់គ្រឹះក្រោមផ្លូវដែក ស្ពាននិងខ្សែផ្លូវ ការជួសជុលស្ថានីយ ចំណត ការកែលម្អកន្លែងអ្នកដំណើររង់ចាំ និងផ្លូវអ្នកដំណើរចេញ/ចូលស្ថានីយ ក៏ដូចជាតភ្ជាប់ជាមួយមធ្យោបាយដឹកជញ្ជូនផ្សេងទៀត និងការរៀបចំដឹកជញ្ជូនអ្នកដំណើរ និងទំនិញប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៀត ការកែសម្រួលកាំកំណោងផ្លូវដែកដែលមានស្រាប់ នឹងជួយធានាឱ្យរថភ្លើងប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព និងអាចបង្កើនល្បឿនរថភ្លើង។
ការស្ថាបនាខ្សែផ្លូវដែកភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម)
ខ្សែរត់ភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) ជាច្រករបៀងមេតភ្ជាប់រវាងកម្ពុជានិងប្រទេស វៀតណាម ដែលជាតំណភ្ជាប់រាជធានីភ្នំពេញជាមួយទីក្រុងហូជីមិញ។
ខ្សែរត់នេះជារបៀងដឹកជញ្ជូនសម្រាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចរាជធានីភ្នំពេញទៅទិសខាងកើត។ ជាមួយគ្នានេះ កំណាត់ផ្លូវដែកនេះជាផ្នែកមួយដ៏សំខាន់នៃខ្សែផ្លូវដែកភាគខាងកើតនៃបណ្តាញផ្លូវដែកអាស៊ីតភ្ជាប់រួមគ្នា ជាមួយកំណាត់ផ្លូវដែកភាគខាងជើង ដែលមានស្រាប់ និងកំណាត់ផ្លូវដែកទីក្រុងហូជីមិញ-ច្រកព្រំដែនម៉ុកបៃ ក្នុងប្រទេសវៀតណាម។ ខ្សែរត់នេះ ចាប់ផ្ដើមពីរាជធានីភ្នំពេញតម្រង់ទៅទិសអាគ្នេយ៍ឆ្លងកាត់ទន្លេបាសាក់ ចំណតផែថ្មីរបស់កំពង់ផែស្វយ័ត ភ្នំពេញ បន្ទាប់មកលាតសន្ធឹងទៅទិសខាងកើតតាមបណ្ដោយផ្លូវជាតិលេខ១ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង និងបញ្ចប់នៅត្រឹមមាត់ច្រកបាវិត (ព្រំដែនកម្ពុជា-វៀតណាម) ដោយមានប្រវែងសរុប ១៥០ គីឡូម៉ែត្រ។
ផ្លូវដែកនេះផ្តល់សារៈសំខាន់ជាចម្បង សម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរក្នុងពេល ដំណាលគ្នា។ បន្ទាប់ពីស្ថាបនាផ្លូវដែកនេះ រថភ្លើងដឹកអ្នកដំណើរអាចចរាចរបានទៅមកមួយជើង/ថ្ងៃ និងអាចបើកបរបានក្នុងល្បឿន ១៦០គីឡូម៉ែត្រ/ម៉ោង។ ដង់ស៊ីតេរំហូរទំនិញនៃកំណាត់ផ្លូវដឹកជញ្ជូនទំនិញ ច្រើនជាងគេនឹងមានបរិមាណដល់ ១,២៦លានតោន/ឆ្នាំ ជាមួយនឹងល្បឿននៃការដឹកជញ្ជូនទំនិញលើស ពី ៨០គីឡូម៉ែត្រ/ម៉ោង។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Yunnan Linkun Investment Group ដឹកនាំដោយលោក YUAN LINKUN ប្រធានក្រុមហ៊ុន ដើម្បីសិក្សាស្វែងយល់បន្ថែម ពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផែនការមេអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា។

នាឱកាសនោះ គណៈប្រតិភូក្រុមហ៊ុនចិនក៏ចាប់អារម្មណ៍ ក្នុងការស្វែងយល់បន្ថែមក្នុងការវិនិយោគខ្សែផ្លូវដែកថ្មីតភ្ជាប់ពីកម្ពុជាទៅវៀតណាម និងកម្ពុជាទៅឡាវ ជាមួយនឹងទស្សនទាននៃការសិក្សាបណ្ដាញផ្លូវដែកល្បឿនលឿនថ្មីនៅក្នុងប្រទេសផងដែរ។
ក្នុងជំនួបពិភាក្សាជាមួយវិនិយោគិនចិន លោក វ៉ាស៊ឹម សុរិយា ក៏បានប្រាប់ដល់ប្រតិភូវិនិយោគិនចិន ពីទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការជំរុញនិងលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែរបស់ប្រទេសកម្ពុជា ឱ្យមានសមត្ថភាពស្មើគ្នាដល់កម្រិតល្បឿន ៨០ km/h និងជំរុញការចចារបញ្ចប់កិច្ចសន្យាសម្បទានផ្លូវដែកថ្មីឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កម្ពុជាមានគម្រោងផ្លូវដែកចំនួន ០៨ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់បញ្ចូលក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣ -២០៣៣ ក្នុងចំណោមផែនការមេសរុបចំនួន ១៧៤ គម្រោង ដែលគ្រោងចំណាយទុនវិនិយោគរាប់ពាន់លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


