ព័ត៌មានជាតិ
ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិក RCEP សម្រេចទឹកប្រាក់បានជិត២៤ពាន់លានដុល្លារក្នុងរយៈ១១ខែ
កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ២៣,៩៣ ពាន់លានដុល្លារអាមេរិកទៅកាន់បណ្តាប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៤ កើនឡើង ១៦,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនឆ្លុះបញ្ចាំងអំពីសន្ទុះនៃកំណើនតម្រូវការនៅក្នុងតំបន់កាន់តែខ្លាំងឡើង។

យោងតាមរបាយការណ៍ពីអគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា (GDCE) ទំនិញនាំចេញសំខាន់ៗរួមមានសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កង់ សំបកកង់រថយន្ត និងកសិផលដែលមានសក្តានុពលដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក ស្វាយ និងផ្លែមៀន។ ចំពោះប្រទេសគោលដៅនាំចេញធំៗទាំង៤ រួមមានវៀតណាម ចិន ជប៉ុន និងកាណាដា។
ជាមួយគ្នានេះដែរ កម្ពុជាក៏បាននាំចូលពីបណ្តាសមាជិកនៃ RCEP មានទឹកប្រាក់សរុបជិត ២៦ពាន់លានដុល្លារក្នុងអំឡុងពេលខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ កើនឡើងជិត១៨ ភាគរយធៀបនឹងឆ្នាំមុន។
ផលិតផលនាំចូលសំខាន់ៗរួមមានប្រេង វត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ យានជំនិះ គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក និងផលិតផលប្រើប្រាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍កន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី (FTAs) បានផ្តល់លទ្ធភាពដល់កម្ពុជាទទួលបានទីផ្សារដ៏ធំសម្រាប់ផលិតផលក្នុងស្រុក។
លោកបានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) កម្ពុជាបានផ្តល់ដល់អ្នកវិនិយោគ និងអ្នកនាំចេញនូវទីផ្សារចំនួន២,3 ពាន់លាននាក់ ដែលតំណាងឱ្យជិតមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
សម្តេចធិបតី បានមានប្រសាសន៍ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យានាពេលថ្មីៗនេះថា៖«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់យើងជាមួយប្រទេសចិន និងកូរ៉េខាងត្បូង រួមជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងជាមួយអេមីរ៉ាតអារ៉ាប់រួម បើកទ្វារឱ្យយើងទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចរស់រវើកបំផុតមួយចំនួនរបស់ពិភពលោក«។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់កម្ពុជាថ្មីមានប្រសាសន៍ថា ទោះបីពេលនេះការគំរាមកំហែងពីវិបត្តិកូវីដ ១៩ លើពិភពលោកបានភាពធូរស្រាល ប៉ុន្តែវិបត្តិសេដ្ឋកិច្ចសកលដែលទើបកើតមានថ្មីៗបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន … និងបញ្ហាអតិផរណា គឺបានធ្វើឱ្យកម្លាំងបញ្ជាទិញនៅលើទីផ្សារធំៗធ្លាក់ចុះផងដែរ។ លោកបន្តថា ទោះយ៉ាងណា ដោយសារកម្ពុជាជាសមាជិករបស់ RCEP ដូច្នេះកំណើននៃការនាំចេញគឺនឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀត។
លោកថ្លែងថា៖«RCEP បានចូលរួមចំណែកយ៉ាងច្រើនក្នុងការបើកទីផ្សារនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ»។

អាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់។ RCEP មានសុពលភាពអនុវត្ត ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
សមាជិកអាសិបទាំងអស់ត្រូវបានគ្របដណ្តប់លើប្រជាជនប្រមាណ ២,២ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ព្រមទាំងមានផលិតផលក្នុងស្រុកប្រមាណ ២៦,២ទ្រីលានដុល្លារ ឬ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានទំហំពាណិជ្ជកម្មប្រមាណ ២៨ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


