សេដ្ឋកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាង ក្រុងអរិយក្សត្រ នឹងអភិវឌ្ឍដូចរាជធានីភ្នំពេញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជឿជាក់ថា ក្រុងអរិយក្សត្រនឹងក្លាយជាតំបន់ដែលមានសក្ដានុពលឧស្សាហកម្ម និងសេវាកម្មដូចរាជធានីភ្នំពេញនៅពេលអនាគត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងទីក្រុងមេគង្គឃី ក្នុងភូមិសាស្ត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤។

សម្ដេចធិបតីមានប្រសាសន៍ថា៖ «ការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធ យើងឃើញថា ពីឆ្នាំ ១៩៧៩ មក មានស្ពានតែមួយ កន្លះទេ ១ គឺស្ពានព្រះមុនីវង្ស មួយទៀតគឺស្ពានជ្រោយចង្វា ដែលដាច់មួយកំណាត់ ពីក្មេងខ្ញុំឧស្សាជិះកង់ទៅកន្លែងចុងស្ពានដែលដាច់ហ្នឹងមើលទៅម្ខាងទៀត ឃើញតែសសរ ២ អាកណ្ដាលបាត់ ព្រោះគេដាក់កម្ទេច ហើយម្ខាងទៀត ជិះទូកទៅអត់មានអីទេ ប៉ុន្តែការតភ្ជាប់ស្ពាន ការតភ្ជាប់ស្ពានជ្រោយចង្វានេះ បានធ្វើឱ្យសេដ្ឋកិច្ច នៅទិសខាងកើតបានរីក»។
សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា៖ «ការតភ្ជាប់ដំបូងគឺរីក ខ្ញុំចាំបានថា កាលនោះសម្បូរ ភោជនីយដ្ឋាន ឱ្យតែគេណាត់ជួបគ្នា គឺគេទៅត្រើយម្ខាងហើយ ខ្ញុំពីក្មេងឧស្សាហ៍ទៅនោះដែរ មើលកំប្លែងនាយកុយ នាយក្រឹម អញ្ចឹងទៅ សេដ្ឋកិច្ចចាប់ផ្ដើមដើរ»។

សម្ដេចធិបតីបន្ថែមថា បច្ចុប្បន្នតភ្ជាប់បន្ថែមស្ពាន នៅទិសខាងកើតកាន់តែរីក ព្រែកព្នៅដូចគ្នា ពេលដែលស្ពានព្រែកព្នៅចាប់ផ្ដើមតភ្ជាប់សកម្មភាព សេដ្ឋកិច្ចទាំងនោះ ក៏កើន តភ្ជាប់ពីផ្លូវជាតិលេខ ៦A ឃើញថា នៅខាងខ្សាច់កណ្ដាល ខាងវិហារសួគ៍ ពេលដែលយើងតភ្ជាប់ស្ពានព្រែកតាម៉ាក់ ចាប់ផ្ដើមជំរុញសេដ្ឋកិច្ច ហើយផ្លូវជាតិលេខ ៨ ចាប់ផ្ដើមមានសកម្មភាព រោងចក្រ យកទៅដាក់នៅកន្លែងនោះ ដូច្នេះការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធ នឹងធ្វើឱ្យតំបន់ទិសខាងកើតរីកចម្រើន។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ជាក់ស្ដែងនៅបណ្ដាប្រទេសជាច្រើន ខ្ញុំមើលតែនៅកូរ៉េ ទន្លេហាន ពីមុនគឺគាត់រីកនៅទិសខាងលិច ដល់ក្រោយមកគាត់ចាប់ផ្ដើមរីកទៅទិសខាងកើតដូចគ្នា យូរទៅ នៅបាងកក ទន្លេចៅប្រាយ៉ា ពីឆ្វេងខាងកើតដូចគ្នា អញ្ចឹងខ្ញុំមានសុទិដ្ឋនិយមថា ខាងកើតទន្លេនៅអរិយក្សត្រនេះ មិនយូរមិនឆាប់ នឹងក្លាយទៅជាតំបន់សក្ដានុពល នឹងមានដូចត្រើយខាងលិចដែរ»។

សម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា ការតភ្ជាប់នៅថ្ងៃមុខ នឹងឈានទៅដល់ត្រើយខាងកើតមិនមែនមានតែឈ្មោះថា ក្រុងអរិយក្សត្រទេ មិនមែនជាក្រុងកសិកម្មទេ ប៉ុន្តែទៅជាក្រុងឧស្សាហកម្ម ក្រុងសេវាកម្មដូចម្ខាងទៀតដែរ។
គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបមេគង្គឃីដ៏ថ្មីសន្លាងដែលជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group ស្ថិតនៅតាមដងទន្លេមេគង្គ ទល់មុខទន្លេចតុមុខ ក្នុងក្រុងអរិយក្សត្រ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នៅលើផ្ទៃដី ២១០ ហិកតា។

ក្នុងនោះផ្ទៃដី ១៤០ ហិកតា ក្រុមហ៊ុនគ្រោងអភិវឌ្ឍ ដោយបែកចែកជា ៦វិស័យសំខាន់ៗ៖
១. វិស័យពាណិជ្ជកម្ម រួមមានបណ្តុំអគារការិយាល័យ ផ្សារទំនើបតាមដងទន្លេ ដែលជាការអភិវឌ្ឍយ៉ាងសំខាន់ ក្នុងគោលដៅជំរុញសេដ្ឋកិច្ច ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់បម្រើតម្រូវការជាច្រើនដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។
២. វិស័យលំនៅដ្ឋាន មានបុរី ខុនដូ វិឡាឯកជន ដែលមានរចនាបែបសម័យ គុណភាព និងទស្សនីយភាពប្លែកដែលគិតគូរដល់បរិស្ថាន។ ៣. វិស័យបដិសណ្ឋារកិច្ច មានដូចជាសណ្ឋារគារលំដាប់អន្តរជាតិ រីសត ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលសន្និបាត។
៤. វិស័យអប់រំ រួមមានបង្កើតសាលារៀន បណ្ណាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា និងជំនាញ ទាំងនេះមានសារៈសំខាន់ ការអភិវឌ្ឍចំណេះដឹង ជំនាញ ការផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយនិងសហគមន៍។
៥. វិស័យសុខាភិបាល ក្រុមហ៊ុនមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបង្កើតមន្ទីរពេទ្យ គ្លីនិក មជ្ឈមណ្ឌលសុខភាព ដែលនឹងបំពាក់គ្រឿងបរិក្ខាទំនើបៗ។
ទី.៦ វិស័យទេសចរណ៍ និងវប្បធម៌ ដែលផ្នែកនេះនឹងត្រូវបង្កើតឡើងដើម្បីជួយជំរុញ ការផ្សព្វផ្សាយវប្បធម៌ និងជាមជ្ឈមណ្ឌលទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទីតាំងនេះ នឹងរួមបញ្ចូលរោងមហោស្រព ដែលនឹងបង្ហាញសិប្បកម្មក្នុងស្រុក ការសម្តែង ប្រពៃណី និងប្រវត្តិសាស្រ្តខ្មែរ និងរួមបញ្ចូលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត។
ដោយឡែក សម្រាប់ផ្ទៃដី ៧០ ហិកតា ក្រុមហ៊ុននឹងរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមានរៀបចំបណ្ដាញផ្លូវសាធារណៈ ដូចជា សាងសង់ច្រាំងទន្លេ ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រក្នុងគោលដៅលើកស្ទួយគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើជាផលប្រយោជន៍សាធារណៈ៕
អត្ថបទ៖ ឡេង ដេត

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់