សេដ្ឋកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តអនុវត្តយន្តការពិគ្រោះ ជាមួយប្រទេសសហភាគីពីរដងក្នុងមួយឆ្នាំ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តអនុវត្តយន្តការពិគ្រោះជាមួយសហភាគីរួមមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ឱ្យបានពីរដងក្នុងមួយឆ្នាំ ព្រមទាំងសិក្សាវាយតម្លៃ និងធ្វើអាទិភាវូបនីយកម្មសម្រាប់ការលើកទឹកចិត្ត វិនិយោគតាមវិស័យ និងទីតាំងភូមិសាស្ត្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នៅវិមានរដ្ឋាភិបាល។
នៅក្នុងឱកាសនោះ សម្ដេចធិបតីក៏បានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារៀបចំយន្តការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ. ឬ QIP) ក្រោយទទួលបានវិញ្ញាបនបត្រជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរៀបចំយន្តការប្រទាក់ក្រឡាធ្វើឱ្យមានសង្គតិភាព នៃលំហូរការងារវិនិយោគ រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី ខេត្ត ដោយឈរលើស្មារតីសហការគ្នា ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

សម្ដេច ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអនុវត្តឱ្យបានពេញលេញលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈអនុគណៈកម្មាធិការវិនិ យោគរាជធានី ខេត្ត ព្រមទាំងធ្វើសន្ធានកម្មតភ្ជាប់តាមថ្នាល បច្ចេកវិទ្យាអេកូឡូស៊ី ដែលមានស្រាប់ ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបង្កើតជាបណ្តុំទិន្នន័យរួមសព្វជ្រុងជ្រោយមានសក្តានុពល បម្រើជាប្រយោជន៍ដល់វិនិយោគិន ក៏ដូចជាសម្រួលការផ្តល់សេវាសាធារណៈពាក់ព័ន្ធជំរុញការរៀបចំការផ្តល់ព័ត៌មានវិនិយោគ សម្បូរបែប ចំគោលដៅ និងមានភាពទាក់ទាញ ដើម្បីឱ្យវិនិយោគិន បណ្តាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ទទួលបាន បច្ចុប្បន្នភាពកាន់តែស៊ីជម្រៅអំពីសក្តានុពលរបស់កម្ពុជា និងនីតិវិធីពាក់ព័ន្ធការស្នើសុំវិនិយោគ។
ជាមួយគ្នានេះ សម្ដេចក៏បានណែនាំឱ្យ ពង្រឹងការលើកកម្ពស់ធនធានមនុស្សសម្រាប់ការផ្តល់សេវាជូនវិនិយោគិនប្រកប ដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយហេតុថា ធនធានមនុស្សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែជះឥទ្ធិពលកម្រិតអន្តរក្រសួង ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែការលើកកម្ពស់ធនធានមនុស្សនេះ នឹងផ្តល់លទ្ធផលជាវិជ្ជមានដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ តាមរយៈការទាក់ទាញវិនិយោគ បង្កើតការងារ និងបង្កើនផលចំណូលសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។
នៅឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោង កើនឡើង ១៤៦ គម្រោង ស្មើនឹង ៥៤% ធៀបនឹងឆ្នាំ ២០២៣។ ក្នុងនោះទំហំទុនវិនិយោគ មានចំនួន ៦ ៩០០ លានដុល្លារ កើនឡើង ៤០% និងបង្កើតការងារប្រមាណ ៣៣ ម៉ឺនកន្លែង៕


អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


