សេដ្ឋកិច្ច
កម្ពុជាគ្រោងនាំចេញក្រពើទៅទីផ្សារចិនក្នុងពេលឆាប់ៗនេះ
អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប លោក គង់ ម៉ី បានឱ្យដឹងនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា មានក្រុមហ៊ុនមួយគ្រោងនាំចេញក្រពើទៅទីផ្សារប្រទេសចិន តាមច្រកព្រំដែនប្រទេសវៀតណាមឆាប់ៗ ប៉ុន្ដែចំនួនប៉ុន្មានក្បាលនោះ លោកក៏មិនទាន់បញ្ជាក់នៅឡើយ។

លោក គង់ ម៉ី បានបញ្ជាក់ឱ្យដឹងទៀតថា ទាក់ទងនឹងទីផ្សារក្នុងការនាំចេញក្រពើរស់ ទៅកាន់ទីផ្សារប្រទេសចិននេះដែរ លោកបានទទួលដំណឹងពីខាងក្រុមហ៊ុន អាចថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ គ្រោងនឹងមានការនាំចេញក្រពើ ដោយដឹកតាមច្រកព្រំដែនអន្តរជាតិវៀតណាម ចេញទៅកាន់ទីផ្សារប្រទេសចិន។ ទោះជាយ៉ាងណា អនុប្រធានសហគមន៍អ្នកចិញ្ចឹមក្រពើរូបនេះ ក៏នៅពុំទាន់ដឹងថា ការនាំចេញក្រពើលើកនេះ ស្ថិតក្នុងទំហំប៉ុន្មាននោះទេ។
ដោយឡែក លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ខេត្តសៀមរាប ក៏បានប្រាប់ កម្ពុជាថ្មី ដែរថា លោកនៅពុំទាន់ទទួលបានដំណឹងនេះនៅឡើយ ខណៈបច្ចុប្បន្នលោកសង្កេតឃើញថា ទីផ្សារក្រពើក្នុងប្រទេសកម្ពុជា ហាក់ធ្លាក់ចុះខ្លាំង ដោយសារពុំសូវមានឈ្មួញចុះទិញដល់កសិដ្ឋានដូចប៉ុន្មានឆ្នាំកន្លងទៅ។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងដែរថា ប្រសិនបើមានការនាំចេញដូចការគ្រោងទុកមែន មិនថាលោក ឬម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើផ្សេងៗទៀត អាចនឹងមានក្ដីសង្ឃឹមឡើងវិញ ខណៈពេលកន្លងទៅកសិដ្ឋានខ្លះ ក៏ត្រូវបានបិទទ្វារដោយសារទីផ្សារក្រពើមានការធ្លាក់ចុះគួរឱ្យគត់សម្គាល់។
លោក ញ៉ែម បូរាណ បច្ចុប្បន្នកសិដ្ឋានរបស់លោក នៅសល់ក្រពើត្រឹមតែ២០០ក្បាល សម្រាប់ធ្វើពូជ ចំណែកទីផ្សារវិញ លោកអះអាងថា ទីផ្សារក្រពើអាចលក់បានតិចតួចទៅកាន់ឈ្មួញកណ្ដាលដែលមានតម្រូវការ តែការនាំចេញទ្រង់ទ្រាយធំ រយៈពេលចុងក្រោយនេះ ឃើញថាស្ងាត់ខ្លាំង ពុំមានឈ្មួញសួរនាំអ្វីនោះឡើយ។

ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៥ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។
ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។
នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕
អត្ថបទ ៖ សួស សិត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


