ព័ត៌មានជាតិ
ដីជាង ១ ម៉ឺនហិកតា នៅស្រុកស្នួល ប្រែក្លាយជាតំបន់ពហុកសិកម្មគំរូ ក្រោមទុនវិនិយោគជិត ៥០០ លានដុល្លារ
ផ្ទៃដីជាង ១ ម៉ឺនហិកតា នៅស្រុកស្នួលខេត្តក្រចេះ កំពុងក្លាយជាតំបន់ពហុកសិកម្មស្នួល តាមរយៈគម្រោងផលិតកម្មកសិកម្មចម្រុះមានភាពប្រមូលផ្តុំ ជាមួយតម្លៃទុនវិនិយោគសរុបប្រមាណ ៤៩៥ លានដុល្លារ។
កាលពីចុងសប្ដាហ៍នេះ ក្រុមអ្នកសារព័ត៌មានជាង ២០ ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បានចុះទៅទស្សនកិច្ចនៅតំបន់ពហុកសិកម្មស្នួលរបស់ក្រុមហ៊ុន Thago Agri នៅស្រុកស្នួល ខេត្តក្រចេះ។

ឆ្លើយតបសំនួររបស់ក្រុមអ្នកសារព័ត៌មាន លោក ង្វៀន ង៉ុកអាន់ទូ អគ្គនាយករងប្រចាំតំបន់ពហុកសិកម្មស្នួលស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន Thago Agri បានថ្លែងថា ក្រោយទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំ ១០ ៧៨០ ហិតា នៅស្រុកស្នួល ខេត្តក្រចេះ ក្រុមហ៊ុន Thago Agri កំពុងអនុវត្តសាកល្បងនៃគំរូកសិដ្ឋានចម្រុះ ដែលក្នុងនោះមានផលិតកម្មដាំដុះ កសិដ្ឋានចិញ្ចឹមសត្វលក្ខណៈជាប្រព័ន្ធ និងតំបន់កសិកម្មចម្រុះដែលមានភាពគួបផ្សំគ្នា។
គម្រោងផលិតកម្មកសិកម្មចម្រុះមានភាពប្រមូលផ្តុំនេះ ក្រុមហ៊ុនកំពុងផ្តោតជំរុញការដាំដុះដំណាំយុទ្ធសាស្ត្រចំនួនពីរ ក្នុងនោះមានដំណាំចេកនៅលើផ្ទៃដីទំហំ ៣,៧០០ ហិកតា ដំណាំទុរេន និងកសិដ្ឋានចិញ្ចឹមគោនៅលើផ្ទៃដីទំហំ ៥,១០០ ហិកតា (ក្នុងនោះ ២,៥០០ ហិកតាសម្រាប់ដាំទុរេន និងកសិដ្ឋានចិញ្ចឹមគោចំនួន ១១៧ ២០០ ក្បាល)។ បន្ថែមពីនេះ ក៏មានកសិដ្ឋានចិញ្ចឹមត្រីទឹកសាប (តាមប្រព័ន្ធស្រះទឹក និងទំនប់ទឹកផ្គត់ផ្គង់សម្រាប់ផលិតកម្មដាំដុះ និងចិញ្ចឹមសត្វ) នៅលើផ្ទៃទឹកចំនួន ២១០ ហិកតា។

លោក ង្វៀន ង៉ុកអាន់ទូ អគ្គនាយករងប្រចាំតំបន់ពហុកសិកម្មស្នួលស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន Thago Agri
នៅអំឡុងពីឆ្នាំ ២០២០ ដល់ ២០២៣ ក្រុមហ៊ុន THACO AGRI បានរៀបចំសិក្សាអំពីស្ថានភាព លក្ខណៈដីធ្លីនិងបរិស្ថាន ដើម្បីធ្វើការវាយតម្លៃឡើងវិញទាំងស្រុងអំពីប្រសិទ្ធភាពនៃគម្រោង ហើយបានរៀបចំផែនការមេផ្លាស់ប្ដូរគម្រោងងាកមកដាំដំណាំហូបផ្លែនិងចិញ្ចឹមគោវិញ និងបានអនុវត្តសាកល្បងគំរូកសិដ្ឋានចម្រុះ ដែលក្នុងនោះមានសហគ្រាសផលិតកម្មដាំដុះ កសិដ្ឋានចិញ្ចឹមសត្វតាមខ្សែសង្វាក់ផលិតកម្មពេញលេញ និងតំបន់កសិកម្ម ដែលដំណើរការផលិតកម្មតាមបែបបូកបញ្ជូលនិងវិលជុំរួមមាន៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដូចជាផ្លូវថ្នល់ ធារាសាស្ត្រ និងភ្លើងអគ្គិសនី អគារស្នាក់នៅសម្រាប់បុគ្គលិកកម្មករកម្មការិនី ហាងលក់ទំនិញ រោងចក្រផលិតនិងវេចខ្ចប់ផ្លែចេក ឃ្លាំងត្រជាក់រក្សាទុកផ្លែឈើស្រស់ រៀបចំប្រព័ន្ធឡូជីស្ទិកសម្រាប់ដឹកជញ្ជូនផ្ទៃក្នុងគម្រោង និងសម្រាប់ការនាំចេញ កសិដ្ឋានចិញ្ចឹមគោបង្កាត់ពូជ និងមជ្ឈមណ្ឌលកែឆ្នៃលាយផ្សំចំណីគោជាដើម។


លោក ង្វៀន ង៉ុកអាន់ទូ បានបញ្ជាក់ថា ការបង្កើតគំរូកសិដ្ឋានប្រមូលផ្តុំនេះ បានជួយកាត់បន្ថយយ៉ាងទាបបំផុតលើការចំណាយវិនិយោគ បង្រួមយន្តការគ្រប់គ្រងប្រតិបត្តិការ និងស្ថិរភាពកម្លាំងពលកម្ម។ ទន្ទឹមនោះ ក៏ចូលរួមបង្កើតផលិតផលដែលមានប្រភពដើមពីសរីរាង្គ សំដៅកាត់បន្ថយកាកសំណល់ក្នុងដំណើរការផលិតកម្ម ឆ្លើយតបនឹងនិន្នាការទូទៅនៃការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព។
«តាមរយៈគំរូកសិកម្មចម្រុះនេះ អនុផលដែលចេញពីការផលិតដាំដុះ នឹងត្រូវបានទាញយកទៅធ្វើជាជី និងចំណីសម្រាប់ចិញ្ចឹមសត្វ ហើយការចិញ្ចឹមសត្វនោះក៏អាចផលិតចេញវត្ថុធាតុសម្រាប់ធ្វើជាជីដាំដុះវិញផងដែរ»។ លោក ង្វៀន ង៉ុកអាន់ទូ បញ្ជាក់បន្ថែម។
ក្នុងដំណើរទស្សនកិច្ចនៅតំបន់កសិកម្មគំរូរបស់ក្រុមហ៊ុន Thago Agri នៅស្រុកស្នួល ក្រុមអ្នកសារព័ត៌មានបានចុះទៅទស្សនារោងចក្រផលិត និងវេចខ្ចប់ចេក, ឃ្លាំងត្រជាក់រក្សាផ្លែឈើស្រស់, ឡូជីស្ទិក មជ្ឈមណ្ឌលលាយផ្សំចំណីសម្រាប់គោ រួមទាំងមើលឃើញពីការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ (ផ្លូវថ្នល់ ធារាសាស្ត្រ និងប្រព័ន្ធអគ្គិសនី, ផ្ទះស្នាក់នៅសម្រាប់កម្មករ) និងបានទៅទស្សនាដំណើរការខ្សែសង្វាក់ផលិតកម្មកែច្នៃផលិតផលអនុផលពីការដាំដុះ និងការចិញ្ចឹមសត្វរបស់ក្រុមហ៊ុន។


លោក ង្វៀន ង៉ុកអាន់ទូ បានថ្លែងបន្តថា ស្របជាមួយនឹងដំណើរការនៃការដាំដុះ និងការចិញ្ចឹមសត្វ ក្រុមហ៊ុនបានវិនិយោគលើខ្សែសង្វាក់ផលិតកម្មសម្ភារៈ គ្រឿងចក្រ និងឧបករណ៍សម្រាប់កសិកម្ម ការរៀបចំការិយាល័យ ឃ្លាំងមេ មជ្ឈមណ្ឌលប្រតិបត្តិការភស្ដុភារកម្ម និងបណ្ដារោងចក្រផលិតកម្មឧស្សាហកម្ម និងផ្ទះកម្មករ នៅលើផ្ទៃដីចំនួន ៣៨៥ ហិកតា រួមទាំងរោងចក្រផលិតកម្មសម្ភារៈកសិកម្ម មេកានិកកសិកម្ម ការផលិតអំបោះចេក និងជីសរីរាង្គ។
គំរូកសិដ្ឋានកសិកម្មដែលដំណើរការផលិតកម្មតាមបែបបូកបញ្ជូល វិលជុំដោយខ្សែសង្វាក់ផលិតកម្មពេញលេញរបស់ក្រុមហ៊ុន THACO AGRI នៅស្រុកស្នួល ខេត្តក្រចេះ ប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ៤៩៥ លានដុល្លារ៕ នេះបើតាមប្រភពក្រុមហ៊ុន៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


