ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ចិន និងជប៉ុន បង្ហាញសញ្ញាចាប់ដៃគ្នាផ្នែកសេដ្ឋកិច្ច ក្នុងបរិបទហានិភ័យពន្ធ ត្រាំ
ក្រុមអ្នកជំនាញលើកឡើងថា ចិន និងជប៉ុន កំពុងបង្ហាញសញ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឡើងវិញតាមរយៈកិច្ចប្រជុំកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានខែនេះ ដែលវាជាឥរិយាបថ «ចាប់ផ្ដើមដ៏ល្អ»។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post (SCMP) នាថ្ងៃអង្គារនេះ។

ការបោះជំហានបែបនេះ ធ្វើឡើងក្នុងបរិបទនៃការគំរាមគំហែងសេដ្ឋកិច្ច ដែលបណ្ដាលមកពីគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទោះបីជាភាពតានតឹងភូមិសាស្រ្តនយោបាយនៅតែបន្តជាឧបសគ្គសម្រាប់ភាគីទាំង២ ក្នុងការឈ្មុលទៅរកផ្លូវថ្មីទាំងស្រុងនៃទំនាក់ទំនងសេដ្ឋកិច្ចក៏ដោយ។
ការប៉ុនប៉ងចុងក្រោយរបស់ចិនក្នុងការចូលទៅជិតជប៉ុន បានបង្ហាញឱ្យឃើញកាលពីសប្តាហ៍មុន នៅពេលឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានជួបជាមួយក្រុមមេដឹកនាំធុរកិច្ចជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសម្រាប់ចិន និងសាកលភាវូបនីយកម្ម លោក Wang Zichen បានថ្លែងថា៖ «ប្រទេសទាំង២ បានបញ្ជូនសញ្ញាច្បាស់លាស់អំពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង តាមរយៈការជួបប្រជុំគ្នាកម្រិតខ្ពស់ជាបន្តបន្ទាប់កាលពីឆ្នាំមុន»។

បរិបទដ៏ធំនោះគឺថា លោក ត្រាំ កំពុងបង្កើនមិនប្រាកដប្រជាកាន់តែខ្លាំងឡើងដល់សេដ្ឋកិច្ចពិភពលោក ដោយសហរដ្ឋអាមេរិកមិនត្រឹមតែដាក់ពន្ធបន្ថែម ១០ ភាគរយលើទំនិញចិនទាំងអស់នោះទេ ក៏ប៉ុន្តែក៏គ្រោងដាក់ពន្ធលើទំនិញនៃប្រទេសដទៃ រួមទាំងសម្ព័ន្ធមិត្តអាមេរិកផងដែរ ដោយសម្អាងថាលោកចង់កាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក។
លោក Wang បានលើកឡើងថា ជប៉ុន និងចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់រួចហើយនោះ ងាករកគ្នាក្នុងឥរិយាបថចាប់ផ្ដើមដ៏ល្អ ប៉ុន្តែទាស់ត្រង់ថា ជប៉ុនគឺជាដៃគូសន្ដិសុខយូរឆ្នាំរបស់អាមេរិក។ ការណ៍នេះហើយ ទើបក្រុមអ្នកជំនាញលើកឡើងថា ជប៉ុនត្រូវប្រឈមមុខនឹងបញ្ហាប្រឈម ជាពិសេសប្រសិនបើអរិភាពរវាងចិន-អាមេរិក កាន់តែអាក្រក់ទៅៗ ខណៈវិនិយោគិនជប៉ុននៅតែព្រួយបារម្ភពីបញ្ហាសេដ្ឋកិច្ចចិនដែលបន្តអូសបន្លាយ ក៏ដូចជាហានិភ័យពាក់ព័ន្ធនឹងជម្លោះនៅច្រកសមុទ្រតៃវ៉ាន់។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងជំនួបជាមួយគណៈប្រតិភូជំនួញជប៉ុនកាលពីសប្ដាហ៍មុន លោកឧបនាយករដ្ឋមន្ត្រី He បាននិយាយថា ចិនស្វាគមការវិនិយោគរបស់ជប៉ុន។
ការស្វាគមរបស់លោក ធ្វើឡើងបន្ទាប់ពីការវិនិយោគរបស់ជប៉ុននៅចិន ធ្លាក់ចុះយ៉ាងគំហុកប្រមាណ ៦០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពី១ទសវត្សរ៍មុន មកត្រឹម ៤៩៣,១ ប៊ីលានយ៉េន (៣,៣ ប៊ីលានដុល្លារ)។ នេះបើយោងតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុជប៉ុន៕
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


