ព័ត៌មានជាតិ
កម្ពុជា នឹងនាំយកស្នាដៃស្ថាបត្យកម្ម-សិល្បៈបុរាណខ្មែរដ៏ល្អឯក បង្ហាញក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា ប្រទេសជប៉ុន នាពេលខាងមុខ
នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជា ព្រមទាំងគណៈប្រតិភូ នឹងចូលរួមកម្មវិធី សម្ពោធពិព័រណ៍ពិភពលោក ២០២៥ អូសាកា នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន ដោយនឹងនាំយកស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរដ៏ល្អឯក បង្ហាញក្នុងពិព័រណ៍នេះផងដែរ។

បើតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រោយទទួលបានគោលការណ៍អនុញ្ញាតពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកម្មវិធី សម្ពោធពិព័រណ៍ពិភពលោក ២០២៥ អូសាកា នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន។
ក្នុងការចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកានេះ កម្ពុជាបានរៀបចំសាងសង់ពន្លាជាតិកម្ពុជាដោយរំលេចអំពី “ប្រាសាទកោះកេរ” ជាគោល ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ការណ៍នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែប និងបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរដ៏ល្អឯក។
ពន្លាជាតិ កម្ពុជាក៏មានរំលេចនូវរូបសំណាកសត្វគោព្រៃដែលជាសត្វតំណាងជាតិ និងជីវចម្រុះដែលជានិមិត្តរូបនៃឧត្តមភាព ដ៏សម្បូរបែបនៃធនធានធម្មជាតិរបស់កម្ពុជា អមដោយការសាងសង់ថែវប្រាសាទអង្គរវត្តនៅផ្នែកខាងឆ្វេង ដោយបានរំលេចផ្ទាំងទស្សនីយភាពកូរសមុទ្រទឹកដោះនៅលើជញ្ជាំងថែវខាងកើតនៃប្រាសាទ និងនៅខាងស្តាំ មានសំណង់ផ្ទះខ្មែរធ្វើអំពីឫស្សី និងនៅចំណុចកណ្តាលមានរៀបចំឱ្យមានជាទិដ្ឋភាពវាលស្រែដែលស្តែងឱ្យឃើញពីសក្តានុពលកសិកម្ម និងផលិតផលអង្ករដ៏មានឱជារសរបស់កម្ពុជា និងមានម៉ាកែតប្រាសាទអង្គរវត្ត។

បន្ថែមជាមួយគ្នានេះ កម្ពុជា ក៏នឹងនាំយកផលិតផលខ្មែរទៅតាំងបង្ហាញដល់ភ្ញៀវជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំដែលនឹងចូលរួមពិព័រណ៍នេះផងដែរ។ មិនតែប៉ុណ្ណោះ ពិព័រណ៍ពិភពលោកនេះ នឹងផ្តល់ឱកាសឱ្យកម្ពុជាផ្សព្វផ្សាយពីផលិតផលដែលមានសក្តានុពលសម្រាប់ ការនាំចេញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដល់ប្រជាជនជប៉ុន និងភ្ញៀវចូលទស្សនាពិព័រណ៍។
បន្ថែមលើនេះ កម្ពុជា និងគណៈកម្មការរៀបចំពិព័រណ៍របស់ជប៉ុន គ្រោងរៀបចំ កម្មវិធីទិវាជាតិកម្ពុជា នៅ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដែលកម្មវិធីនេះនឹងមានការបង្ហាញអំពីសិល្បៈវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ការ សម្តែងទស្សនីយភាព ការបង្ហាញម្ហូបអាហារនិងផលិតផលខ្មែរ និងវេទិកាអមមួយចំនួនផងដែរ។

សូមជម្រាបថា ប្រទេសជប៉ុន ជាម្ចាស់ផ្ទះទទួលរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា ក្រោមប្រធានបទ “រៀបចំ សង្គមសម្រាប់អនាគតដើម្បីជីវិតរស់នៅ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដោយមានរយៈពេល ៦ខែ នៅលើផ្ទៃដីទំហំ ១៥៤ហិកតា ដោយទទួលបានការ អនុញ្ញាតពីការិយាល័យពិព័រណ៍អន្តរជាតិ (Bureau International des Epositions-BIE) នៃប្រទេសបារាំង និងមានប្រទេសចូលរួមជាផ្លូវការចំនួន ១៥៨ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៧។
ក្នុងនោះផងដែរ ប្រទេសជប៉ុន រំពឹងថានឹងទទួលបានភ្ញៀវចូលទស្សនាប្រមាណ២៨លាននាក់ ដែលក្នុងនោះអាចមានភ្ញៀវបរទេស ប្រមាណ៣.៥លាននាក់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ