ព័ត៌មានអន្ដរជាតិ
WTO ព្យាករពីការធ្លាក់ចុះនៃពាណិជ្ជកម្មសកលឆ្នាំ ២០២៥ ដោយសារពន្ធ
អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃពុធ បានផ្លាស់ប្ដូរការព្យាករណ៍របស់ខ្លួនសម្រាប់ពាណិជ្ជកម្មសកល ពីកំណើនដ៏រឹងមាំទៅជាការធ្លាក់ចុះវិញ ដោយនិយាយថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក និងផលប៉ះពាល់ អាចនាំឱ្យមានការធ្លាក់ចុះនៃពាណិជ្ជកម្មសកលខ្លាំងបំផុតរាប់តាំងពីវិបត្តិកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

WTO បានរំពឹងថា ពាណិជ្ជកម្មទំនិញរបស់សកល នឹងធ្លាក់ចុះ ០,២ ភាគរយ នៅឆ្នាំនេះ ធៀបនឹងការព្យាករអំពីកំណើន ៣ ភាគរយ កាលពីខែតុលា ឆ្នាំមុន។
អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង។ ការធ្លាក់ចុះនៃកំណើនពាណិជ្ជកម្មទំនិញសកល គឺជាការព្រួយបារម្ភដ៏ធំ»។
ការធ្លាក់ចុះនៃពាណិជ្ជកម្មសកលនេះ មានការជាប់ទាក់ទងដោយផ្ទាល់ទៅនឹងវិធានការពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្កើនពន្ធលើទំនិញនាំចូលសហរដ្ឋអាមេរិក ដូចជាដែកថែប អាលុយមីញ៉ូម និងរថយន្ត និងពន្ធគយបដិការដែលផ្ដោតស្ទើរតែលើគ្រប់មុខទំនិញ។ តួយ៉ាង ត្រាំ បានប្រកាសពន្ធបន្តបន្ទាប់ សរុបគ្នា ២៤៥ ភាគរយ លើទំនិញចិន ហើយចិនវាយបកវិញ ជាមួយជាវិធានការពន្ធសងសឹកបន្តបន្ទាប់ សរុប ១២៥ ភាគរយ។ សហភាពអឺរ៉ុប ក៏ដូចជាកាណាដា ក៏បានប្រកាសពីពន្ធគយសងសឹកផងដែរ មុនពេលផ្អាកបណ្ដោះអាសន្នសិន ក្រោយ ត្រាំ ប្រកាសផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ដើម្បីចរចា លើកលែងតែជាមួយចិន។
ក្រោមបញ្ហានេះ WTO បាននិយាយថា ប្រសិនបើ ត្រាំ ដាក់ឡើងវិញនូវអត្រាពន្ធពេញទំហឹងលើគ្រប់មុខទំនិញរបស់លោក នោះវានឹងកាត់បន្ថយកំណើនពាណិជ្ជកម្មទំនិញដោយ ០,៦ ពិន្ទុភាគរយ ឬក៏ឈានដល់ ០,៨ ភាគរយ ដោយសារតែផលប៉ះពាល់ផ្សេងៗហួសពីទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក។ ការធ្លាក់ចុះអាចឈានដល់ ១,៥ ភាគរយ ដែលធ្ងន់ធ្ងរបំផុតរាប់តាំងពីឆ្នាំ ២០២០។

លោកស្រី Okonjo-Iweala បានបន្ថែមថា៖ «ប្រសិនបើយើងមានការធ្លាក់ចុះនៃទំនិញសកល ផលប៉ះពាល់នឹងមានលើកំណើនផលិតផលក្នុងស្រុកសរុប (GDP)។ យើងបានមើលឃើញថា កង្វល់ពាណិជ្ជកម្មអាចមានជះផលអវិជ្ជមានចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតនៃសេដ្ឋកិច្ច»។ លោកស្រីក៏បានលើកឡើងអំពីការប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
ប្រមុខ WTO ដដែល បានថ្លែងថា ក្តីបារម្ភដ៏ធំបំផុតរបស់លោកស្រី គឺការបាក់បែកគ្នាផ្នែកសេដ្ឋកិច្ចរវាងចិន និងសហរដ្ឋអាមេរិក។ WTO រំពឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំង២ នឹងធ្លាក់ចុះ ៨១ ភាគរយ និងអាចដល់ទៅ ៩១ ភាគរយ ប្រសិនបើ ត្រាំ មិនប្រកាសពីការលើកលែងពន្ធលើស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកកាលពីថ្មីៗទេនោះ។ នៅក្នុងសេណារីយ៉ូនេះ GDP សកលអាចធ្លាក់ចុះ ៧ ភាគរយ ក្នុងរយៈពេលវែង ដែលធ្ងន់ធ្ងរ ហើយអូសបន្លាយ។
កាលពីព្រឹកថ្ងៃពុធ ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបាននិយាយថា កំណើនសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះមកត្រឹម ២,៣ ភាគរយ ដោយសារភាពតានតឹងពាណិជ្ជកម្ម និងភាពមិនច្បាស់លាស់ដែលជំរុញឱ្យមាននិន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ច៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


