Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាសអន្តរជាតិធ្លាក់ចុះ ជុំវិញការបន្ទន់ជំហរដាក់ចិនរបស់ ត្រាំ

បានផុស

នៅ

តម្លៃមាសអន្តរជាតិ​បានធ្លាក់ចុះ​ជាង ១ ភាគរយ សម្រាប់ការជួញដូរ​កាលពីថ្ងៃពុធ ក្រោយ​ប្រធានាធិបតីសហរដ្ឋអាមេរិក និយាយថា លោកគ្មាន​គំរោងបណ្ដេញប្រធានធនាគារកណ្ដាលសហព័ន្ធចេញពីដំណែង ខណៈបន្ទន់ជំហរដាក់ចិនដោយ​ប្រកាសពីលទ្ធភាពទម្លាក់អត្រាពន្ធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃមាសអន្តរជាតិសម្រាប់ការជួញដូរដោយផ្ទាល់ បាន​ធ្លាក់ចុះ ១,៤៥ ភាគរយ ដល់ប្រមាណ ៣ ៣៥៨ ដុល្លារ/អោន សម្រាប់ការជួញដូរ​នាថ្ងៃពុធ គិតត្រឹមម៉ោង ១០ យប់ នៅទីក្រុងញូវយ៉ក។ ចំណែកឯតម្លៃមាសនាពេលអនាគតអាមេរិកវិញ បាន​ធ្លាក់ចុះ ៣,៧ ភាគរយ ពេលបញ្ចប់ការជួញដូរ មកត្រឹម ៣​ ២៩៤ ដុល្លារ/អោន។

អ្នកវិភាគមើលឃើញថា ការធ្លាក់ចុះនៃតម្លៃមាសនេះ កើតឡើងខណៈទំនុកចិត្តទីផ្សារហិរញ្ញវត្ថុមានភាពប្រសើរឡើង ក្រោយលោក ត្រាំ និយាយថា លោកគ្មាន​គម្រោងបណ្ដេញលោក Jerome Powell ចេញពីដំណែងនោះទេ បន្ទាប់ពីលោកបាន​រិះគន់ខ្លាំងៗលើប្រធានធនាគារកណ្ដាលអាមេរិករូបនេះ​ ចំពោះការមិនកាត់បន្ថយអត្រាការប្រាក់។

ទន្ទឹម​នឹង​នោះ លោក ត្រាំ ក៏បង្ហាញពីការបន្ទន់ជំហរក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយ​ប្រទេសចិន​ ដោយ​លោករំពឹងពីការកាត់បន្ថយអត្រាពន្ធដែលលោកដាក់ជាគំហុក ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​ចិន​។

មាស ដែលគេ​រាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាព​ពេល​មាន​ភាពមិន​ប្រាកដប្រជា​ផ្នែកនយោបាយ និងហិរញ្ញវត្ថុ បានកើនឡើងច្រើនជាង ២៦ ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយការទិញរបស់បណ្ដា​ធនាគារកណ្តាល ការភ័យខ្លាចសង្គ្រាមពន្ធ និងតម្រូវការវិនិយោគខ្លាំង។

ការធ្លាក់ចុះកាលពីថ្ងៃពុធ កើតឡើងក្រោយតម្លៃមាសសម្រាប់ការជួញដូរដោយផ្ទាល់ បាន​ហក់ឡើងរហូតដល់ចំណុចខ្ពស់បំផុត ៣ ៥០០ ដុល្លារ/អោន ក្នុងវគ្គជួញដូរនាថ្ងៃពុធដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម