ព័ត៌មានជាតិ
ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងកម្ពុជា-ជប៉ុននឹងដំណើការក្នុងឆមាសទី១ ឆ្នាំនេះ
ប្រទេសកម្ពុជា-ជប៉ុននឹងដាក់ឱ្យដំណើការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតដំណាក់កាលទី១នៅក្នុងឆមាសទី១ឆ្នាំនេះ ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ការដាក់ឱ្យដំណើការដំណាក់កាលទី១នាពេលដ៏ខ្លីខាងមុខនេះធ្វើឡើងក្រោយធនាគារជាតិនៃកម្ពុជា(NBC) និងសមាគមទូទាត់ជប៉ុន ប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកួតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកួតរវាង KHQR និងJPQR នេះ ត្រូវបានបែងចែកជា២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុនអាចស្តេន KHQR សម្រាប់ ការទូទាត់នៅប្រទេសកម្ពុជាបាន។

NBC បញ្ចាក់ថា ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់ ឆ្លងដែនជាមួយប្រទេសជប៉ុន រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ ទូទាត់តាមយ្យអរកួតជាមួយភាគីកម្ពុជា។
«ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ ប្រទេសជប៉ុន»។ នេះបើយោងតាម NBC។

NBC ការចុះ MoU នេះដោយផ្អែកលើក្របខណ្ឌអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការថ្នាក់ជាតិដែលបានចុះហត្ថលេខាដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលជាក្របខណ្ឌកិច្ចសហការទូទាត់ តាមឃ្យូអរកូតឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
បើតាម NBC សម្រាប់ម្ចាស់អាជីវកម្មក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR ក្នុងប្រទេសកម្ពុជា ឬ JPQR ក្នុងប្រទេសជប៉ុន នឹង ទទួលបានអត្ថប្រយោជន៍បន្ថែម តាមរយៈការផ្តល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។
ជាមួយគ្នានេះដែរ អាជីវករក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃ សមរម្យ និងប្រកបដោយសុវត្ថិភាពផងដែរ។ ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមជំរុញកំណើន ពាណិជ្ជកម្ម វិនិយោគ និងជាពិសេសទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ

«ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការក្នុង វិស័យសាធារណៈ និងឯកជន ព្រមទាំងស្ថាប័ន-អង្គភាពពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីអនុវត្តការធ្វើ អន្តរប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកួតរវាង KHQR និង JPQR ឱ្យបានជោគជ័យ។ ប្រតិបត្តិការ ទូទាត់ឆ្លងដែនតាមយ្យអរកួតសម្រាប់ដំណាក់កាលទី១ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងឆមាសទី១ ឆ្នាំ២០២៥ អមព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុង អូសាកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រីឯដំណាក់កាលទី២ គ្រោងនឹងដាក់ឱ្យដំណើការនៅដំណាច់ឆ្នាំ២០២៥។
យោងតាម NBC ការទូទាត់តាមប្រព័ន្ធបាគង បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០មក ដែលក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់សរុបមានចំនួន ៦០៧,៥លានប្រតិបត្តិការ ដោយក្នុងនោះទំហំទឹកប្រាក់នៃប្រតិបត្តិការជាលុយរៀលមានចំនួន ១៨៣,៣ទ្រីលានរៀល និងជាដុល្លារអាមេរិកមានចំនួន ១០៤,៨ប៊ីលានដុល្លារ ហើយមានចំនួនគណនីប្រើប្រាស់ចំនួន ៣០លានគណនី ដែលអាចទូទាត់បានជាមួយនឹងពាណិជ្ជករក្នុងស្រុកចំនួន ៤,៥លានកន្លែង និងក្រៅស្រុកច្រើនជាង ២៤០លានកន្លែង ដូចជានៅប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងចិន និងអនុញ្ញាតឱ្យ ភ្ញៀវទេសចរពីប្រទេសទាំងនោះអាចមកទូទាត់នៅតាម KHQR នៅកម្ពុជាបានយ៉ាងងាយស្រួល។
សម្រាប់គ្រឹះស្ថានធនាគារបានបើកគណនី និងផ្តល់ជា QR code ប្រមាណ១,៥លាន សម្រាប់ពាណិជ្ជករប្រើប្រាស់ជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


