Connect with us

សេដ្ឋកិច្ច

អ្នកដំណើរជិត ២ លាននាក់ ចេញ-ចូល កម្ពុជាតាមជើងហោះហើរនៅត្រីមាសទី១

បានផុស

នៅ

នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នក​ដំណើរ​ចេញ-ចូលតាម​ជើង​ហោះ​ហើរជិត ២ លាននាក់ (១ ៩៦០ ៦៣៥) កើនឡើង ១៩% ធៀបនឹងរយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០២៤ ខណៈមន្រ្តីនៃអាកាសចរណ៍ស៊ីវិលអះអាងអំពីភាពកាន់តែប្រសើរឡើងនៃការមកដល់ភ្ញៀវទេចរតាមផ្លូវអាកាសក្នុងឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានជើងហោះហើរចំនួន ១៧ ៤៣៤ ជើង កើន ១៩ ភាគរយ ក្នុងនោះអ្នក​ដំណើរ​ចំនួន ១ ៩៦០ ៦៣៥ នាក់ កើន ១៩ ភាគរយ និងទំនិញចេញ-ចូលជិត ២ ម៉ឺនតោន ១០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាលកាលពីឆ្នាំមុន។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​ប្រាប់កម្ពុជាថ្មី​នៅ​ថ្ងៃ​ទី ២៥ ខែមេសា ឆ្នាំ ២០២៥ថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ទើបតែងើប​ឡើងវិញ​ជាលំដាប់​បានប្រមាណ ៦៨ ភាគរយ ធៀបនឹងស្ថាន​ភាព​​​មុនវិបត្តិជំងឺកូវីដ១៩។

ជើងហោះហើរចេញ-ចូល ជាមធ្យមក្នុងមួយថ្ងៃ នៅ​អាកាស​យានដ្ឋានទាំង ៣ មានក្រុមហ៊ុន​អាកាសចរណ៍​ជាតិ និងអន្តរ​ជាតិ ចំនួន ៣១ កំពុងហោះ​ហើរ​ចេញ-ចូល ក្នុងនោះអាកាស​យានដ្ឋាន​​អន្តរជាតិភ្នំពេញ មានចំនួន ១៣៣ ជើងក្នុង​មួយ​​ថ្ងៃ​ អាកាស​យានដ្ឋានខេត្ត​សៀម​រាប​​អង្គរ មានចំនួន ៤៩ ជើង ក្នុងមួយថ្ងៃ និង​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ​ចំនួន ៦ ជើង​ក្នុង​មួយ​ថ្ងៃ។

យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នក​ដំណើរ​ចេញ-ចូលតាម​ជើង​ហោះ​ហើរ​ជាង ៦ លាននាក់​ កើនឡើង ២២% ធៀបនឹងឆ្នាំ ២០២៣។

អាកាសចរណ៍ស៊ីវិល រំពឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនឹងអាចសម្រេច​បាននូវការដឹក​ជញ្ជូន​​​អ្នក​​ដំណើរ ចំនួន ៧,៥ លាននាក់ និងទំនិញចំនួន ៨០ ពាន់តោន នៅក្នុងឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម