ព័ត៌មានអន្ដរជាតិ
វៀតណាមទិញយន្តហោះ Airbus ២០ គ្រឿង ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ១០ ប៊ីលានដុល្លារ ជាមួយបារាំង
វៀតណាម និងបារាំង កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងតម្លៃ ១០ ប៊ីលានដុល្លារ រួមទាំងការទិញយន្តហោះ Airbus ២០ គ្រឿងថ្មី កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ និងផ្សេងៗទៀត ក្នុងអំឡុងទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ទៅរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជាទិញយន្តហោះប្រភេទ A330neo ចំនួន ២០ គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះ Airbus របស់បារាំង។ ក្រោមកិច្ចព្រមព្រៀងថ្មី ឥឡូវនេះក្រុមហ៊ុន VietJet បានបញ្ជាទិញយន្តហោះ A330neo សរុបចំនួន ៤០ គ្រឿង រួមទាំង ២០ គ្រឿង ពីក្នុងកិច្ចព្រមព្រៀងដែលធ្វើឡើងកាលពីឆ្នាំមុន។
VietJet មិនបានបង្ហាញពីតម្លៃ ឬពេលវេលាដឹកជញ្ជូនសម្រាប់យន្តហោះថ្មីនេះទេ ប៉ុន្តែបាននិយាយថា ការបញ្ជាទិញនេះគាំទ្រដល់ផែនការពង្រីកខ្លួនរយៈពេលវែងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនមានគោលបំណងពង្រីកបណ្តាញហោះហើររនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ហើយអាចដំណើរការផ្លូវឆ្ងាយទៅកាន់អឺរ៉ុបផងដែរ។
គេមើលឃើញថា កិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនបារាំងដដែល ធ្វើឡើងខណៈវៀតណាម និងអាមេរិកចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្ម ដើម្បីបញ្ចៀសការដំឡើងពន្ធបដិការ ៤៦ ភាគរយ លើទំនិញវៀតណាមទៅអាមេរិក។ កន្លងមក ក្រុមហ៊ុន VietJet បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញយន្តហោះពីក្រុមហ៊ុនអាមេរិក Boeing ដែលមន្ត្រីវៀតណាមនិយាយថា អាចជួយកាត់បន្ថយអតិរេកពាណិជ្ជកម្មដ៏ធំរបស់វៀតណាមជាមួយសហរដ្ឋអាមេរិក។

គួរគូសបញ្ជាក់ជាថ្មីថា ក្រៅតែពីការទិញយន្តហោះ Airbus កិច្ចព្រមព្រៀងផ្សេងៗសរុបចំនួន ១៤ ក្នុងតម្លៃ ៩ ប៊ីលានអឺរ៉ូ (១០,២៥ ប៊ីលានដុល្លារ) រវាងវៀតណាម និងបារាំង គឺគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ វិស័យការពារជាតិ ការដឹកជញ្ជូនផ្លូវដែក និងផ្លូវសមុទ្រ ផ្កាយរណបអង្កេតផែនដី Airbus និងវ៉ាក់សាំង Sanofi ជាដើម។ នេះបើផ្អែកលើឯកសារដែលរ៉យទ័របានឃើញ។
នេះគឺជាលើកទី១ ដែលលោក ម៉ាក្រុង ធ្វើទស្សនកិច្ចផ្លូវការទៅប្រទេសវៀតណាម និងជាប្រធានាធិបតីបារាំងទី ១ ដែលធ្វើដូច្នេះ ក្នុងរយៈពេលជិត ១ ទសវត្សរ៍។ អ្នកខ្លះលើកឡើងថា វាជាផ្នែកមួយនៃការបង្កើនឥទ្ធិពលរបស់បារាំងលើរដ្ឋក្រោមអាណានិគមរបស់ខ្លួនមួយនេះ ចំពេលមានហានិភ័យពន្ធរបស់សហរដ្ឋអាមេរិក។
មែនទែនទៅ លោក ម៉ាក្រុង គ្រោងធ្វើទស្សនកិច្ចទៅ ៣ ប្រទេសនៅអាស៊ីអាគ្នេយ៍ រួមមានវៀតណាម ឥណ្ឌូណេស៊ី និងសិង្ហបុរី៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


