Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដាក់ពន្ធ ៣០% លើ EU និងម៉ិកស៊ិក ​បង្កើន​ភាពតានតឹងពាណិជ្ជកម្មសកលជាថ្មី

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសដាក់ពន្ធ ៣០ ភាគរយ លើសហភាពអឺរ៉ុប (EU) និងម៉ិកស៊ិក ដែល​ជាដៃគូពាណិជ្ជកម្មកំពូលៗរបស់អាមេរិក ​ដោយ​បង្កើន​ភាពតានតឹង​ពាណិជ្ជកម្មសកលជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រាពន្ធខ្ពស់ថ្មី ដែលគ្រោងនឹង​​ចូលជាធរមាន​នៅថ្ងៃទី ១ សីហា ខាងមុខនេះ ប្រកាសឡើងកាលពីថ្ងៃសៅរ៍នៅលើបណ្ដាញសង្គម Truth Social របស់លោក ត្រាំ ក្រោយ​ការចរចាពាណិជ្ជកម្មទ្វេភាគី បាន​បរាជ័យក្នុងការសម្រេចបាន​នូវកិច្ចព្រមព្រៀងដែលអាចទទួល​យក​បាន​ទាំងសងខាង​។

ក្នុងលិខិតផ្ញើទៅកាន់ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum លោក ត្រាំ បាន​លើកឡើងពីគោលនយោបាយ និងរបាំងពាណិជ្ជកម្ម​ពន្ធ និងមិនមែនពន្ធគយដែល​បណ្ដាលឱ្យមាន​ឱនភាពពាណិជ្ជកម្មធ្ងន់ធ្ងរ​សម្រាប់អាមេរិក ដែលជាការគំរាមកំហែងដ៏ធំសម្រាប់សេដ្ឋកិច្ច និងសន្ដិសុខជាតិអាមេរិក។

យ៉ាងណាមិញ សម្រាប់​ម៉ិកស៊ិក​ លោក ត្រាំ បាន​ផ្ដោតជាខ្លាំង​ថា ការដាក់ពន្ធ ៣០ ភាគរយ គឺដោយ​សារ​តែ​ប្រទេសនេះ​អនុញ្ញាតឱ្យ​មាន​លំហូរថ្នាំញៀនហ្វេនតានីលចូលទៅទឹកដីអាមេរិក​ ដែលនោះជាផ្នែកមួយ​នៃការបរាជ័យរបស់រដ្ឋាភិបាល​ម៉ិកស៊ិក ក្នុងការ​បញ្ឈប់​ក្រុមឧក្រិដ្ឋកម្ម​កាតែល។

មែនទែនទៅ ទាំង EU និងម៉ិកស៊ិក មាន​ពេល​ចរចាជាង ២ សប្ដាហ៍ទៀត មុនពេល​ពន្ធខ្ពស់ចូលជាធរមាន។

ប្រតិកម្មទៅនឹង​​ចំណាត់ការរបស់ត្រាំ ​លោកស្រីប្រធានាធិបតីម៉ិកស៊ិកបាននិយាយថា លោកស្រីប្រាកដថា កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​អាច​សម្រេចឡើងបាន​ ដោយ​អំពាវនាវឱ្យ​មាន​ភាពស្ងប់ស្ងាត់ក្នុងការដោះស្រាយបញ្ហា។ ​យ៉ាងណាមិញ លោកស្រីបន្តយ៉ាងដូច្នេះថា៖ «យើងក៏ច្បាស់ផងដែរ អំពីអ្វីដែលយើងអាចធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយយើងច្បាស់អំពីអ្វីដែលយើងមិនអាច។ ហើយមានអ្វីមួយដែលមិនអាចចរចាបាននោះគឺអធិបតេយ្យភាពនៃប្រទេសរបស់យើង»។

ក្នុងការប្រកាសនៅដើមខែកុម្ភៈ ម៉ិកស៊ិករងពន្ធរបស់ ត្រាំ ត្រឹម​តែ ២៥ ភាគរយ ប៉ុណ្ណោះ ប៉ុន្តែបាន​ប្ដេជ្ញាសងសឹង​ ដោយ​មិន​ដែលបង្ហាញពីចំណាត់ការបែបណាមួយនោះទេ។

ដោយ​ឡើង EU ឯណោះវិញ នៅតែប្រកាន់ជំហររបស់ខ្លួន​ក្នុងការចរចាជាមួយ​រដ្ឋបាល ត្រាំ ប៉ុន្តែលោកស្រី von der Leyen នៅតែបញ្ជាក់ដដែល​ៗថា ប្លុកបាន​ត្រៀមខ្លួនរួច​ហើយ​ក្នុងចំណាត់ការសងសឹកសហរដ្ឋអាមេរិក​ ដោយ​និយាយយ៉ាងដូច្នេះថា «នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍របស់ EU រួមទាំងការអនុម័តវិធានការតបតតាមសមាមាត្រប្រសិនបើចាំបាច់»។

លោកស្រី Von der Leyen បាន​សម្ដែងការព្រួយបារម្ភថា ពន្ធ ៣០ ភាគរយ «នឹងរំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់​អន្តរអាត្លង់ទិកដ៏សំខាន់ ​ដោយប៉ះពាល់ជាអវិជ្ជមាន​ដល់អាជីវកម្ម អ្នកប្រើប្រាស់ និងអ្នកជំងឺនៅសងខាងនៃមហាសមុទ្រអាត្លង់ទិក»។

គួររំឭកថា ត្រាំ ប្រកាសដាក់ពន្ធ ២០ ភាគរយ លើ EU កាលពីដើមខែមេសា មុនពេល​ផ្អាកបណ្ដោះ​អាសន្ន ​៩០ ថ្ងៃ​ ដើម្បីចរចា។ EU បាន​លើកពេលអនុវត្តវិធានការសងសឹក ដែល​កំណត់ពន្ធលើទំនិញអាមេរិកជាង ២៤ ប៊ីលាន​ដុល្លាររបស់អាមេរិកដូចគ្នា ដោយ​រំពឹង​ថា វានឹងចូលជាធរមានជាថ្មី ដំណាលគ្នានឹងការចាប់ផ្ដើម​អនុវត្តពន្ធខ្ពស់របស់អាមេរិក។

សូមគូសបញ្ជាក់ថា ​ម៉ិកស៊ិក និង EU គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ពាណិជ្ជកម្មទ្វេភាគីអាមេរិក-ម៉ិកស៊ិក ឆ្នាំមុន មាន​ទំហំប្រមាណ ៨៣៩,៩ ប៊ីលាន​ដុល្លារ និងមានឱនភាពសម្រាប់អាមេរិក​ប្រមាណ ១៧១,៨ ប៊ីលាន​ដុល្លារ។​

ទំហំពាណិជ្ជកម្មអាមេរិក-EU វិញ មាន​ប្រមាណ ៩៧៥,៩ ប៊ីលាន​ដុល្លារ និងមានឱនភាពសម្រាប់អាមេរិក​ប្រមាណ ២៣៥,៦ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន​។ យ៉ាងណាមិញ ក្នុងវិស័យសេវាកម្ម សហរដ្ឋអាមេរិក​មានអតិរេកពាណិជ្ជកម្មជាមួយ EU ប្រមាណ ១២៦,៨ ​ប៊ីលានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ប៉ៃ វាសនា
ជីវិតកម្សាន្ដ៣២ វិនាទី មុន

អ្នកសិល្ប:រន្ធត់ចិត្ត ក្រោយតារាកំប្លែងមាឌល្អិតលោក ប៉ៃ វាសនា ទទួលមរណភាពដោយសារជំងឺមហារីកថ្លើម

ព័ត៌មានអន្ដរជាតិ៤៤ វិនាទី មុន

តើជនកំសាកដែលលួចវាយទាហានកម្ពុជា នឹងទទួលទោសទណ្ឌកម្រិតណា នៅថៃ? 

កីឡា៥៨ វិនាទី មុន

NOCC ប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំង​ ដើម្បី​យល់​ដឹង​អំពីជំងឺ​មហារីកសុដន់ លើកទី៣

ជីវិតកម្សាន្ដ៨ នាទីutes មុន

ហ្វីយ៉ាតា សង្ឃឹមថា បើទោះមានគេលាបពណ៌ ខំមួលបង្កាច់ក្រោយខ្នង ក៏សុំត្រឹមពិភពលោកនេះឈរតែលើការពិត

កីឡា៩ នាទីutes មុន

លោក​ ពេជ្រ​ សុផាន់​ ចាំ​មើល​ក្លឹប​ថ្មី​ធ្វើ​រួច​សិន​ទើប​ពិចារណា​រឿង​ទទួល​សិស្ស​ស្រីៗ​ ឬ​អត់…

Sokha Hotels

ព័ត៌មានពេញនិយម