ព័ត៌មានអន្ដរជាតិ
ឥណ្ឌានឹងបន្តទិញប្រេងថោកៗពីរុស្ស៊ី ទោះ ត្រាំ គំរាម
ប្រភពពីរដ្ឋាភិបាលឥណ្ឌា ២ រូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាអនាមិក ថា ប្រទេសឥណ្ឌានឹងបន្តទិញប្រេងរុស្ស៊ី ទោះបីជាមានការគំរាមដាក់ទោសទណ្ឌពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។

ការប្រកាន់ជំហរយ៉ាងដូច្នេះ ធ្វើឡើងក្រោយលោក ត្រាំ ប្រកាសពន្ធ ២៥ ភាគរយ លើឥណ្ឌា ដែលជាអត្រាខ្ពស់មួយក្នុងចំណោមប្រទេសដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ បន្ថែមពីលើពន្ធ លោក ត្រាំ ថាលោកនឹងដាក់ទោសទណ្ឌឥណ្ឌា ចំពោះការទិញអាវុធ និងប្រេងរុស្ស៊ី។ ហើយកាលពីថ្ងៃសុក្រ លោក ត្រាំ បានប្រាប់អ្នកកាសែត លោក «ឮថា» ឥណ្ឌានឹងឈប់ទិញប្រេងរុស្ស៊ីទៀតហើយ។
យ៉ាងណាមិញ ប្រភពម្នាក់បានប្រាប់រ៉យទ័រ យ៉ាងដូច្នេះថា៖ «ទាំងនេះគឺជាកិច្ចសន្យាប្រេងរយៈពេលវែង។ វាមិនអាចឈប់ទិញប្រេងមួយយប់ភ្លាមៗសាមញ្ញៗទេ»។
ដោយប្រកាន់ជំហរត្រឹមត្រូវលើការទិញប្រេងរុស្ស៊ី ប្រភពពីមន្រ្តីឥណ្ឌាម្នាក់ទៀតបាននិយាយថា ការនាំចូលនាំប្រេងពីរុស្ស៊ីរបស់ឥណ្ឌា បានជួញបញ្ចៀសកំណើនតម្លៃប្រេងសកល ទោះបីជាលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៊ីក្ដី។ ប្រភពបាននិយាយថា មិនដូចប្រេងអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ប្រេងឆៅរបស់រុស្ស៊ីមិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មដោយផ្ទាល់ទេ ហើយឥណ្ឌាកំពុងទិញវាក្រោមតម្លៃទីផ្សារបច្ចុប្បន្ន ដែលកំណត់ដោយសហភាពអឺរ៉ុប (EU)។

ជុំវិញបញ្ហានេះ កាសែតញូវយ៉កថែមស៍ ក៏បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ឥណ្ឌា ២ នាក់ជាអនាមិកផងដែរ ដែលពួកគេបាននិយាយថា រដ្ឋាភិបាលឥណ្ឌាមិនផ្លាស់ប្ដូរគោលនយោបាយណា ដោយសារការគំរាមកំហែងរបស់ ត្រាំ នោះទេ។
ឥណ្ឌាមិនប្រតិកម្មជាផ្លូវការលើផែនការប្រេងរបស់ខ្លួនទេ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសុក្រថា ឥណ្ឌាមានភាពជាដៃគូប្រកបដោយស្ថិរភាពជាមួយរុស្ស៊ី។
គួរគូសបញ្ជាក់ថា តាំងពីចូលកាន់តំណែងមក លោក ត្រាំ បានអះអាងពីអាទិភាពនៃការបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ហើយថ្មីៗនេះ បានបង្ហាញការខកចិត្តកាន់តែខ្លាំងឡើងជាមួយនឹងលោក ពូទីន។ លោកបានគំរាមយកពន្ធ ១០០ ភាគរយ លើប្រទេសដែលទិញប្រេងពីរុស្ស៊ី លុះត្រាតែរុស្ស៊ីយល់ព្រមចំពោះកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ បច្ចុប្បន្នរុស្ស៊ីផ្គត់ផ្គង់ប្រហែល ៣៥ ភាគរយ នៃការនាំចូលប្រេងសរុបរបស់ឥណ្ឌា។ ឥណ្ឌាបាននាំចូលប្រេងរុស្ស៊ីប្រមាណ ១,៧៥ លានបារ៉ែល/ថ្ងៃពីខែមករាដល់ខែមិថុនាឆ្នាំនេះ ដោយកើនឡើង ១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


