Connect with us

សេដ្ឋកិច្ច

រោងម៉ាស៊ីនកិនស្រូវធំមួយក្នុងស្រុកថ្មគោល ទទួលទិញស្រូវស្រងែជិត ២ ពាន់តោនក្នុងមួយថ្ងៃ

បានផុស

នៅ

ម្ចាស់​រោងម៉ាស៊ីន​កិន​ស្រូវ​ ស៊ីធីរ៉ាយស៍ អ៉ីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) លោក​ឧកញ៉ា ឡាយ ឈុនហួ បាន​​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​រោង​ម៉ាស៊ីន​កិន​ស្រូវ​របស់​លោក ទទួលទិញ​ស្រូវ​ស្រងែ​ចូល​ចន្លោះ​ពី ១ ៣០០ តោន ទៅ ១ ៥០០តោន ​ក្នុង​មួយ​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា នេះ លោកឧកញ៉ា ឡាយ ឈុនហួរ បាន​បញ្ជាក់​ថា៖​ក្នុង​គោលការណ៍​ថ្មី ក្រោយ​ពេល​ដែល​ជួប​​ប្រជុំ​ជា​មួយ​ក្រសួង​ពាណិជ្ជកម្ម ក៏​ដូច​ជា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រួច​មក​​ ទាំង​ខាង​រោង​ម៉ាស៊ីន និង​សហព័ន្ធ​​បាន​កំណត់​ដាក់​នៅ​ក្នុង​តម្លៃ​មួយ​សមរម្យ​ដល់​កសិករ។ ក្នុង​នោះ​ប្រភេទ​ស្រូវ​ស្រងែ​ លោក​ទទួល​ទិញ​តម្លៃ ៨០០៛ ក្នុង​មួយ​គីឡូ​ក្រាម នៅ​និង​ស្រែ ហើយ ៨៤០៛ ក្នុង​មួយ​គីឡូ​ក្រាមកសិករ​ដឹក​មក​ដល់​រោង​ម៉ាស៊ីន គឺ​សម្រាប់​ស្រូវ​ស្អាត​លេខ​១​​។

លោក​ឧកញ៉ា បាន​បញ្ជាក់​ដែរ​ថា «ដោយ​សារ​តែ​ពេល​បច្ចុប្បន្ន​នេះ ​ស្រូវ​ស្រងែ​របស់​​ប្រជា​ពលរដ្ឋ​ខេត្ត​បាត់ដំបង​បាន​និង​កំពុង​ច្រូត​កាត់​ច្រើន ដូច្នេះ​ហើយ​ម្ចាស់​រោងម៉ាស៊ីន​ម្នាក់​ៗ​គឺ​ប្រមូល​ទិញ​តែ​ស្រូវ​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ប៉ុណ្ណោះ​ ដោយ​កសិករ​អាច​ដឹក​មក​ផ្ទាល់​ក៏បាន ឬ​មួយ​ចំនួន​ទៀត​ជួល​ឡាន​អ្នក​ដទៃ​ដឹក​យក​មក​ក៏​បាន​ ហើយ​មួយ​ចំនួន​ទៀត​ក៏​មាន​ឈ្មួញ​ដែល​ដើរ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ផ្ទាល់​នៅ​និង​ស្រែ​ ហើយ​យក​មក​លក់​​ដល់​រោងចក្រ​ក៏​បាន ប៉ុន្តែ​ទិញ​តែ​ក្នុង​តំបន់​ខេត្ត​បាត់ដំបង​តែ​ប៉ុណ្ណោះ»​។

ទន្ទឹម​នេះ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ លោក ឃឹម ហ្វីណង់ បាន​លើក​ឡើង​ថា បច្ចុប្បន្ននេះ ស្ថានភាព​ថ្លៃស្រូវ​ស្រងែរបស់​ប្រជាកសិករនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានកើនចំនួន ៣-៤ លេខ គឺ​មកនៅ​ក្នុង​រង្វង់ជាង ៨០០៛/គីឡូក្រាមឡើងវិញ បើធៀបទៅនឹងថ្លៃកាលពីថ្ងៃសុក្រសប្តាហ៍កន្លងមកនេះ។

ជុំ​វិញ​បញ្ហា​នេះ លោក ឃឹម ហ្វីណង់ បាន​គូស​បញ្ជាក់​ថា ទោះ​បើមិនទាន់ដល់ចំណុចដើមនៅឡើយ តែភាព​ប្រសើរឡើង​បន្តិច​ម្តង​ៗ​នៃ​ថ្លៃស្រូវស្រងែនាពេលនេះ បង្ហាញ​ពីប្រសិទ្ធភាព​នៃ​ការ​ចាប់​ផ្តើម​អន្តរាគមន៍​ជួយ​ចុះ​ប្រមូល​ទិញ​ស្រូវ​ពី​សំណាក់​រោ​ងម៉ាស៊ីនដៃគូ តបតាមការស្នើសុំកិច្ចសហការពីក្រសួងកសិកម្ម។

ជាក់ស្តែង អ្វីដែលសំខាន់​នោះ​គឺ ប្រជាកសិករ​នៅទីនេះ​បានចាប់ផ្តើម​សុំចុះ​ឈ្មោះ​ចងក្រង​គ្នាជា​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​រួមគ្នា​ផលិត​ស្រូវស្រងែ​តាមកិច្ចសន្យានារដូវកាលខាងមុខ ក្នុងតម្លៃ​កុងត្រាទុកមុន​ពី​ចន្លោះ ៩៥០៛-១០៥០៛/គីឡូក្រាម។ ដូច្នេះ​ យើង​សង្ឃឹមថា នឹងមាន​សហគមន៍​កសិកម្ម​ទំនើប​នៅក្នុង​ឃុំ​កំពង់​ព្រៀង​ នេះ​នា​ពេល​ដ៏ខ្លីខាងមុខ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម