សេដ្ឋកិច្ច
ក្រុមហ៊ុន Amru Rice ពង្រីកការចុះកិច្ចសន្យាកសិកម្មទិញស្រូវពីកសិករ
លោក ឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា Amru Rice បានដាក់ផែនការក្នុងរដូវប្រមូលផលស្រូវចាប់ពីខែសីហា ដល់ដំណាច់ឆ្នាំ២០២៥នេះ នឹងបន្តពង្រីកចុះទិញស្រូវនៅក្នុងកិច្ចសន្យា (Contract Farming) ឱ្យបាន ៦ ម៉ឺនតោន ខណៈបច្ចុប្បន្នការងារអនុវត្តកិច្ចសន្យាកសិកម្ម គឺចាប់ផ្តើមទិញនៅក្នុងកិច្ចសន្យា ចំនួន ១៩ ០០០ តោន នៅខេត្តបាត់ដំបង កំពង់ធំ ខេត្តសៀមរាប ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនផ្សេងទៀត។

ថ្លែងមកកាន់«កម្ពុជាថ្មី» លោកឧកញ៉ា សុង សារ៉ន បានមានប្រសាសន៍ថា ការងារអនុវត្តកិច្ចសន្យាកសិកម្ម យើងចាប់ផ្តើមចុះកិច្ចសន្យាទិញស្រូវកសិកម្មចំនួន ១៩ ០០០ តោន នៅខេត្តបាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ ក្នុងនោះខេត្តបាត់ដំបងអាចមានចំនួន ១៥ ០០០តោន ហើយនៅខេត្តចំនួនពីរផ្សេងទៀតអាចក្នុងរង្វង់ ៤ ០០០ ពាន់ នេះគឺជាការចាប់ផ្តើមលើកទី១ ដែលបានចុះកិច្ចសន្យាជាមួយសហភាពកសិកម្ម។
ដោយឡែក សម្រាប់តម្លៃ គឺគោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល តម្លៃគោលសម្រាប់ស្រូវស្រងែ ល្អលេខ១ ក្នុងតម្លៃ ៨០០៛ ក្នុងមួយគីឡូក្រាម លេខ២ តម្លៃ ៧៨០៛ ក្នុងមួយគីឡូក្រាម ហើយបូកនិងតម្លៃបន្ថែមលើកទឹកចិត្តសម្រាប់ស្រូវសែនក្រអូប លេខ១ តម្លៃ ១ ១០០៛ ក្នុងមួយគីឡូក្រាម និងលេខ២ តម្លៃ ១ ០៦០៛ ក្នុងមួយគីឡូក្រាម បូកនិងតម្លៃលើកទឹកចិត្តស្រូវស្រងែ ៤០ រៀល / គីឡូក្រាម និងស្រូវសែនក្រអូប ៧២រៀល / គីឡូក្រាម។

លោកឧកញ៉ា បានបញ្ជាក់ដែរថា «ចំនួននេះមិនច្រើននោះទេ ប្រសិនបើធៀបទៅនិងចំនួនស្រូវដែលកសិករបានប្រមូលផលគឺមានចំនួនច្រើនខ្លាំង ប៉ុន្តែនេះជាការចូលរួមមួយជាមួយប្រជាកសិករដែលបានបង្កបង្កើនផលជុំវិញរោងម៉ាស៊ីនកិនស្រូវនៅស្រុកសង្កែ ខេត្តបាត់ដំបង។ ព្រោះទិន្នផលនៅស្រូវនៅស្រុកសង្កែ មានចំនួនច្រើន ដូច្នេះការងារនេះក៏បានចូលរួមមួយចំណែកទិញស្រូវពីប្រជាកសិករ ក៏ដូចជាការបណ្ដុះបណ្ដាល ជួយកាត់បន្ថយចំណាយរបស់ពលរដ្ឋ និងបង្កើនទិន្នផលដល់ពលរដ្ឋ»។
ទន្ទឹមនេះ បន្ទាប់ពីចុះហត្ថលេខានៅខេត្តបាត់ដំបង លោកឧកញ៉ា ក៏នឹងបន្តទៅចុះហត្ថលេខាជាមួយសហគមន៍នៅខេត្តមណ្ឌលគិរី ដែលនិងបន្តការទិញនៅក្នុងរដូវកាលនេះ អាចចំនួន ៥ ទៅ ៦ ពាន់តោន កន្លងមកធ្លាប់តែជាខេត្តមួយមិនមានស្រូវ ក្លាយទៅជាខេត្តមួយមានស្រូវវិលជុំ ដូចជាផ្ការំដួល និងសែនក្រអូប និងស្រូវស្រងែ ជាដើម។

បន្ថែមពីនេះ លោកឧកញ៉ា ក៏នឹងបន្តការងារចុះហត្ថលេខាកិច្ចសន្យាកសិកម្មនេះនៅខេត្តព្រះវិហារបន្តទៀត ព្រោះកន្លងមកដោយសារតែមានជម្លោះព្រំដែនទើបធ្វើឱ្យការងារនេះមានភាពយឺតយ៉ាវបន្តិច ប៉ុន្តែនឹងចាប់ផ្តើមឡើងវិញនៅក្នុងខែកញ្ញា នៅពេលដែលសភាពការមានភាពធូរស្រាលឡើងវិញ។
លោកឧកញ៉ា បានបញ្ជាក់ថា «ក្នុងនោះខេត្តព្រះវិហារ គឺគ្រោងចុះកិច្ចសន្យាទិញប្រមាណជាង ២ ម៉ឺនតោនជាប្រភេទស្រូវសរីរាង្គ ដែលគ្រោងនឹងចុះហត្ថលេខានៅដើមខែកញ្ញា ឆ្នាំ២០២៥ នេះ។ ហេតុដូចនេះហើយ សរុបទៅចំនួនដែលចុះហត្ថលេខានៅទូទាំងតំបន់ដែលមានរោងម៉ាស៊ីនកិនស្រូវនៅក្បែរនោះ គឺមានចំនួនជាង ៦ ម៉ឺនតោន រាប់ចាប់ពីពេលច្រូតកាត់ ក្នុងខែសីហា រហូតដល់ខែធ្នូ ឆ្នាំ២០២៥»។

សូមជម្រាបថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ តំណាងឱ្យក្រុមហ៊ុនអេមរុរាយស៍ លោកឧកញ៉ាបានអញ្ជើញចុះកិច្ចសន្យាកសិកម្មទិញស្រូវជាមួយសភាពសហគមន៍ កសិកម្មបាត់ដំបង់ ចំនួន ១៩,០០០ តោន នៅទីស្នាក់ការសហគមន៍កសិកម្មរាំងកេសី។ ក្នុងកិច្ចសន្យាទិញនោះ តម្លៃស្រូវគោលលេខ ១ នៅស្រែ ស្រូវស្រងៃ ៨០០ រៀល / គីឡូក្រាម, ស្រូវសែនក្រអូប ១១០០ រៀល / គីឡូក្រាម តម្លៃស្រូវលេខ ២ នៅស្រែ ស្រូវស្រងៃលេខ២ តម្លៃ ៧៤០ រៀល / គីឡូក្រាម ស្រូវសែនកនរអូបលេខ ២ តម្លៃ១០៦០ រៀល/គីឡូក្រាម ដោយបូកនូវប្រាក់លើកទឹកបន្ថែមដល់កសិករ និងសហគមន៍កសិកម្ម ស្រូវស្រងៃ ៤០ រៀល / គីឡូក្រាម ស្រូវសែនក្រអូប ៧២រៀល / គីឡូក្រាម។
ក្នុងនោះដែរ ទិន្នផលជាមធ្យមស្រូវស្រងែបាន ៧ តោន/ហិតា ប្រើជីគីមី ២០០ គីឡូ បូកជីធម្មជាតិ ១៥០ គីឡូ ឬ ដើមចក្រស្នា។ ដោយឡែក ជាមធ្យម ស្រូវសែនក្រអូបបាន ៦ តោន / ហិតា ប្រើជីគីមី ១៥០ គីឡូ បូកជីធម្មជាតិ ១៥០ គីឡូក្រាម ឬ ចក្រង់ស្វា៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


