Connect with us

ព័ត៌មានអន្ដរជាតិ

Boeing កំពុងចរចាជាមួយចិន លើការលក់យន្តហោះ ៥០០ គ្រឿង

បានផុស

នៅ

ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) របស់សហរដ្ឋអាមេរិក កំពុង​ចរចាជាមួយ​មន្រ្តីចិន ពាក់ព័ន្ធនឹង​ការលក់យន្តហោះរបស់ខ្លួនទៅឱ្យ​ប្រទេសនេះ រហូតដល់ទៅ ៥០០ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារព័ត៌មាន​ Bloomberg បាន​ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយ​ស្រង់សម្ដីប្រភព​ដោយ​មិនបញ្ចេញឈ្មោះ ដែលថា ឥឡូវនេះ ​ប៊ូអ៊ីង និងមន្រ្តីចិន កំពុងចរចាគ្នាលើព័ត៌មាន​លម្អិតនៃការលក់ រួមទាំងប្រភេទយន្តហោះ ​ចំនួន​ ក៏ដូចជា​ពេលវេលានៃការទទួលបាន​។

ប្រភព​បាន​បន្ត​ថា កិច្ចព្រមព្រៀងរវាងភាគីទាំង២ អាច​ក្លាយជាចំណុចស្នូលនៃ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង​ ដែលកំពុងចរចាគ្នាលើភាព​តានតឹងពាណិជ្ជកម្មដែលអូសបន្លាយតាំងតែពីអាណត្តិទី១របស់ ត្រាំ ហើយ​ផ្ទុះកាន់តែខ្លាំងឡើងម្ដងទៀត​នៅដើមខែមេសា ដោយសារតែបញ្ហា​ពន្ធគយ។ ​

​កិច្ចព្រមព្រៀងដដែល បើសម្រេចបាន​ នឹង​បង្ហាញពីការបន្ធូរបន្ថយដ៏សំខាន់​ក្នុងភាពតានតឹងពាណិជ្ជកម្មរវាងក្រុមហ៊ុន ប៊ូអ៊ីង និងប្រទេសចិន ដែល​កំពុងបង្កើនការទិញយន្តហោះពីក្រុមហ៊ុនផលិតយន្តអឺរ៉ុប Airbus ផងដែរនោះ​។

ចន្លោះពីឆ្នាំ ២០១៧-២០២១ ក្រុមហ៊ុន ប៊ូអ៊ីង ទទួលបានការបញ្ជាទិញយន្តហោះសំខាន់ៗពី​ចិន ដែលជា​ធម្មតា ធ្វើឡើង​​អំឡុង​ទស្សនកិច្ច​របស់ប្រធានាធិបតី​ ត្រាំ​។ ប៉ុន្តែការទិញ​ត្រូវបាន​ជាប់គាំងជាបន្តបន្ទាប់ ដោយសារតែភាពតានតឹងពាណិជ្ជកម្ម និងពន្ធគយ ខណៈការចរចាស្ថិតនៅក្នុងដំណើរការអស់រយៈពេល​រាប់ឆ្នាំមកហើយ រួមទាំងនៅក្នុងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

កាលពីខែមេសា ក្រុមហ៊ុន ប៊ូអ៊ីង បាន​និយាយថា អតិថិជននៅ​ចិនបាន​បដិសេធមិនទទួលយន្តហោះផលិតរួចដែលពួកគេបាន​បញ្ជាទិញ ដោយសារតែ​សង្រ្គាមពន្ធអាមេរិក-ចិន ដែល​តម្រូវឱ្យពួកគេបញ្ជូនយន្តហោះទៅសហរដ្ឋអាមេរិក​វិញ។

ទោះជាយ៉ាងណាក៏ដោយ គេមើលឃើញថា ការទិញយន្តហោះរបស់ក្រុមហ៊ុន ប៊ូអ៊ីង ក្លាយជាចំណុចយុទ្រសាស្រ្តមួយក្នុងការចរចាពន្ធរវាងប្រទេសផ្សេងៗ និងរដ្ឋបាល ត្រាំ។ ដើម្បីជាថ្នូរនឹងការទម្លាក់ពន្ធឱ្យ​ទាប ប្រទេសជាច្រើន​ដូចជាជប៉ុន ឥណ្ឌូណេស៊ី វៀតណាម និងបង់ក្លាដែស បាន​ប្ដេជ្ញា​ទិញយន្តហោះ​ប៊ូអ៊ីង​សរុបជាទឹកប្រាក់រាប់ពាន់លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម