Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញបារម្ភពី​សេដ្ឋកិច្ចបង់ក្លាដែស ដែលប្រឈមមុខនឹង​វិបត្តិហិរញ្ញវត្ថុ

បានផុស

នៅ

ជាង ១ ឆ្នាំក្រោយ​បាតុកម្មប្រឆាំងរដ្ឋាភិបាល​ទម្លាក់លោកស្រី សេក ហាស៊ីណា (Sheikh Hasina) ចេញពីតំណែងនាយករដ្ឋមន្រ្តីបង់ក្លាដែស សេដ្ឋកិច្ចរបស់ប្រទេសនេះបន្តស្ថិតនៅក្នុងវិបត្តិអូសបន្លាយ។ យោងតាមការវាយតម្លៃដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ចរបស់បង់ក្លាដែស កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយតម្លៃរបស់ ADB បានកត់សម្គាល់ថា សសរស្តម្ភទាំង ៣ នៃសេដ្ឋកិច្ចរបស់​បង់ក្លាដែស ដែលរួមមានវិស័យធនាគារ ស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ (NBFIs) និងទីផ្សារភាគហ៊ុន ត្រូវបានជាប់គាំងនៅក្នុងអស្ថិរភាព ទោះបីជា​រដ្ឋាភិបាលរបស់មេដឹកនាំបណ្ដោះអាសន្នលោក Muhammad Yunus ប្រឹងប្រែងក្នុងការធ្វើអ្វីៗ​ឱ្យ​វិលទៅរកភាពប្រក្រតីឡើងវិញក៏ដោយ។​

បង់ក្លាដែស បានជាប់​បញ្ហា​ដ៏អាក្រក់ដដែលៗ ដែល​រួមមានបញ្ហា​​​​​កម្ចីដែល​ខកសំណង ឬសងមិនរួច​ (Defaulted Loans) កម្សោយ​បទប្បញ្ញត្តិ​ ឥទ្ធិពលនយោបាយ អំពើពុករលួយ និងចំនួន​ច្រើន​នៃក្រុមហ៊ុនដែលមាន​ហានិភ័យ​ហិរញ្ញវត្ថុ​។ ​កត្តាទាំងអស់នេះ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដែលនាំឱ្យមានភាពមិនច្បាស់លាស់អំពីអនាគត ខណៈ​បង់ក្លាដែសកំពុងត្រៀមរៀបចំការបោះឆ្នោត​ជ្រើសរើសមេដឹកនាំថ្មី​នៅឆ្នាំក្រោយ។

ទាំងនេះគឺជាស្ថានភាពនៃសសរស្តម្ភទាំង ៣ នៃសេដ្ឋកិច្ចបង់ក្លាដែស៖

  1. វិស័យធនាគារជាប់គាំងក្នុងបញ្ហា​​ឥណទានខកសំណង

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានកត់សម្គាល់ថា គោលនយោបាយដ៏ធូររលុងជាច្រើនឆ្នាំ ការជ្រៀតជ្រែកផ្នែកនយោបាយ និងអំពើពុករលួយ បានធ្វើឱ្យវិស័យធនាគារបង់ក្លាដែស​ធ្លាក់ចូលទៅក្នុង​បន្ទុក ដោយសារតែបញ្ហា​កម្ចីមិនអាចសង​។ នេះបើតាមការរាយការណ៍របស់កាសែត Dhaka Tribune។ យោង​តាម​ការ​ប៉ាន់​ស្មាន​ពី​ធនាគារកណ្ដាល​​បង់ក្លាដែស ​កម្ចីមិនអាចសង មាន​រហូតដល់ទៅ ៦ ទ្រីលាន តាកា (៤៩,៣ ប៊ីលាន​ដុល្លារអាមេរិក) ​គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ ២០២៥។ ​

រដ្ឋធានី ដាកា នៃប្រទេសបង់ក្លាដែស

ក្រៅពីនេះ ឥណទានសងមិនរួចលួចលាក់ (Hidden Defaults) មាន​រហូតដល់ទៅ ៣,១៨ ទ្រីលាន​ តាកា (ប្រហែល ២៦ ប៊ីលាន​ដុល្លារ)។

ក្នុង​អំឡុង​ពេល​រដ្ឋាភិបាល​មុន មាន​ «ការ​លួច​ប្លន់ក្នុងនាមប្រាក់កម្ចី» ​ទ្រង់ទ្រាយធំ។ អ្នកជំនួញដែលមានអំណាចជាច្រើនមិនបានសងប្រាក់កម្ចីរបស់ពួកគេទេ ទោះបីជាពួកគេមានលុយក៏ដោយ។ ដោយ​សារ​តែបញ្ហានេះ ​រដ្ឋាភិបាលបានស្នើឱ្យដកចេញនូវនិយមន័យនៃ «អ្នកខ្មីមិនសងដោយ​ចេតនា» ​ក្នុងសេចក្តីព្រាងច្បាប់ស្តីពីក្រុមហ៊ុនធនាគារថ្មី។ នេះបើតាមការឱ្យដឹងរបស់​មន្ត្រីធនាគារបង់ក្លាដែសម្នាក់ ប្រាប់ The Dhaka Tribune ​។

ច្បាប់ដែលបានធ្វើវិសោធនកម្មឆ្នាំ ២០២៣ បានតម្រូវឱ្យគ្រប់ធនាគារទាំងអស់រៀបចំបញ្ជី «អ្នកខ្មីមិនសងដោយ​ចេតនា» ហើយបញ្ជូនវាទៅធនាគារកណ្តាល។​​ ប៉ុន្តែសេចក្តីព្រាងច្បាប់របសរដ្ឋាភិបាល​លោក Yunus បាន​អះអាងថា ការកំណត់អត្តសញ្ញាណ «អ្នកខ្មីមិនសងដោយ​ចេតនា» ​គឺស្មុគស្មាញ និងមិនស្របតាមការពិត។

ទាក់ទិញនឹង​បញ្ហានេះ លោកបណ្ឌិត Ahsan H Mansur ទេសាភិបាលធនាគារបង់ក្លាដែសបានសន្យាថានឹងមានតម្លាភាពកាន់តែច្រើនដោយនិយាយថា៖ «ចាប់ពីពេលនេះតទៅ គ្មានព័ត៌មានណាមួយត្រូវបានរក្សាទុកជាសម្ងាត់ទេ។ ប្រាក់កម្ចីដែលមិនសងទាំងអស់ នឹងត្រូវបានបង្ហាញជាសាធារណៈ ហើយកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញយ៉ាងតឹងរឹងនឹងត្រូវអនុវត្ត»។

– ABD៖ ប្រព័ន្ធធនាគារដ៏ខ្សោយបំផុតនៅអាស៊ី​

របាយការណ៍ថ្មីៗរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​បង្ហាញថា បង់ក្លាដែសឥឡូវនេះមានបរិមាណប្រាក់កម្ចី​ខកសំណងច្រើនជាងគេនៅអាស៊ី។ នៅឆ្នាំ ២០២៤ ​មាន ២០,២ ភាគរយ នៃប្រាក់កម្ចីទាំងអស់ គឺជាប្រាក់កម្ចីខកសំណង ឬសងមិនរួច ​ដោយ​កើនឡើង ២៨ ភាគរយ ធៀបនឹង​ឆ្នាំមុន។

បាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ ២០២៤

ADB បាន​ពណ៌នា​​បង់ក្លាដែស​ថា​មាន «ប្រព័ន្ធ​ធនាគារ​ខ្សោយ​បំផុត» នៅ​អាស៊ី ហើយ​ផ្ទុយទៅវិញ ឥណ្ឌា ប៉ាគីស្ថាន និងស្រីលង្កា បានគ្រប់គ្រងកាត់បន្ថយប្រាក់កម្ចី​ខកសំណង​តាមរយៈកំណែទម្រង់ផ្សេងៗ​។

អតីតប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក លោកបណ្ឌិត Zahid Hussain បាននិយាយថា៖ «ច្បាប់កាន់តែតឹងរ៉ឹង នោះចំនួនប្រាក់កម្ចី​ខកសំណងនឹងកើនឡើងកាន់តែច្រើន។ បើគ្មានកំណែទម្រង់ដិតដល់ដូចប្រទេសឥណ្ឌាទេ វិបត្តិនេះនឹងមិនបញ្ចប់ឡើយ»។

លោក Selim Raihan នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវ បណ្តាញអាស៊ីខាងត្បូងស្តីពីគំរូសេដ្ឋកិច្ច (SANEM) បានបន្ថែមថា៖ «បញ្ហានឹងមិនត្រូវបានដោះស្រាយទេ លុះត្រាតែ​ការជ្រៀតជ្រែកផ្នែកនយោបាយត្រូវបានបញ្ឈប់ ហើយប្រព័ន្ធតុលាការត្រូវបានពង្រឹង»។

ក្នុងបរិបទនៃកង្វល់ទាំងនេះ ធនាគារកណ្ដាល​បង់ក្លាដែសបានសម្រេចចិត្តច្របាច់បញ្ចូលគ្នានូវធនាគារអ៊ិស្លាមចំនួន ៥ ដែលរួមមាន First Security, Social Islami, Global Islami, Union និង Exim Bank ចូលទៅក្នុងធនាគារ​គ្រប់គ្រងដោយរដ្ឋថ្មី​ឈ្មោះ «United Islami Bank»។ អត្រា​កម្ចីខកសំណងរបស់ធនាគារទាំងនេះ មាន​ចន្លោះពី ៤៨-៩៨ ភាគរយ។

វិស័យកាត់ដេរ ជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់បង់ក្លាដែស

ទេសាភិបាលធនាគារបង់ក្លាដែសបាននិយាយ​នៅពេលច្របាច់បញ្ចូលគ្នានេះថា៖ «គំនិតផ្តួចផ្តើមនេះគឺដើម្បីការការពារអ្នកដាក់ប្រាក់បញ្ញើ»។ លោក​បាន​បន្ថែម​ថា​៖ «​មិន​មាន​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច​ទេ។ រដ្ឋាភិបាល​នឹង​ទទួល​ខុស​ត្រូវ​ទាំង​អស់»។

២. វិវត្តិនៅក្នុងវិស័យធនាគារ រាលដាលដល់ NBFI ​

កាសែត The Dhaka Tribune បាន​រាយការណ៍ថា វិបត្តិ​ក្នុងវិស័យធនាគារបង់ក្លាដែស បានសាយភាយចូលទៅក្នុងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ (NBFI) ​ហើយ​​ស្ថានភាព​ក្នុង​វិស័យ​នេះ​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយកៀកនឹង​ដួលរលំ។

យោងតាមធនាគារបង់ក្លាដែស ប្រាក់កម្ចី​ខកសំណងក្នុង​ NBFIs ដែល​ប្រឈមបញ្ហា មាន​ចំនួន ២១៤,៦២ ប៊ីលាន តាកា (១,៧៦ ប៊ីលាន​ដុល្លារ) ដែល​ស្មើនឹង ៨៣ ភាគរយ ​នៃផលប័ត្រប្រាក់កម្ចីរបស់ពួកគេ។​

អ្នកជំនាញបានអះអាងថា វិស័យនេះស្ទើរតែក្ស័យធនទៅហើយ ដោយស្ថាប័នជាច្រើនមិនអាចបង់ប្រាក់បញ្ញើវិញបាន ធ្វើឲ្យបាត់បង់ទំនុកចិត្តសាធារណៈបន្ថែមទៀត។ ធនាគារកណ្ដាលបង់ក្លាដែស បាន​ឱ្យដឹងថា ​គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ ស្ថាប័នចំនួន ២០ ជំពាក់បំណុល ២៥៨,០៨ ប៊ីលាន​ តាកា ​ប៉ុន្តែវត្ថុបញ្ចាំរបស់ពួកគេមានត្រឹមតែ ៦៨,៩៩ ប៊ីលាន​កាតា ប៉ុណ្ណោះ ដែលស្មើនឹង ២៦ ភាគរយ នៃបំណុលសរុប។  ​មន្ត្រីធនាគារកណ្តាលបានព្រមានថា ប្រសិនបើមិនមានវិធានការណ៍រហ័សដើម្បីការពារអ្នកដាក់ប្រាក់បញ្ញើទេ វិស័យនេះអាចដួលរលំទាំងស្រុង។

៣. ផ្សារហ៊ុនរបស់បង់ក្លាដែសស្ថិតនៅក្នុងស្ថានភាពអាក្រក់

ទីផ្សារភាគហ៊ុនរបស់បង់ក្លាដែស ស្ថិតនៅក្រោមភាពតានតឹងយូរយារមកហើយ​។ យោងតាម ​​The Dhaka Tribune ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ ទីផ្សារបានធ្លាក់ចុះប្រហែល ៣៨ ភាគរយ។ ​បើកែសម្រួលតាមអតិផរណា វិនិយោគិននៅបង់ក្លាដែស​បានបាត់បង់ដើមទុនក្នុងអត្រាជាមធ្យម ៣ ភាគរយ/ឆ្នាំ។

រូបភាព​ AFP

យោងតាមផ្សារហ៊ុន Dhaka Stock Exchange (DSE) ភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន ៩៨ ក្នុងចំណោម ៣៩៧ ក្រុមហ៊ុន ​ បាន​ធ្លាក់ចុះក្រោម ១០ តាកា/ហ៊ុន ដែលជាតម្លៃដើម​។ ច្រើនជាងពាក់កណ្តាលនៃភាគហ៊ុនទាំងនោះទៀតសោត មានតម្លៃក្រោម ៥ តាកា/ហ៊ុន ។

លោក Kazi Monirul Islam នាយកប្រតិបត្តិនៃក្រុមហ៊ុន Shanta Asset Management បានប្រាប់កាសែត Dhaka Tribune ថា៖ «ការពិតដែលថាតម្លៃនៃភាគហ៊ុនមួយចំនួនធំបែបនេះ បានធ្លាក់ចុះក្រោមតម្លៃដើម​ បង្ហាញថា ដំណើរការរបស់ក្រុមហ៊ុនទាំងនេះមិនល្អ។ ជាលទ្ធផល វិនិយោគិនកំពុងពឹង​ផ្ដោតលើក្រុមហ៊ុន​ដែល​មាន​ដំណើរការខ្លាំងមួយចំនួន»។

ចំណែកឯលោក Saiful Islam ប្រធានសមាគមឈ្មួញកណ្តាល DSE ​របស់បង់ក្លាដែសវិញ បានពន្យល់ថា៖ «ភាគហ៊ុនឥតប្រយោជន៍ជាច្រើន​ក្នុងទីផ្សារភាគហ៊ុន កំពុងបំបាក់ទឹកចិត្តវិនិយោគិនជាបរទេស និងស្ថាប័ន​។ ក្រុមហ៊ុនទន់ខ្សោយត្រូវតែបិទ ឬច្របាច់បញ្ចូលគ្នាឱ្យ​ឆាប់រហ័ស ហើយក្រុមហ៊ុនខ្លាំងថ្មីៗត្រូវតែមាន​លើទីផ្សារ»។ ​

ខណៈរដ្ឋបាលលោក Yunus កំពុងព្យាយាមនាំយកកំណែទម្រង់ អ្នកជំនាញនៅតែមានការព្រួយបារម្ភអំពី​អនាគតសេដ្ឋកិច្ចរបស់បង់ក្លាដែស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម