Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីឧស្សាហកម្មស្នើឱ្យ ADB ផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យឯកជន

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​ស្នើ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់អាទិភាព​កាន់តែ​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន។

លោករដ្ឋមន្ត្រីបានស្នើក្នុង​ឱកាស​ទទួល​ជួប​ស្វាគមន៍លោកស្រី Yasmin Siddiqi នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​ប្រទេស​កម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី បានអបអរចំពោះតួនាទីថ្មីរបស់លោកស្រី Yasmin និងបានបញ្ជាក់ថា ក្រសួងត្រៀមបន្តសហការជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​ភាព​ជាដៃគូដ៏រឹងមាំរវាង ADB ជាមួយក្រសួង ព្រមទាំងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ធនាគារ ក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា រួមទាំងក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ។

លោក​រដ្ឋមន្ត្រីបានលើក​ឡើង​អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅ​ការចាកចេញ​ពីឋានៈ​ជាប្រទេស​ដែល​មានការអភិវឌ្ឍតិចតួច និងភាពចាំបាច់នៃការត្រៀមលក្ខណៈរបស់សហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីប្រឈមកំណើននៃការប្រកួតប្រជែង និងបរិវត្តកម្មបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។

លោក​រដ្ឋមន្ត្រីក៏បានលើកឡើងពី តួនាទី​សំខាន់​របស់ ADB ក្នុង​ការគាំទ្រ​គំនិតផ្តួចផ្តើម​កែទម្រង់​វិស័យ​ទឹកស្អាត និងបរិវត្តកម្មឧស្សាហកម្មផងដែរ។

លោកស្រី Siddiqi បានវាយតម្លៃខ្ពស់ចំពោះសន្ទុះនៃការអភិវឌ្ឍរបស់កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​ជាមួយក្រសួង និងរាជរដ្ឋាភិបាល ព្រមទាំងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារ ចំពោះការផ្តល់ហិរញ្ញប្បទានផ្អែកលើគោលនយោបាយ។

លោកស្រីក៏បានជម្រាបជូនថា ក្រុមប្រឹក្សាភិបាលរបស់ ADB គ្រោងនឹងអនុម័តកញ្ចប់ហិរញ្ញប្បទានវិស័យទឹកស្អាតក្នុងសប្តាហ៍នេះ ដែលសបញ្ជាក់ពីការបន្តកិច្ចសហការរឹងមាំ ក្រោមកម្មវិធីភាពជាដៃគូប្រចាំប្រទេសថ្មីរបស់ខ្លួន។

លោក​រដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួល និងបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តកៀរ​គរ​ហិរញ្ញប្បទាន ជំនួយបច្ចេកទេស និងផ្តល់​ឱកាសហិរញ្ញប្បទាន​សម្រាប់​ក្រុមហ៊ុន​នវានុវត្តន៍​ថ្មី​ៗ​កាន់​តែ​ច្រើន ដើម្បី​ពន្លឿន​ការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម