Connect with us

ព័ត៌មានអន្ដរជាតិ

រ៉យទ័រ​៖ ចិន ម៉ាឡេស៊ី ចរចាគ្នាលើគម្រោងចម្រាញ់រ៉ែកម្រ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ បាន​រាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ​ ដោយ​ស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ៤នាក់​ថា ប្រទេសចិន​ និងម៉ាឡេស៊ី កំពុងចរចាគ្នា​លើគម្រោង​ចម្រាញ់រ៉ែកម្រ ដោយ​មូលនិធិវិនិយោគ​រដ្ឋ Khazanah Nasional របស់ម៉ាឡេស៊ី និងចាប់ដៃគ្នាជាមួយ​ក្រុមហ៊ុនរដ្ឋចិន​ ដើម្បីបង្កើតរោងចក្រចម្រាញ់នោះនៅម៉ាឡេស៊ី។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើការបណ្តាក់ទុនរួមគ្នាលើគម្រោង​ដំណើរការទៅមុខ វានឹងបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយ​ដ៏សំខាន់សម្រាប់​ចិន។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ និងកែច្នៃរ៉ែកម្រឈានមុខគេលើពិភព​លោក ​ចិនបានហាមឃាត់​ការនាំចេញបច្ចេកវិទ្យាកែច្នៃរ៉ែកម្ររបស់ខ្លួនទៅប្រទេសផ្សេងៗ ដើម្បីរក្សា​អំណាច​របស់ខ្លួន​លើពិភព​លោក​ក្នុង​ឧស្សាហកម្ម​មួយ​នេះ​។ ការអនុញ្ញាតឱ្យមាន​ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ​ម៉ាឡេស៊ី មាន​ន័យថា ចិន​បន្ធូរបន្ថយយុទ្ធសាស្រ្តបែបនេះ។ ​

ប្រភព ២ នាក់ បាន​ប្រាប់រ៉យទ័រថា ចិន​ត្រៀមរួចរាល់ក្នុងការអនុញ្ញាត​ឱ្យ​ម៉ាឡេស៊ីប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន​ដើម្បីទាញយករ៉ែកម្រដែល​មាន​ក្នុងស្រទាប់ផែនដីរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយ​នេះ​។ ហើយនេះអាចជាការយកប្រៀបប្រកួតប្រជែងទៅនឹង​ក្រុមហ៊ុនអូស្ត្រាលី Lynas Rare Earths ដែល​មាន​រោងចក្រចម្រាញ់រ៉ែកម្រនៅភាគកណ្ដាលរដ្ឋ Pahang។

មកទល់ពេលនេះ មិនទាន់មាន​ការបញ្ចេញប្រតិកម្ម ឬព័ត៌មាន​ជុំវិញ​បញ្ហា​នេះ ពីភាគីពាក់ព័ន្ធរបស់ម៉ាឡេស៊ី ឬចិន​នៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ​ ប្រភពបាន​អះអាងថា ​គម្រោង​ចម្រាញ់រ៉ែបានប្រឈមមុខនឹងឧបសគ្គជាច្រើន ​រួមទាំងការព្រួយបារម្ភរបស់ចិន ​ថាតើម៉ាឡេស៊ីអាចផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់រោងចក្រដែរឬយ៉ាងណា។

ម៉ាឡេស៊ីឯណោះវិញ ក៏មានការព្រួយបារម្ភផងដែរចំពោះផលប៉ះពាល់បរិស្ថានដែលអាចកើតមាន និងឧបសគ្គ​ផ្លូវច្បាប់ ដោយសារសកម្មភាពរុករករ៉ែជាធម្មតាទាមទារឱ្យ​មាន​ការយល់ព្រម និងអាជ្ញាប័ណ្ណពីអាជ្ញាធររដ្ឋ និងសហព័ន្ធ។ ម៉ាឡេស៊ីបាននិយាយថា ខ្លួនមិនគាំទ្រការជីកយករ៉ែកម្រនៅក្នុងទីតាំងរសើប ដូចជាតំបន់ព្រៃបម្រុងអចិន្ត្រៃយ៍ និងតំបន់​ស្តុកទឹកធម្មជាតិ​នោះទេ។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន​ផលិតកម្មសកល ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ​កំពុងប្រជែងគ្នា ដើម្បីទទួលបានការផ្គត់ផ្គង់​រ៉ែកម្រ ក្រោយ​ចិន​រឹតត្បឹតការនាំចេញរ៉ែកម្រ ដើម្បីឆ្លើយតបទៅនឹង​ការដាក់ពន្ធរបស់សហរដ្ឋអាមេរិក។ ​

មែនទែនទៅ ​ម៉ាឡេស៊ី​មានស្ដុក​​រ៉ែកម្រ​ចំនួន ១៦,១ លាន​តោន (តាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល)​ ប៉ុន្តែ​ខ្វះ​បច្ចេកវិទ្យា​ដើម្បី​ជីក​យក​រ៉ែ និង​​ចម្រាញ់វា។ ​កន្លងមក ម៉ាឡេស៊ីក៏បាន​ហាមក្រុមហ៊ុនផ្សេងៗមិនឱ្យនាំចេញរ៉ែកម្រផងដែរ ដើម្បីកុំឱ្យបាន​បាត់ធនធានរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម