Connect with us

សេដ្ឋកិច្ច

​ពហិការ​ទំនិញ​ថៃ ​ជា​ឱកាស​សម្រាប់​ផលិតករ​ក្នុងស្រុក​

បានផុស

នៅ

លោកបណ្ឌិត គី សិរីវឌ្ឍន៍ ​អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា ​បានលើកឡើងថា ​ការដែលប្រជាពលរដ្ឋកម្ពុជា ធ្វើពហិការ​ទំនិញថៃ ​គឺជាឱកាសសម្រាប់ផលិតករ​ក្នុងស្រុក ពង្រីក​ផលិត​កម្ម ​ដើម្បីផ្គត់ផ្គង់ទីផ្សារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបណ្ឌិត គឺ សិរីវឌ្ឍន៍ ​បានប្រាប់ឱ្យដឹងថា ​ដើមឡើយ ​យើងមិនអាចឆក់យកទីផ្សារ ​ដែលកំពុង​តែ​គាំទ្រ​ផលិតផល​មកពីបរទេស (ថៃ) ​​នោះទេ ​ប្រជាពលរដ្ឋ បាន​ដាក់សេចក្ដីទុកចិត្ត ​ទៅលើ​ទំនិញ​ថៃ​រួច​ទៅហើយ​ ដូច្នេះ ​ផលិតករ​ក្នុងស្រុក ​ដែលយើងទើបតែជាអ្នកចាប់ផ្ដើម ​ចូលទៅក្នុងទីផ្សារ ​មិន​អាច​ទៅដណ្ដើម​ទីផ្សារបាន ​ដោយសារតែសេចក្ដីទុកចិត្តទៅលើគុណភាព។​

​លោកបណ្ឌិត គឺ សិរីវឌ្ឍន៍ បន្ថែមថា៖ «ក៏ប៉ុន្តែនៅពេលនេះ ​ប្រជាពលរដ្ឋ​បានធ្វើពហិការ ​លែង​ប្រើ​ប្រាស់​ទំនិញថៃ ​មួយចំនួនធំ ​ដែលធ្វើឱ្យក្លាយទៅជាឱកាស​ អញ្ចឹងនៅក្នុងឱកាសនេះ ​ប្រសិន​បើ​ផលិតករ​របស់យើង ​គាត់ចាប់ឱកាសនេះបាន ​ហើយពង្រីកផលិតកម្ម ​នោះវាជាឱកាសល្អមួយ ​ក៏​ប៉ុន្តែ ​ជាមួយគ្នានេះ វាត្រូវតែមានការគាំទ្រ ​ពីរដ្ឋាភិបាល ​ប្រសិនបើគ្មានការគាំទ្រពីរដ្ឋាភិបាលទេ ​ផលិតករគាត់ធ្វើហើយ ​គាត់មិនអាចទៅ ​ប្រកួតប្រជែងបាន ​ធ្វើឱ្យគាត់ដួល ក្ស័យធន់ នៅ​ពេល​ខាង​មុខ​ទៀត វាក៏ជាកត្តាមួយរារាំង ​ដែលផលិតករទាំងអស់ ​បច្ចុប្បន្ន គឺគាត់ស្ថិតនៅ​ក្នុង​ស្ថានភាពនេះ»។

​លោកបណ្ឌិត គឺ សិរីវឌ្ឍន៍ ​បញ្ជាក់បន្ថែមថា ​ផលិតករគាត់បារម្ភថា នៅពេលគាត់ចាប់ផ្ដើម សង់​រោង​ចក្រវិនិយោគទៅ ស្រាប់តែបើកឱ្យមានទំនិញថៃចូលមកវិញ ​អញ្ចឹងគាត់លក់មិនបាន ទំនិញថៃ​ចូល​មកលក់​ថោកជាទំនិញក្នុងស្រុក ​គាត់មិនអាចបន្តអាជីវកម្មគាត់បាន គឺធ្វើឱ្យគាត់ខាត។​

​បើតាម លោក បណ្ឌិត គី សិរីវឌ្ឍន៍ ​វាគឺជាឱកាស ទាំងរដ្ឋាភិបាល ទាំងអាជីវករ ទាំងប្រជាពលរដ្ឋ គឺយើង​ត្រូវរួមគ្នា ជាក្រុមតែមួយ យើងប្រើប្រាស់ផលិតផលក្នុងស្រុក អ្នកផលិត ដាក់ដើមទុន​ដើម្បី​បំពេញតម្រូវការក្នុងស្រុក រដ្ឋាភិបាលគាំទ្រការផលិតឱ្យថ្លៃដើមទាប បង្កើនគុណភាព។

នៅពេលនេះ គឺការកសាងទំនុកចិត្តជាមួយអ្នកប្រើប្រាស់ ប្រសិនបើអ្នកប្រើប្រាស់​មានទំនុក​ចិត្ត​ហើយ ការគាំទ្រពីរដ្ឋាភិបាល ការផ្ដល់ការលើកទឹកចិត្តដល់ផលិតករឱ្យគាត់មានប្រាក់ចំណេញ គាត់​លក់​ថ្លៃទាបបាន ថ្ងៃក្រោយទៅទោះបីបើកព្រំដែនឡើងវិញ ក៏ទំនិញថៃ មិនអាចចូលមកដណ្ដើម​ទីផ្សារ​យើងបានដែរ ព្រោះយើងបានកសាងភាពរឹងមាំហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម