Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​កូរ៉េ​ខាង​ត្បុង ចេញ​ដីកា​ឃុំ​​ខ្លួន​លោក Yoon ជា​លើក​ទី​ពីរ

បានផុស

នៅ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវ​បាន​ជាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ជា​លើក​ទី​ពីរ​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ខែ​កក្កដា​នេះ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក បន្ទាប់ពីតុលាការ​កណ្ដាល​ក្រុងសេអ៊ូល បានអនុម័តសំណើរបស់រដ្ឋអាជ្ញាពិសេស Cho Eun-seok ជុំវិញការព្រួយបារម្ភថា អតីតប្រធានាធិបតីអាច«បំផ្លាញព័ស្តុតាង»។

លោក Yoon Suk Yeol (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចោទប្រកាន់​លើ​លោក Yoon រួមមាន ការរំលោភបំពានអំណាច ការរារាំងយុត្តិធម៌ ការក្លែងបន្លំឯកសារ និងការបះបោរ ដែល​ទោស​​ធំ​បំផុត​គឺ​អាច​ប្រឈមនឹងការ​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ឬ​​ទោសប្រហារជីវិត។ លោក​ Yoon ធ្លាប់​ជាប់​ឃុំ​អស់​រយៈពេល ៥២​ថ្ងៃកាលពីខែ​មករា តែ​​​ត្រូវ​បាន​ដោះលែង​ក្នុង​ខែ​មីនា។

យ៉ាង​ណា តុលាការ​បាន​ផ្តល់​ដីកា​ឃុំខ្លួន​ថ្មី ​ដោយ​ហេតុ​បារម្ភ​ថា លោក Yoon អាច​លួច​ហោះ​ចេញ​ក្រៅ​ប្រទេស និង​​​រំខាន​ដល់​សាក្សី ​ក្នុង​ការ​ស៊ើបអង្កេត​​ដែល​កំពុង​បន្ត។

សូម​រឭក​ថា តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានដកលោក Yoon ចេញពីតំណែងកាលពីខែមេសា បន្ទាប់ពីរដ្ឋសភាបានចោទប្រកាន់អតីតប្រធានាធិបតី​រូប​នេះ​សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកក្នុងខែធ្នូឆ្នាំ​២០២៤។ សមាជិកសភាកូរ៉េខាងត្បូង​នៅ​ពេល​នោះ បាន​នាំ​គ្នា​​ហក់​ឡើងលើជញ្ជាំងអគាររដ្ឋសភា ហើយទម្លុះខ្សែការពារ ដើម្បីបោះឆ្នោតប្រឆាំងនឹងច្បាប់អាជ្ញាសឹក​របស់​លោក Yoon។

រដ្ឋាភិបាល​កូរ៉េខាងត្បូង បានតែងតាំងលោក Cho Eun-seok ជារដ្ឋអាជ្ញាពិសេស ដោយដឹកនាំក្រុមរដ្ឋអាជ្ញា និងអ្នកស៊ើបអង្កេតជាង ២០០នាក់ ក្នុង​ករណី​របស់​លោក Yoon ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Lee Jae-myung ឡើងកាន់តំណែងជាប្រធានាធិបតី​ថ្មី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម