Connect with us

កូវីដ-១៩

ដំណឹង​រីករាយ​ កាណាដា​ជាប្រទេសដំបូង​អនុញ្ញាត​វ៉ាក់សាំង​ Pfizer​ សម្រាប់​កុមារ​អាយុ​១២​ទៅ​១៥​ឆ្នាំ

បានផុស

នៅ

ប្រទេស​កាណាដា​បាន​អនុញ្ញាត​​​ឲ្យ​ប្រើ​វ៉ាក់សាំង​ការពារ​កូវីដ-១៩ Pfizer សម្រាប់​ក្មេង​អាយុ​១២​ឆ្នាំ ដល់​១៥​ឆ្នាំ​ហើយ។ ប្រការ​នេះ​បាន​ក្លាយ​ជា​ប្រទេស​ទី​១​ក្នុង​ពិភព​លោក​ដែល​​​បាន​អនុញ្ញាត​ ​ប្រើ​ប្រាស់​បន្ទាន់។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​របស់​ប្រទេស​កាណាដា​ បាន​ធ្វើ​ការ​សម្រេច​ចិត្ត​​នេះ​ដោយ​ផ្អែក​លើ​ទិន្នន័យ​បាន​ពី​ការ​ធ្វើ​តេស្ត​សាក​ល្បងគ្គីនិក​៣​ដំណាក់​កាល​សម្រាប់​កុមារ​ដែល​មាន​អាយុ​ចន្លោះ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ប្រឹក្សា​ក្រសួង​សុខាភិបាល​ម្នាក់​បាន​និយាយ​ថា ៖«នាយកដ្ឋាន​បាន​សម្រេច​ចិត្ត​ថា វ៉ាក់​សាំង​នេះ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៅ​ពេល​ប្រើ​ប្រាស់​សម្រាប់​ក្រុម​ក្មេង​អាយុ​នេះ»។ ក្រុម​ហ៊ុនវ៉ាក់សាំង  Pfizer និយាយ​ថា វ៉ាក់សាំង​របស់​ខ្លួន​ដំណើរ​ការ​ល្អ​សម្រាប់​ក្រុម​ក្មេង​អាយុចន្លោះ​​នេះ។

កាណាដា​បាន​អនុញ្ញាត​​ឲ្យ​ប្រើ​ប្រាស់​រួច​​រាល់​ហើយ​​ចំពោះ​​វ៉ាក់សាំង​ Pfizer សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី​១៦​ឆ្នាំ​ឡើង។

រដ្ឋ Alberta ដែល​មាន​អត្រា​ឆ្លង​កូវីដ-១៩​ខ្ពស់​បំផុត​ក្នុង​ប្រទេសកាណាដា​បាន​និយាយ​ថា ខ្លួន​​នឹង​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​ក្មេង​ចាប់​ពី​អាយុ​១២​ឆ្នាំ​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ខាង​មុខ​នេះ។ កាណាដាមាន​ករណី​ឆ្លង​កូវីដ-១៩​សរុប​​ជាង ១.២​លាន​នាក់ ហើយ​ប្រហែល​ជា​២០​%​គឺ​ជា​មនុស្ស​ដែល​មាន​អាយុ​ក្រោម​១៩​ឆ្នាំ។

កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​កាណាដា​មាន​លក្ខណៈ​យឹត​យ៉ាវ ដោយ​សារ​​​បាន​ពន្យារ​ពេល។ រហូត​ដល់​ពេល​នេះ ប្រជា​ជន​ប្រមាណ​៣៤​%​ទទួល​បាន​ការ​ចាក់​ហោច​ណាស់​ដូស​ទី១ បើ​ប្រៀប​ធៀបធៀប​នឹង​​សហរដ្ឋ​អាមេរិក​ដែល​​បាន​ដល់​ទៅ​៤៤%។ នេះ​បើ​តាម​ទិន្នន័យ Our World in Data។

រដ្ឋាភិបាល​កាណាដា​ក៏​បាន​ប្រឈម​នឹង​ការ​រិះ​គន់​​ចំពោះ​ការ​ទទួល​យក​វ៉ាក់សាំង​តាម​គម្រោង Covax ដែល​ជាកម្មវិធី​វ៉ាក់សាំង​ពី​ប្រទេស​អ្នក​មាន​ជួយ​​ទៅ​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប។

ជា​ផ្នែក​នៃ​ដំណើរ​ការ​អនុម័ត​ វ៉ាក់សាំង Pfizer ​នឹង​បន្ត​ផ្តល់​ព័ត៌មាន​ទៅ​ក្រសួង​សុខាភិបាល​ប្រទេស​កាណាដា​អំពី​សុវត្ថិភាព ប្រសិទ្ធភាព និង​គុណភាព​នៃ​វ៉ាក់សាំង​របស់​ខ្លួន​សម្រាប់​ក្មេង​អាយុ​១២​ដល់​១៥​ឆ្នាំ។

កាល​ពី​ខែ​មីនា វ៉ាក់សាំង Pfizer បាន​និយាយ​ថា លទ្ធផល​នៃ​ការ​សាក​ល្បង​បឋម​ចំពោះ​វ៉ាក់សាំង​របស់ខ្លួន​សម្រាប់​កុមារ​អាយុ​ចន្លោះ​នេះ​មាន​ប្រសិទ្ធភាព ១០០%​ និង​មាន​ប្រតិកម្មភាព​ស៊ាំខ្លាំង​។

រដ្ឋាបាល​ចំណី​អាហារ និង​ឱសថ​សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​ទី​ភ្នាក់​ងារ​វេជ្ជសាស្ត្រ​អឺរ៉ុប​បាន​កំពុង​ត្រួត​ពិនិត្យ​លើ​​​វ៉ាក់សាំង​សម្រាប់​កុមារ​​​ថា​តើ​ពួក​គេ​អាច​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​បន្ទាន់ និង​សង្ឃឹម​ថា នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ឆាប់​ៗ។

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ ​BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម