Connect with us

កូវីដ-១៩

តេស្តពេញមួយថ្ងៃជាង៧០០​នាក់ រកឃើញ​អាជីវករផ្សារច្បារអំពៅ​ចំនួន៣៦នាក់វិជ្ជមាន​កូវីដ​១៩

បានផុស

នៅ

ក្រោយពីបញ្ចប់ការយកសំណាកធ្វើតេស្តលើក្រុមអាជីវករផ្សារច្បារអំពៅ និងអ្នកពាក់ព័ន្ធ កាលពីថ្ងៃម្សិលមិញ ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ចំនួន៧៦៦នាក់។ នេះបើតាមការបញ្ជាក់របស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១៦ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតតែមានការរកឃើញអាជីវករបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែលោកអភិបាលខណ្ឌច្បារអំពៅ ថាមិនទាន់មានគោលការណ៍ណាមួយជុំវិញការបិទផ្អាកផ្សាច្បារអំពៅជាបណ្តោះអាសន្ននោះទេ ពោលគឺគ្រាន់តែពង្រឹងលើការអនុវត្តវិធានសុខា​ភិ​បាល ៣កុំ ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ កុំឱ្យមានការឆ្លងរីករាលដាលបន្តទៀត។

កាលពីថ្ងៃទី១៥ ខែកក្កដា ម្សិលមិញ បន្ទាប់រកឃើញមានអាជីវករក្នុងផ្សារច្បារអំពៅ មានវិជ្ជមានកូវីដ១៩ គណៈគ្រប់គ្រងផ្សារច្បារ និងអាជ្ញាធរ បានណែនាំឲ្យក្រុមអាជីវកររួសរាន់ទៅយកសំណាកនៅក្នុងបរិវេណសាលាបឋមសិក្សារច្បារអំពៅ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដែលមានក្រុមគ្រូពេទ្យយកសំណាកពេញមួយថ្ងៃម្សិលមិញតែម្តង។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ នៅរាជធានីភ្នំពេញបានរកឃើញមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅតាមផ្សារនានា ហើយមកទល់ពេលនេះមានផ្សារចំនួន៣ហើយ នៅរាជធានីភ្នំពេញ បានកំពុងបិទផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ លើកម្មករ បុគ្គលិក និងអាជីវករក្នុងផ្សារជាច្រើននាក់។

ផ្សារចំនួន៣ដែលកំពុងបិទផ្អាកជាបណ្តោះអាសន្ននេះ រួមមាន ផ្សារអូឡាំពិក ក្នុងខណ្ឌបឹងកេងកង ផ្សារដើមស្រល់ ក្នុងខណ្ឌជ្រោយចង្វា និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ ជាដើម៕ អត្ថបទ៖ ពុធិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម