Connect with us

កូវីដ-១៩

តេស្ត​សំណាក​លើ​ទី​៣ លើ​ពលរដ្ឋ​រស់នៅ​ផ្លូវ​៣៥ នៃ​សង្កាត់​ចាក់អង្រែ​ក្រោម លទ្ធិ​ផល​អវិជ្ជមាន​ទាំងអស់

បានផុស

នៅ

រាជធានី​ភ្នំពេញ ៖ នៅវេលា​ល្ងាច​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បាន​បន្ត​ចុះ​ធ្វើ​សំណាក​ជា​លើក​ទី​៣ លើ​បងប្អូន​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៥ ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដែល​បាន​ជាប់​ក្នុង​ការបិទ​ខ្ទប់​របស់​អាជ្ញាធរ ពាក់ព័ន្ធ​នឹង​វីរុសបម្លែង​ថ្មី ដែល​តា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​តេ​ស្ត​សំណាក​លើក​ទី​៣​នេះ បាន​តេ​ស្ត​ពលរដ្ឋ​រស់នៅ​លើផ្លូវ​ខាងលើ សរុប ៦៩​នាក់ ហើយ​ជាល​ទ្ធិ​ផល បញ្ជាក់ថា ពួកគេ​អវិជ្ជមាន​នូវ វីរុសបម្លែង​ថ្មី​ដែល​តា ទាំងអស់គ្នា ។ យ៉ាងណាមិញ គិត​ត្រឹម​ល្ងាច​ថ្ងៃខែ​ដដែល​នេះ ក្រុម​ពលរដ្ឋ​ខាងលើ បាន​ជាប់​ក្នុង​ការបិទ​ខ្ទប់​អស់​រយៈពេល​១៦​ថ្ងៃ​កន្លង​ទៅហើយ។

​គួររំលឹកថា កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីសម្រេច បន្ត​ការបិទ​ខ្ទប់​បណ្តោយ​ផ្លូវ​លេខ​៣៥​ខាងលើ រយះពេល​៧​ថ្ងៃ​បន្តទៀត គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ និង​កាត់ផ្តាច់​ការឆ្លង​រាលដាល​នូវ​មេរោគ​បម្លែងខ្លួន​ថ្មី ប្រភេទ​ដែល​តា ( delta ) នៅក្នុង​សហគមន៍។

ទន្ទឹមនឹង​ការចេញ សេចក្តីសម្រេច​ថ្មី​នេះ​មក ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​៣៥ បាន​ផ្ទុះ​ការតវ៉ា​ទាមទារ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​បិទ​បញ្ចប់​ការបិទ​ខ្ទប់ ខ​ណះ​ពួកគាត់​ជាប់​ក្នុង​ការបិទ​ខ្ទប់​១៤​ថ្ងៃ​កន្លង​ទៅហើយ ដោយ​ពុំបាន​ចេញទៅ​ប្រកបមុខរបរ​រកស៊ី​ផ្សេងៗ ដើម្បី​ចិញ្ចឹម​ជីវភាព​ឡើយ។

​បន្ទាប់ពី​កើតមាន​ការតវ៉ា​រួចមក អាជ្ញាធរ​សង្កាត់​ចាក់អង្រែ​ក្រោម ដឹកនាំ​ដោយ​លោក​ជា សុ​ខៃ ចៅសង្កាត់ បាន​ចុះ​ធ្វើការ​សម្របសម្រួល បងប្អូន​ពលរដ្ឋ​ដែល​តវ៉ា ដោយ​អោយ​ពួកគាត់​រក្សា​ភាពស្ងប់ស្ងាត់ និង​សូម​ចូល​តាម​លំនៅឋាន​រៀងៗ​ខ្លួន​សិន អាជ្ញាធរ​សង្កាត់​នឹង​យក​ការស្នើ​របស់​បងប្អូន រាយការណ៍​បន្ត​ជូន​ដល់​ថ្នាក់លើ ដើម្បី​សុំ​គោលការណ៍​សម្រេច ក្នុងការ​បង្កើត​គ​ណៈក​ម្មា​ការចុះ​វាយតម្លៃ​ជាមុនសិន មុន​អនុ​ញ្ញាត​ឲ្យ​មាន​ការបិទ​បញ្ចប់​ការបិទ​ខ្ទប់​តាម​ការស្នើ​សុំ​របស់​បងប្អូន​ដែល​កំពុង​ជាប់​ក្នុង​ការបិទ​ខ្ទប់​ខាងលើនេះ។

​មន្ត្រី​អាជ្ញាធរ​សង្កាត់​មួយរូប បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ក្រុម​គ្រូពេទ្យ​សហការ​គ្នា​ជា​មួយ​ក្រុម​អាជ្ញាធរ​សង្កាត់ បាន​បន្ត​រក​ឃើញ អ្នក​វិជ្ជមាន វីរុសបម្លែង​ថ្មី​ប្រភេទ​ដែល​តា លើ​ពលរដ្ឋ​ប្រមាណ​ជិត​៣០​នាក់ ដែល​រស​នៅតាម​បណ្តោយ​ផ្លូវលំ​មួយ ជាប់​កែង​នឹង​ផ្លូវ​លេខ​៣៥​ខាងលើ​តែម្តង ។ យ៉ាងណាមិញ បច្ចុប្បន្ន​ផ្លូវលំ​នោះ​ក៏​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ផងដែរ។

មន្ត្រី​ដដែល​បន្តថា គិត​ចាប់​តាំង​កើត​មាន វីរុសបម្លែង ថ្មី​ដែល​តា ( Delta ) មក សម្រាប់​ភូមិសាស្ត្រ​សង្កាត់​ចាក់អង្រែ​ក្រោម មាន​អ្នក​វិជ្ជមាន​វីរុស​នេះ​សរុប​៣២​នាក់​ហើយ។

គួរ​រំលឹក​ថា កាលពី​វេលាយប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ សហការ​ជាមួយ​អាជ្ញាធរ បាន​ចុះទៅ​ធ្វើ​សំណាក​លើ​ក្រុម​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ចំនួន​៧០​នាក់ ហើយ​រកឃើញ​មាន​បុរស​ម្នាក់ វ័យ​៣៥​ឆ្នាំ មាន​វិជ្ជមាន វីរុសបម្លែង​ថ្មី ក៏​រហូតដល់​ព្រឹក​ថ្ងៃទី​១៣ ខែ​ឆ្នាំ​ដដែល អាជ្ញាធរ បានសម្រេច​ធ្វើការ​បិទ​ខ្ទប់​បណ្តោយ​ផ្លូវ​លេខ​៣៥​ខាងលើ​នេះ​ទាំងស្រុង​តែម្តងទៅ។

អធិការ​នគរបាល​ខ​ណ្ឌ​មានជ័យ លោក​វរសេនីយ៍ឯក ម៉េង វិមាន​តា​រ៉ា បាន​ប្រាប់​អោយដឹងថា មុន​ឈានដល់​ការចុះ​យក​សំណាក​លើ​បងប្អូន​ពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ គឺ​ដំបូង​ឡើយ ក្រុមគ្រូពេទ្យ​បាន​រកឃើញ កុមារី​ម្នាក់ ឈ្មោះ កៅ ច​ន្ធូ អាយុ​០៧​ឆ្នាំ មាន​វិជ្ជមាន វីរុសបម្លែង​ថ្មី​ដែល​តា ដោយ​នាង​ជា​អ្នករស់នៅ​ទីនោះ​ជាមួយ​ឪពុកម្តាយ ។ ក្រោយ​ពិនិត្យឃើញ មាន​វិជ្ជមាន​ហើយ​នោះ ក៏​ក្រុមគ្រូពេទ្យ ឈានទៅ​ធ្វើការ​តេ​ស្ត​សំណាក​ជា​បន្តបន្ទាប់ រហូតដល់​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ មានការ​សម្រេច​ធ្វើ​ការបិទ​ខ្ទប់​បណ្តោយ​ផ្លូវ​ខាងលើ​តែម្តងទៅ។

​គួរ​បញ្ជាក់ថា លំនៅឋាន​សរុប​នៅ​បណ្តោយ​ផ្លូវ​លេខ​៣៥​ខាងលើ មាន​៤៣​ខ្នង​ផ្ទះ ដែលមាន​ចំនួន​មនុស្ស​សរុប​៧០​នាក់ ។ បច្ចុប្បន្ន​បណ្តោយ​ផ្លូវ​ខាងលើ នៅ​បន្ត​បិទ​ខ្ទប់​ដដែល ដោយមាន​កម្លាំង​អាជ្ញាធរ​ចម្រុះ នៅ​ប្រចាំ​យាមកាម​ការពារ​សន្តិសុខ​នៅ​ជុំវិញ​តំបន់​ផងដែរ៕

ដោយ ៖ លី​ហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម