ជីវិតកម្សាន្ដ
អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា យល់ថា ហ្វីយ៉ាតា ជាបវរកញ្ញាកម្សត់ជាងគេ ក្នុងចំណោមបេក្ខភាពតំណាងជាតិកន្លងមក
មហាជនដែលជាគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា យល់ថា ថៃ នារីសុជាតា ជាបវរកញ្ញាកម្សត់ជាងគេ ក្នុងចំណោមបេក្ខភាពតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិនាពេលកន្លងមក ដោយហេតុថា ចាប់តាំងពីក្លាយជាម្ចាស់មក្កុដ MUC 2025 បវរកញ្ញារូបនេះ តែងជួបប្រទះនឹងរឿងរ៉ាវប៉ះទង្គិចផ្លូវចិត្តជារឿយៗ។ ខណៈធ្ងន់ធ្ងរបំផុត គឺមុនពេលចាកចេញពីកម្ពុជាដើម្បីទៅប្រកួតនៅប្រទេសថៃ ហ្វីយ៉ាតា ត្រូវបានក្រុមហ៊ុន អុីឡឺវេនធូ9 ឯ.ក (ElevenTo9 Co., Ltd) ចេញសេចក្តីសម្រេចថា មិនបញ្ជូនម្ចាស់មកុដកញ្ញាឯកចក្កវាឡ កម្ពុជា ទៅចូលរួមប្រកួតសម្រស់ក្នុងកម្មវិធី Miss Universe លើកទី ៧៤ ដែលប្រព្រឹត្តទៅនៅឯព្រះរាជាណាចក្រថៃឡើយ។

បើប្រឡេកមើលស្ថានភាព ហ្វីយ៉ាតា កំឡុងពេលចាប់ផ្តើមចូលប្រកួតភ្លាម បវរកញ្ញារូបនេះ ត្រូវបានអ្នកមិនពេញចិត្តមួយចំនួន ចេញមកបើកកកាយអតីតកាលចាស់ៗរបស់ខ្លួនជាហូរហែរ។ បន្ទាប់មក ក្រោយកាន់តំណែងជាម្ចាស់មកុដ Miss Universe Cambodia 2025 ហ្វីយ៉ាតា ក៏ត្រូវបានអ្នកមួយចំនួន ចេញមកសម្តែងការមិនពេញចិត្ត ដោយរិះគន់ថា តំណែងម្ចាស់មកុដនោះ បានដោយការប្រើលុយទៅទិញដើម្បីបានតំណែងបវរកញ្ញាចក្រវាលកម្ពុជា។
មិនតែប៉ុណ្ណោះ មុនចេញទៅប្រកួតនៅប្រទេសថៃមួយថ្ងៃ ក៏មានការប្រកាសមួយដើម្បីបង្អាក់ដំណើររបស់បវរកញ្ញាតំណាងកម្ពុជារូបនេះ រហូតធ្វើឱ្យ ហ្វីយ៉ាតា រៀបចំវ៉ាលីបណ្តើរ សម្រក់ទឹកភ្នែកបណ្តើរ។ ខណៈសកម្មភាពនេះ ធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញា និងអ្នកម្តាយជាទីស្រលាញ់របស់គាត់ បង្ហាញក្តីអាណិតអាសូរដល់ម្ចាស់មកុដនេះជាពន់ពេក ដែលត្រូវមករងសម្ពាធទាំងក្នុង ទាំងក្រៅ។

គួរជម្រាបថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា (នាវេលាម៉ោង ៩ព្រឹក) ពោលគឺមុនថ្ងៃចេញដំណើរមួយថ្ងៃរបស់ ហ្វីយ៉ាតា ស្រាប់តែក្រុមហ៊ុន អុីឡឺវេនធូ9 ឯ.ក (ElevenTos Co., Ltd) បានបង្ហោះសេចក្តីជូនដំណឹងជាសាធារណៈ ដែលបញ្ជាក់ពីការសម្រេចមិនបញ្ជូន ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា នៃកម្មវិធី Miss Universe Cambodia 2025 ទៅប្រកួតនៅប្រទេសថៃឡើយ ក្រោមហេតុផលថា “បានព្យាយាមទំនាក់ទំនងទៅតាមរយៈលេខទូរស័ព្ទ តាមឆាតតេឡេក្រាម និងចេញលិខិតអញ្ជើញឱ្យមកចូលរួមប្រជុំពិភាក្សាអំពីការចូលរួមប្រកួតកម្មវិធី ប៉ុន្តែសាមុីខ្លួនបានបដិសេធមិនចូលរួម“។
ជុំវិញរឿងរ៉ាវនេះ មេធាវីតំណាង ហ្វីយ៉ាតា បញ្ជាក់ថា ខ្លឹមសារដែលក្រុមហ៊ុនខាងលើបានប្រកាស ពិតជាប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ ប្រជាប្រិយភាព និងការងាររបស់ ហ្វីយ៉ាតា ដោយហេតុនេះ មេធាវីតំណាង ក៏បានធ្វើការបំភ្លឺជុំវិញរឿងរ៉ាវនេះ ដោយគូសបញ្ជាក់ថា ហ្វីយ៉ាតា មិនដូចការចោទប្រកាន់ខាងលើឡើយ។
ជាក់ស្តែង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ មានគណនីតេឡេក្រាម (TELEGRAM) ឈ្មោះ Sum Reaksa បានអះអាងថា ជាជំនួយការបងវីន ដែលបានផ្ញើនូវលិខិតជូនដំណឹងដល់ឈ្មោះ ថៃ នារីសុជាតា អញ្ជើញចូលមកធ្វើកិច្ចសន្យាបេក្ខភាពទាំង៥ របស់កម្មវិធី កញ្ញាឯក ចក្កវាឡកម្ពុជា (Miss Universe Cambodia) ឆ្នាំ២០២៥ ដោយបានកំណត់យក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២រសៀល។
ប៉ុន្តែដោយសារជាប់រវល់ការងារថតផង ការរៀបចំសម្ភារៈសម្រាប់ការប្រកួត និងមានបញ្ហាសុខភាពផង ទើបរហូតដល់ម៉ោង ៨:៣៥យប់ សាមុីខ្លួនបានឃើញសារពីគណនីតេឡេក្រាមឈ្មោះនោះ និងបានឆ្លើយតបវិញដែរថា អធ្យាស្រ័យថ្ងៃស្អែកនាងខ្ញុំមិនបានចូលរួមទេ ដោយជាប់រវល់ការងារថត ដែលមានគម្រោងតាំងពី ២អាទិត្យមុន ដោយថាបងទើបទាក់ទងមក។
លុះថ្ងៃបន្ទាប់ វេលាម៉ោង ១៧:២៧ នាទី រសៀល គណនីតេឡេក្រាមដដែល បានផ្ញើសារហ្វីយ៉ាតាម្ដងទៀតថា “សួស្តីបង តើថ្ងៃស្អែក បងអាចមានពេលចូលរួមចុះកុងត្រាជាមួយខាងក្រុមហ៊ុនបានឬទេ?” ត្រង់ចំណុចនេះ មានន័យថា ក្រុមហ៊ុនខាងលើ មានបំណងណាត់ ហ្វីយ៉ាតា ដើម្បីចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ពុំមែនអញ្ជើញទៅចូលរួមប្រជុំ ពិភាក្សាអំពីការចូលរួមប្រកួតកម្មវិធី Miss Universe ដូចមានក្នុងខ្លឹមសារ នៃលិខិតជូនដំណឹង ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នោះឡើយ។ ឯការពន្យាពេលទៅជួប គឺទទួលបានការយល់ព្រមតាមរយៈការកំណត់ពេលជាថ្មី ដែលមានការឆ្លើយឆ្លង រវាងរបស់ ហ្វីយ៉ាតា និងតំណាងរបស់ក្រុមហ៊ុនផងដែរ។
យ៉ាងណា ជុំវិញរឿងរ៉ាវនេះ ក៏បង្កជាផ្ទុះការវែកញែកពេញបណ្តាញសង្គម និងកំពុងដាក់បន្ទុកលើអតីតម្ចាស់មកុដបវរកញ្ញាចក្រវាល ឆ្នាំ២០២៤ ។

ដ្បិតតែប្រឈមបញ្ហាពីមួយទៅមួយ តែម្ចាស់មកុដរូបនេះ នៅតែតស៊ូរឹងមាំក្នុងការបោះជំហានទៅកាន់ការប្រកួតកម្មវិធីសម្រស់លើឆាកអន្តរជាតិ ដែលរៀបចំធ្វើនៅថៃដដែល ដោយបានចេញដំណើរពីមាតុភូមិកម្ពុជា កាលពីព្រឹកម្សិលមិញនេះ ជាមួយនឹងវត្តមានអ្នកគាំទ្រជាច្រើនចាំជូនដំណើរ និងមានវត្តមានលំដាប់រងទី៣ ពេជ្រ វត្តីសារាវឌ្ឍី ចូលរួមជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។ ប៉ុន្មានម៉ោងបន្ទាប់ ហ្វីយ៉ាតា ក៏បានទៅដល់ទឹកដីថៃនៅរសៀលថ្ងៃដដែល ដោយទទួលបានស្វាគមន៍ពីអ្នកគ្រប់គ្រងស្ថាប័ន MUI ផងដែរ។


គួររំលឹកថា ចាប់តាំងពីគ្រងមកុដនេះមក ហ្វីយ៉ាតា តែងបង្ហាញការត្រៀមខ្លួនហ្វឹកហាត់យ៉ាងស្វាហាប់ និងបានប្រាក់ពីមូលហេតុដែលជំរុញចិត្តរបស់ខ្លួន ដែលត្រូវតែទៅប្រកួតផងដែរថា “ចាប់តាំងពីចូលមកប្រកួតយើងដឹងហើយថាកម្មវិធីនឹងប្រព្រឹត្តនៅប្រទេសណា ហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថា បើសិនជាខ្ញុំឈ្នះមកុដ ឆាកអន្តរជាតិទាំងមូលអត់អាចខ្វះទង់ជាតិរបស់ប្រទេសកម្ពុជាយើងបានទេ ហើយពាក្យហ្នឹងគឺនៅក្នុងខួរក្បាលខ្ញុំវិលទៅវិលមករហូត។ ហើយពេលនេះ ខ្ញុំអាចឈ្នះបានមកុដតំណាងឱ្យប្រទេសកម្ពុជាហើយ ហេតុអីបានខ្ញុំអត់អាចយកទង់ជាតិខ្មែរយើងទៅលើឆាកហ្នឹងបាន អ៊ីចឹងខ្ញុំគិតថា ទោះបីជាមានឧបសគ្គធំនៅខាងមុខ ឬក៏មិនមាន ឬណាយ៉ាងណាក៏ដោយ តែការប្ដេជ្ញាចិត្តរបស់ខ្ញុំដែលត្រូវយកទង់ជាតិកម្ពុជាទៅលើឆាកអន្តរជាតិត្រូវតែបន្ត”។
ម្យ៉ាងទៀត បវរកញ្ញារូបនេះ ក៏ទទួលបានដំណឹងពី ND ផ្ទាល់ ដែលបានពិភាក្សាជាមួយខាងកម្មវិធីអន្តរជាតិ ហើយខាងកម្មវិធី MU ក៏ផ្ដាំទៅ ND កម្ពុជាវិញថា គេមិនចង់ឱ្យបាត់បង់បេក្ខភាពពីប្រទេសណាមួយទេ គឺគេចង់ស្វាគមន៍កម្ពុជាឱ្យទៅប្រកួតទាំងអស់គ្នា។
បច្ចុប្បន្ន បើទោះបីជា ហ្វីយ៉ាតា តែងបង្ហាញស្នាមញញឹម តែងអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា សុទ្ធតែមើលឃើញពីសម្ពាធដែលបវរកញ្ញារូបនេះត្រូវប្រឈម ពិសេសស្របពេលដែលក្រុមជ្រុលនិយមថៃ កំពុងរើសអើងកម្ពុជា។ យ៉ាងណា សាធារណជន ក៏ដូចជាអ្នកក្នុងចង្កោមសិល្បៈ បានចេញមុខបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ ហ្វីយ៉ាតា ដែលចេញទៅប្រកួត Miss Universe 2025 នៅឯប្រទេសថៃផងដែរ៕







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


